ជាតិ
​​​ន​យោ​បាយ​ជាតិ​
បណ្តឹង​៨ របស់​បក្ស​កាន់អំណាច​ហ៊ុមព័ទ្ធ​ឯកឧត្តម សម រង្ស៊ី
21, Jan 2017 , 11:19 am        
រូបភាព
​ភ្នំពេញ​៖ មកដល់ពេលនេះ ឯកឧត្តម សម រង្ស៊ី បាន​រង​បណ្តឹង​ចំនួន​៨​។ បណ្តឹង​ខ្លះ ត្រូវបាន​ជម្រះ​រួចហើយ ដែល​អាច​ឲ្យ​ឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគារ​ដល់​ទៅ​៥ ឆ្នាំ និង​បង់ប្រាក់​ប្រហែល​៥​ម៉ឺន​ដុល្លារ​។ អ្នកវិភាគ​នយោបាយ ចាត់ទុក បណ្តឹង​ខាងលើ​ថា ជា​សម្ពាធ សម្រាប់​ឯកឧត្តម សម រង្ស៊ី ក្នុងការ​បន្តជីវិត​ន​យោ​បាយ​នៅ​កម្ពុជា​។ ប៉ុន្តែ អ្នកនាំពាក្យ​បក្ស​អំណាច ធ្លាប់​ច្រានចោល​ជាច្រើនលើក​មកហើយ ចំពោះ​ការអះអាង​របស់​អ្នកវិភាគ បែបនេះ​។



​ក្នុង​អាណត្តិ​ទី​៥​នេះ ឯកឧត្តម សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ បាន​រង​បណ្តឹង​រហូត​ទៅដល់​ចំនួន​៨​ឯណោះ​។ បណ្តឹង​ទាំងនេះ សុទ្ធតែ​ប្តឹង​ដោយ​អ្នកគាំទ្រ និង​មន្ត្រី រួមទាំង​មេដឹកនាំ​ជាន់ខ្ពស់​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​។  

​អ្វីដែល​គួរ​ឲ្យ​គត់​សម្គាល់​មួយទៀត​នោះ ឯកឧត្តម សម រង្ស៊ី មិន​ត្រឹមតែ​ហ៊ុមព័ទ្ធ​ទៅដោយ​បណ្តឹង​ប៉ុណ្ណោះ​ទេ តែ​ថែមទាំង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​វិល​ត្រឡប់មក​កម្ពុជា​ថែមទៀត​។ កាលពី​ប៉ុន្មាន​ខែ​មុន រដ្ឋាភិបាល​បាន​ហាម​ក្រុមហ៊ុន​អាកាសចរណ៍​នានា មិន​ឲ្យ​ដឹក​ឯកឧត្តម សម រង្ស៊ី ចូលមកក្នុង​ប្រទេស​ក​ម្ពុ​ជា ក្រោម​មូល​ហេតុថា ខ្លាច​ឯកឧត្តម សម រង្ស៊ី ប្រព្រឹត្ត​សកម្មភាព​ណាមួយ ដែល​អាច​បង្ក​អសន្តិសុខ​ដល់​សង្គម​។ 

​បើទោះបីជា​រង​បណ្តឹង​យ៉ាងច្រើន​សន្ធឹកសន្ធាប់​បែបនេះ​ក្តី ឯកឧត្តម សម រង្ស៊ី មិនបាន​ព្រួយបារម្ភ​អ្វី​ឡើយ​។ ផ្ទុយទៅវិញ ឯកឧត្តម សម រង្ស៊ី បែរជា​ថ្លែងថា នៅពេលដែល​មេដឹកនាំ​បក្ស​កាន់អំណាច បន្ត​ប្តឹង​ខ្លួន កាន់តែច្រើន​បែបនេះ វា​កាន់តែ​ល្អ​ទៅវិញ​។ ថ្មីៗ​នេះ ឯកឧត្តម សម រង្ស៊ី បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា​៖«​ខ្ញុំ​មិន​ខ្វល់​ទេ ដែល​គេ​ប្តឹង​ខ្ញុំ ព្រោះ​ខ្ញុំ​និយាយ​ការពិត​។ [….] ខ្ញុំ​សប្បាយចិត្ត​តើ មែនទែនទៅ​។ ខ្ញុំ​អបអរសាទរ​។ ប្តឹង​ខ្ញុំ​កាន់តែច្រើន​កាន់តែ​ល្អ ពីព្រោះ វា ជា​ឱកាស​ឲ្យ​ខ្ញុំ​បាន​លាតត្រដាង​ការពិត​កាន់តែ​ច្បាស់លាស់​ថែមទៀត​»​។

​លោក សូ ចន្ថា អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​នៅ​កម្ពុជា បានចាត់ទុក​បណ្តឹង​ទាំងនេះ ថា​ជា​សម្ពាធ​ដ៏​ធំ ដែល​គ្រប​ប​ដណ្តប់​លើ​ជីវិត​នយោបាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី បើទោះបីជា​ឯកឧត្តម សម រង្ស៊ី​ខ្លួនឯង នៅតែ​ព្យាយាម​អះអាងថា មិន​ខ្វល់​ក៏ដោយចុះ​។ លោក និយាយថា​៖«​បើតាម​ទស្សនៈ​ខ្ញុំ ខ្ញុំ​គិតថា អ្នកនយោបាយ មិន​គួរប្រើ​តុលាការ ដើម្បី​ដាក់​សម្ពាធ​គូរ​ប្រកួត​នោះទេ​»​។​

​អ្នកវិភាគ​រូបនេះ​បាន​បន្តទៀតថា ការប្រើ​យន្តការ​តុលាការ​បែបនេះ​បង្ហាញថា បក្ស​កាន់អំណាច​ហាក់​ខ្លាច​ប្រជាប្រិយភាព​របស់​មេបក្ស​ប្រឆាំង​។ ម្យ៉ាងទៀត បក្ស​កាន់អំណាច ទំនងជា​ចង់​ផាត់​មេបក្ស​ប្រឆាំង ចេញពី​ឆាកនយោបាយ​នៅ​កម្ពុជា ទើប​បន្ត​ប្រើ​យន្តការ​តុលាការ​ដូច្នេះ​។ នេះ​ជាការ​បន្ថែម​របស់លោក សូ ចន្ថា​។​

​យ៉ាងណា លោក សូ ចន្ថា សង្ឃឹមថា បណ្តឹង​ទាំង​អម្បាលម៉ាន អាច​នឹង​រលត់ទៅវិញ ប្រសិនបើ​ស្ថានភាព​នយោបាយ វិល​ទៅរក​ប្រក្រតីភាព​ឡើងវិញ នៅ​ថ្ងៃ​ណាមួយ​។

​ចំណែកឯ​លោក មាស នី ដែលជា​អ្នកវិភាគ​មួយរូប​ទៀត​នោះ បានចាត់ទុក​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី ថា​ជា​បញ្ហានយោបាយ​។ លោក និយាយថា វា ជា​បំណង​របស់​បក្ស​កាន់អំណាច ដែល​មិន​ចង់​ឯកឧត្តម សម រង្ស៊ី វិល​មក​កម្ពុជា​វិញ ទើប​ព្យាយាម​ប្រើ​វិធី​នៃ​ការប្តឹង​ដូច្នេះ​។ អ្នកវិភាគ​រូបនេះ និយាយថា​៖«​បើ​ចាប់គាត់ (​ឯកឧត្តម សម រង្ស៊ី​) ក៏​មិនកើត តែបើ​ទុក​ឲ្យ​គាត់​មាន​សេរីភាព​ក៏​មិនកើត ព្រោះ​វា អាចមាន​គ្រោះ​ថា្នក់​ដល់​ប្រជាប្រិយភាព​បក្ស​កាន់អំណាច​។ អ៊ីចឹង មានតែ​ធ្វើ​យ៉ាងម៉េច​កុំ​ឲ្យ​គាត់​ចូល​ស្រុក​តែម្តងទៅ​»​។

​ទាក់ទង​នឹង​ការលើកឡើង​ខាងលើ សារព័ត៌មាន​ថ្មីៗ មិនអាច​ទាក់ទង​មន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​សុំ​ការឆ្លើយតប បាន​នោះទេ​។ យ៉ាងណា កន្លងមក អ្នកនាំពាក្យ​បក្ស​កាន់អំណាច ធ្លាប់​បដិសេធ​ជាច្រើនលើក​ច្រើនសា​មកហើយ ថា​សំណុំរឿង​របស់​ឯកឧត្តម សម រង្ស៊ី រួមទាំង​សំណុំរឿង​របស់​សកម្មជន​បក្សប្រឆាំង​ផ្សេងទៀត មិន​ជាប់​ពាក់ព័ន្ធ​នឹង​បញ្ហានយោបាយ​ឡើយ តែ​វា ជា​នីតិវិធី​របស់​តុលាការ ដែល​ត្រូវអនុវត្ត​ចំពោះ​ជនល្មើស​។ អ្នកនាំពាក្យ​បក្ស​កាន់អំណាច ធ្លាប់​និយាយទៀតថា បក្ស​កាន់អំណាច មិនបាន​ប្រើ​យន្តការ​តុលាការ ដើម្បី​ដាក់​សម្ពាធ ទៅលើ​ឯកឧត្តម សម រង្ស៊ី ឡើយ​។ បើតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​បក្ស​កាន់អំណាច បញ្ហា​ខាងលើ គឺ​បណ្តាលមកពី​ឯកឧត្តម សម រង្ស៊ី ជា​អ្នកប្រព្រឹត្ត​ដោយ​ខ្លួនឯង​។​

​ជុំវិញ​ក្តីក្តាំ​របស់​ឯកឧត្តម សម រង្ស៊ី នៅ​តុលាការ បណ្តឹង​ចំនួន​៤ ត្រូវបាន​កាត់ក្តី​រួចរាល់ ហើយ​បណ្តឹង​ចំនួន​៤​ទៀត កំពុងតែ​ដំណើរការ នៅឡើយ​ទេ​។ បើ​សរុប​ទោសកំហុស ដែល​តុលាការ បានសម្រេច​នោះ ឯកឧត្តម សម រង្ស៊ី ត្រូវ​ជាប់ពន្ធនាគារ យ៉ាងតិច​ចំនួន​៥​ឆ្នាំ និង​បង់ប្រាក់​ចំនួន ៤៨២៥០ ដុល្លារ​។  

​បណ្តឹង​ដែល​ត្រូវបាន​កាត់ក្តី​រួច រួមមាន បណ្តឹង​របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​ព្រមទាំង​បណ្តឹង​របស់​សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ហើយ​ចុងក្រោយ គឺ​បណ្តឹង ដែល​ប្តឹង​ដោយ​ព្រះរាជអាជ្ញា ផ្តា​ល់​តែម្តង​។​

​ជុំវិញ​បណ្តឹង​របស់​របស់លោក ហោ ណាំហុង តុលាការ បាន​ផ្តន្ទាទោស​ឯកឧត្តម សម រង្ស៊ី​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៨​លាន​រៀល (២០០០​ដុល្លារ​)​ពីបទ «​ញុះញង់​ឲ្យ​មានការ​រើសអើង​»​។

​ចំពោះ​បណ្តឹង​មួយទៀត ដែល​ព្រះរាជអាជ្ញា​ដើរតួ​ជាដើម​បណ្តឹង​នោះ ឯកឧត្តម សម រង្ស៊ី ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៥​ឆ្នាំ​។ តែ​ចៅក្រម សម្រេច​ឲ្យ​ឯកឧត្តម សម រង្ស៊ី អនុវត្ត​ទោស​ក្នុង​ពន្ធនាគារ តែ​៣​ឆ្នាំ​ប៉ុណ្ណោះ ហើយ​២​ឆ្នាំ​ទៀត ត្រូវបាន​ព្យួរ​។ ក្នុង​សំណុំ​រឿងនេះ តុលាការ បាន​ចោទ​ឯកឧត្តម សម រង្ស៊ី ពីបទ «​សមគំនិត​ក្នុង​អំពើ​ក្លែងបន្លំ​ឯកសារ​សាធារណៈ ប្រើប្រាស់​ឯកសារ​សាធារណៈ​និង​ញុះញង់​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ដែល​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​កម្ពុជា​-​វៀតណាម។​

​ចំណែក​បណ្តឹង​របស់លោក សោម សឿន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី តុលាការ បាន​ចោទ​ឯកឧត្តម សម រង្ស៊ី ពីបទ​«​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ។ តុលាការ តម្រូវ​ឲ្យ​ឯកឧត្តម សម រង្ស៊ី​បង់ប្រាក់​ចំនួន​១០​លាន​រៀល (២៥០០​ដុល្លារ​) ចូល​រដ្ឋ និង​១៥​លាន​រៀល (៣៧៥០​ដុល្លារ​) ឲ្យ​ទៅ​ដើមបណ្តឹង​។​បណ្តឹង​នេះ កើតឡើង​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី ចោទ​សម្តេច ហ៊ុន សែន ថា បញ្ជា​មន្ត្រីក្រោមឱវាទ​ឲ្យ​បង្កើត​គណនី​ហ្វេ​ស​ប៊ុ​ក​ក្លែងក្លាយ ដើម្បី​យកទៅ​ចុច Like លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច ហ៊ុន សែន​។​

​រីឯ​បណ្តឹង​របស់​សម្តេច ហេង សំរិន តុលាការ បាន​តម្រូវ​ឲ្យ​ឯកឧត្តម សម រង្ស៊ី បង់ប្រាក់​ចូល​ថវិកាជាតិ​ចំនួន​១០​លាន​រៀល (២៥០០​ដុល្លារ​)​និង​សង​សំណង​ជំងឺ​ចិត្ត​ដល់​ដើមបណ្តឹង​ចំនួន​១៥០​លាន​រៀល (៣៧៥០០​ដុល្លារ​)​។ សម្តេច ហេង សំរិន បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារ​កេ​រិ៍្ត​ជា​សាធារណៈ​»​។

​ក្រៅពី​បណ្តឹង​ខាងលើ ដែល​តុលាការ​បាន​កាត់ក្តី​រួច ឯកឧត្តម សម រង្ស៊ី នៅជាប់​បណ្តឹង​ចំនួន​៤​ទៀត ដែល​តុលាការ​កំពុងតែ​ដំណើរ​នាពេល​បច្ចុប្បន្ននេះ​។ បណ្តឹង​ទាំងនោះ​រួមមាន បណ្តឹង​របស់​សម្តេច ហ៊ុន សែន និង​បណ្តឹង​របស់​កញ្ញា ធី សុវណ្ណ​ថា រួមទាំង​បណ្តឹង ដែល​ប្តឹង​ដោយ ព្រះរាជអាជ្ញា ផងដែរ​។

​តាមរយៈ​លោក​មេធាវី គី តិច សម្តេច ហ៊ុន សែន បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» និង​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​អំពើ​បង្ក​ឲ្យ​មាន​ភាពវឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​»​។ ការរង​បណ្តឹង​បែបនេះ គឺ​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី ចោទ​សម្តេច ហ៊ុន សែន ថា​នៅ​ពីក្រោយ​ខ្នង​នៃ​អំ​ពើ​ឃាតកម្ម​លើ​លោក កែម ឡី  ដែលជា​អ្នកវិភាគ​នយោបាយ​ដ៏​ល្បី​នៅ​កម្ពុជា​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន ឯកឧត្តម សម រង្ស៊ី បាន​រង​បណ្តឹង​ថ្មី​មួយទៀត ពីស​ម្តេច ហ៊ុន សែន​។ សម្រាប់​បណ្តឹង​ក្រោយនេះ សម្តេច ហ៊ុន សែន បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារកេរ្តិ៍​ជា​សាធារណៈ​» ដដែល ដោយ​ទារ​សំណង​ជំងឺ​ចិត្ត ចំនួន​១​លាន​ដុ​លា្ល​រ​។ ការរង​បណ្តឹង​នេះ គឺ​ដោយសារតែ​ឯកឧត្តម សម រង្ស៊ី ចោទ សម្តេច ហ៊ុន សែន ថា បាន​សូក​ប្រាក់​ចំនួន​១​លាន​ដុ​លា្ល​រ ដល់ក​ញ្ញា ធី សុវណ្ណ​ថា ដែលជា​អ្នកគាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ដើម្បី​វាយប្រហារ​គណបក្ស​សង្គ្រោះ​ជាតិ​។ ព្រោះតែ​ការលើកឡើង​បែបនេះ កញ្ញា ធី សុវណ្ណ​ថា ក៏បាន​ប្តឹង​ឯកឧត្តម សម រង្ស៊ី ពីបទ «​បរិហារ​កេ​រ្ត៍​ជា​សាធារណៈ​» ដូចគ្នា ដោយ​ទារ​សំណង​ជំងឺ​ចិត្ត​ចំនួន ២​សែន ៥​ម៉ឺន​ដុល្លារ​។

​រឿងក្តី​មួយទៀត គឺពាក់ព័ន្ធ​នឹង​បទ «​ញុះញង់ បង្កចលាចល ប៉ះពាល់​ដល់​សន្តិសុខ​សង្គម​» ដែល​ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ជា​អ្នកដើរតួ​ជាដើម​បណ្តឹង​។​

​លោក សំ សុ​គង់ មេធាវី​របស់​ឯកឧត្តម សម រង្ស៊ី​ធ្លាប់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ព្រះរាជអាជ្ញា​ពឹង​ផ្អែកលើ​របាយការណ៍​ពី​សមត្ថកិច្ច​ក្នុងការ​ស៊ើបអង្កេត​ក្នុង​រឿងក្តី​ខាងលើ​។ បើតាម​លោក សំ សុ​គង់ អង្គ​ហេតុដែល​សមត្ថកិច្ច បញ្ជូនទៅ​ព្រះរាជអាជ្ញា​គឺ​ទាក់ទង​នឹង​សារ​នយោបាយ​របស់​ឯក​ឧ​ត្ត​ម សម រង្ស៊ី​ដែល​បាន​ថ្លែង​នៅក្នុង​វត្ត​ខ្មែរ​មួយ ក្នុងប្រទេស​បារាំង កាលពី​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៦៕


© រក្សាសិទ្ធិដោយ thmeythmey.com