ជាតិ
សង្គមជាតិ
លោក នេត សាវឿន ប្រាប់នគរបាលត្រូវប្រកាន់ឫកពាសមរម្យ ពេលចុះអនុវត្តច្បាប់ រូបថត លោក នេត សាវឿន អគ្គស្នងការនគបាលជាតិ
×
ភ្នំពេញ៖ លោក នេត សាវឿន អគ្គស្នងការនគរបានជាតិ បានបញ្ជាស្នងការនគរបាលរាជធានីខេត្តទូទាំងប្រទេស ត្រូវពង្រឹងសមត្ថភាព និងគុណភាពនគរបាល ជាពិសេសគឺ កែប្រែឥរិយាបថកម្លាំងនគរបាលឲ្យសមរម្យ ពេលចុះអនុវត្តច្បាប់។ លោកបញ្ជាក់ថា បើមន្ត្រីនគរបាលប្រព្រឹត្តល្មើស ត្រូវអនុវត្តតាមច្បាប់។ នេះបើតាមការផ្សាយរបស់អគ្គស្នងការដ្ឋាននគបាលជាតិ។
លោក នេត សារឿន នៅតែកង្វល់ពីការអនុវត្តច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ស្របពេលអត្រាគ្រោះថ្នាក់ចរាចរណ៍កើនឡើងក្នុងរយៈពេល ២សប្ដាហ៍ ដើមឆ្នាំ២០១៧នេះ។ តាមគេហទំព័រនគរបាលជាតិ លោក នេត សាវឿន បានណែនាំស្នងការនគរបាលរាជធានីខេត្តត្រូវចុះអប់រំ ណែនាំមុខសញ្ញាដែលងាយគ្រោះថ្នាក់ចរាចរណ៍ជាប្រចាំ រួមមាន រថយន្តដឹកកម្មករ-កម្មការិនី រថយន្តដឹកអ្នកដំណើរ ជាពិសេសអ្នកបើកបរម៉ូតូ និងអ្នករួមដំណើរ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឲ្យកាន់តែល្អប្រសើរឡើង។
«ស្នងការដ្ឋាននគរបាលរាជធានីខេត្ត ត្រូវពង្រឹងលើសមត្ថភាព គុណភាព ជាពិសេសកែប្រែឥរិយាបថ កងកម្លាំងនគរបាល ប្រសិនបើមានមន្ត្រីនគរបាលណាដែលប្រព្រឹត្តខុសច្បាប់ ត្រូវអនុវត្តទៅតាមច្បាប់»។ នគរបាលជាតិស្រង់សម្តីលោក នេត សាវឿន ណែនាំនគរបាលបន្ថែម នៅថ្ងៃទី២០ ខែមករានេះ។
លោកនាយឧត្តមសេនីយ៍ នេត សាវឿន បានជំរុញស្នងការនគរបាលរាជធានីខេត្តបែបនេះ ក្នុងកិច្ចប្រជុំបង្កើនការរឹតបន្តឹងច្បាប់ស្ដីពី ចរាចរណ៍ផ្លូវគោក នាអគ្គស្នងការដ្ឋាននគរបាលជាតិ។
ក្រៅពីណែនាំការងារកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ លោក នេត សាវឿន សង្កេតឃើញបញ្ហាប្រឈមមួយចំនួនទៀតដែលតម្រូវឲ្យនគបាលដោះស្រាយ រួមមាន បញ្ហាសណ្តាប់ធ្នាប់ និងកកស្ទះចរាចរណ៍ និងការបែងចែកកម្លាំងចុះអន្តរាគមន៍តាមគោលដៅឲ្យទាន់ពេលវេលា ជាដើម។
ក្នុងឱកាសនោះដែរ លោកនាយឧត្តមសេនីយ៍ បានប្រគល់ឧបករណ៍សម្រាប់វាស់ល្បឿនដល់ស្នងការដ្ឋាននគរបាលខេត្តមួយចំនួន សរុបចំនួន ១០ គ្រឿង ដើម្បីសម្រួលការងារអនុវត្តច្បាប់ចរាចរណ៍ផង។
តាមរបាយការណ៍គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក រយៈពេល ១៤ថ្ងៃ ពីថ្ងៃទី១ ដល់១៤ ខែមករា ឆ្នាំ២០១៧នេះ អត្រាគ្រោះថ្នាក់ចរាចរណ៍បានកើតឡើង ១៦៦លើក (ពេលយប់ ៥៤ភាគរយ) ដែលបណ្តាលឲ្យអ្នកបើកបរស្លាប់ចំនួន ៨០នាក់(អ្នកជិះម៉ូតូ ៧៨ភាគរយ) និងរបួសចំនួន ២៥២នាក់។ អត្រាគ្រោះថ្នាក់កើនឡើង ១៩លើក ស្មើនឹង ១១ភាគរយ បើនឹងធៀបរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៦ ។
មូលហេតុបង្កគ្រោះថ្នាក់ រួមមាន ការបើកបរហួសល្បឿន ៣១ភាគរយ ស្រវឹង ១៣ភាគរយ មិនគោរពសិទ្ធ ១៣ភាគរយ បត់ ១៤ភាគរយ ជែងប្រហែស ១១ភាគរយ និងមិនប្រកាន់ស្ដាំ ១២ភាគរយ៕
Tag:
នេត សាវឿន
ចរាចរណ៍
នគរបាលជាតិ
© រក្សាសិទ្ធិដោយ thmeythmey.com