ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សុវត្តិភាព ចរាចរណ៍
ស្ទះចរាចរណ៍​នៅ​ភ្នំពេញ ជំរុញ​ឲ្យ​ពលរដ្ឋ​ផ្លាស់ប្តូរ​ទម្លាប់​នៃ​ការរស់នៅ
21, Jan 2017 , 10:19 pm         16585
រូបភាព
​ភ្នំពេញ​៖ ខណៈ​ចរាចរណ៍​កាន់តែ​មមាញឹក ការកកស្ទះ​ចរាចរណ៍​បានក្លាយ​បញ្ហា​ដ៏​ធំ ដែល​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច និង​ជំរុញ​ឲ្យ​មានការ​ប្រែប្រួល​ការរស់នៅ​របស់​ពលរ​ដ្ឋ​។ ពលរដ្ឋ​ខ្លះ ងើប​តាំងពី​ព្រលឹម​ធ្វើដំណើរ​ទៅធ្វើ​ការ​ដោយ​បារម្ភ​ខ្លាច​ទៅ​មិនទាន់​។ ឯ​ខ្លះទៀត មិន​ត្រឡប់មក​ហូបបាយ​ថ្ងៃត្រង់​នៅផ្ទះ​វិញ​ឡើយ សុខចិត្ត​បរិភោគ​អាហារ​នៅក្បែរ​ការិយាល័យ​របស់​ខ្លួន បើទោះបី​ត្រូវ​ចំណាយ​ច្រើន​ក៏ដោយ​។  
  


​ក្នុង​មួយថ្ងៃ លោក ទូច ធា​រិ​ទ្ធ បុគ្គលិក​ផ្នែក​រចនា​(Design)​នៅ​សាលារៀន​ឯកជន​មួយ​នៅ​ភ្នំពេញ បានធ្វើ​ដំណើរ​លើ​ដងផ្លូវ​ក្នុង​មួយថ្ងៃ​ប្រមាណ​១៨​គីឡូម៉ែត្រ​។ លោក​បញ្ជាក់ថា​៖ «​ពេល​ជិះ​ម៉ូតូ​ដល់​ស្តុ​ប​ដី​ហុយ កន្លែង​ហ្នឹង​ស្ទះ​រហូត ព្រោះ គេ​ធ្វើ​ស្ពាន​អាកាស​។ ណាមួយ​ក្តៅ ណាមួយ​ខ្លាច​ទៅ​រៀន​យឺត ហើយ​ពេលខ្លះ បាយ​ហ្នឹង ខ្ញុំ​អត់​បាន​ញ៉ាំ​បាយ​ទៀតផង​»​។ 
   
​លោក​ជិះ​ម៉ូតូ​ពី​បន្ទប់​ជួល​ទំហំ​ប្រហែល​៣​គុណ​និង​៤​ម៉ែត្រ នៅ​ម្តុំ​រង្វង់​មូល​ទួលគោក​ទាំង​ព្រលឹម ឆ្ពោះទៅកាន់​ការិយាល័យរ​បស់​ខ្លួន​នៅ​ម្តុំ​ស្តុ​ប​ទេព​ផន​។ ក្រោយ​ចេញពី​ធ្វើការ​នៅ​ម៉ោង​១២​ថ្ងៃត្រង់ ធា​រិ​ទ្ធ ដែលមាន​អាយុ​២៤​ឆ្នាំ បាន​ប្រញាប់ប្រញាល់​ទៅ​ទិញ​បាយ រួច​បន្តដំណើរ​ទៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​មណ្ឌល​២​ស្ថិតនៅ​ខាងលិច​ក្រសួងពាណិជ្ជកម្ម ជាទី​កន្លែង​ដែល​និស្សិត​អាហារូបករណ៍​ឆ្នាំ​ទី​៤​រូបនេះ កំពុង​សិក្សា​មុខវិជ្ជា​ទស្សនវិជ្ជា​។ 

​ការកកស្ទះ​ចរាចរណ៍ បាន​បង្ក​ការលំបាក​យ៉ាងច្រើន​ដល់​ពលរដ្ឋ និង​ខាតបង់​ផ្នែក​សេដ្ឋកិច្ច ដល់​ពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។ លោក អៀង អូន​នី អភិបាលរង​រាជធានី​ភ្នំពេញ ធ្លាប់បាន​ឲ្យ​ដឹងថា ការកកស្ទះ​ចរាចរណ៍ បានធ្វើ​ឲ្យ​កម្ពុជា​ខាតបង់​ថវិកា​ចំនួន​៦​លាន​ដុល្លារ​ក្នុង​មួយខែ​។ លោក អៀង អូន​នី ធ្លាប់​ត្រូវបាន​សារព័ត៌មាន​ភ្នំពេញ​ប៉ុស្តិ៍​ស្រង់​ប្រសាសន៍ថា​៖ «​ការខាតបង់​នេះ​ភាគច្រើន គឺ​ការចំណាយ​របស់​បងប្អូន​ទៅលើ​សាំង​ដែល​បញ្ឆេះ​យានយន្ត​ចោល​។ ទី​ពីរ​ទៀត ការខកខាន​ពេលវេលា​គាត់​ត្រូវបំពេញ​កិច្ចការ ដែល​ធ្វើ​ឲ្យ​ខ្សែចង្វាក់​ការងារ​មាន​ភាពខ្វះ​ចន្លោះ ហើយ​កន្លែង​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ប្រសិទ្ធភាព​សេដ្ឋកិច្ច​។ តែ​នេះ​នៅ​មិនទាន់​រាប់បញ្ចូល​នូវ​គ្រោះថ្នាក់ ចរាចរណ៍​ដែល​ធ្វើ​ឲ្យ​ខាតបង់​ដល់​ផលទុនជាតិ និង​ប្រជាជន​សរុប​ប្រមាណ ៣០០ លាន​ដុល្លារ​ក្នុង​មួយឆ្នាំៗ​នោះទេ​»​។ លោក​អភិបាលរង​មានប្រសាសន៍​បែបនេះ ក្នុង​សិក្ខា​សា​ស្តីពី ការកកស្ទះ​ចរាចរណ៍​នៅ​កម្ពុជា​ប៉ះពាល់​ដល់​បរិស្ថាន និង​សុខមាលភាព បញ្ហា​ប្រឈម និង​ដំណោះស្រាយ នៅ​រាជបណ្ឌិត្យសភាកម្ពុជា កាលពី​ថ្ងៃទី​២៧ តុលា ឆ្នាំ​២០១៥ ។ លោក​អភិបាលរង​បាន​បន្ថែមទៀតថា ការ​រីកធំឡើង​នៃ​ទីប្រជុំជន ការកើនឡើង​នៃ​ដង់ស៊ីតេ​ប្រជាជន​ក្នុង​ទីក្រុង ភាព​មមាញឹក​នៃ​ការធ្វើដំណើរ ការសាងសង់​អគារ​ខ្ពស់ៗ​ផ្សារ​ទំនើប បុរី​ប្រណីត សួនច្បារ ក៏ដូចជា​កំណើន​ភ្ញៀវទេសចរ​ជាដើម ស្ថិតក្នុង​មូលហេតុ​ចម្បងៗ​នាំ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​កាន់តែខ្លាំង​ឡើង​ក្នុង​រាជធានី​។​



​ភាព​ធុញទ្រាន់​នឹង​ការកកស្ទះ​ចរាចរណ៍ បានធ្វើ​ឲ្យ​ពលរដ្ឋ​មួយចំនួន​ផ្លាស់ប្តូរ​ឥរិយាបថ​នៃ​ការរស់នៅ ដោយ​ពួកគេ​ធ្វើដំណើរ​នៅ​ម៉ោង​ដែល​ចរាចរណ៍​មិនសូវ​មមាញឹក មិន​ត្រឡប់​ទៅ​ហូប​អាហារ​ថ្ងៃត្រង់​នៅផ្ទះ ដោយ​ប្តូរ​មក​ពិសារ​នៅតាម​អាហា​រដ្ឋា​ន ឬ​ភោជនីយដ្ឋាន​ជិត​ការិយាល័យ​ជាដើម​។     

​លោក ហេង កក្កដា   បាន​ជិះ​ម៉ូតូ​ពី​ម្តុំ​ស្តុ​ប​ត្រឡោកបែក ក្នុង​ខ័​ណ្ឌ​ទួលគោក ឆ្ពោះ​មក​ការិយាល័យ​ក្រុមហ៊ុន​លក់​កុំព្យូទ័រ​នៅក្បែរ​វិទ្យាល័យ​សន្ធរម៉ុក ទីកន្លែង​ដែល​លោក​កំពុង​បម្រើ​ការងារ​។ កក្កដា ដែលមាន​វ័យ​២៦​ឆ្នាំ បាន​បញ្ជាក់ថា ការកកស្ទះ​ចរាចរណ៍ គឺជា​មូលហេតុ​មួយ ដែល​ធ្វើ​ឲ្យ​លោក​មិន​ចង់ទៅ​ផ្ទះ ដើម្បី​ហូប​អាហារ​ថ្ងៃត្រង់ បើទោះបី​បន្ទប់​ជួល និង​កន្លែង​ការងារ​របស់លោក​នៅ​ជិត​ក៏ដោយ​។  លោក​បញ្ជាក់ថា​៖«​ខ្ញុំ​នាំគ្នា​ញ៉ាំ​បាយ​ហាង​ក្បែរ Office ព្រោះ​ពេល​ជិះ​ម៉ូតូ​ទៅផ្ទះ ស្ទះចរាចរណ៍​»​។ មិនមែន​តែ​លោក​ម្នាក់​ឡើយ បុគ្គលិក​ជាច្រើន​ទៀត ក៏​មិន​ត្រឡប់ទៅផ្ទះ​វិញ​ដែរ ដោយ​ពួកគេ​នាំគ្នា​ញ៉ាំ​បាយ​ជុំគ្នា​នៅ​ហាង​បាយ​តូច​មួយ​នៅក្បែរ​ការិយាល័យ​របស់​ខ្លួន ដើម្បី​ចំណេញ​ពេលវេលា និង​ចៀសវាង​ការកកស្ទះ​ចរាចរណ៍​។       

​បញ្ហា​នេះ ក៏​ជាការ​ប្រឈម​ចំពោះ អ្នកស្រី ហាក់ គ​ន្ធា ដែលជា​អ្នកលក់​ទូរ​សព្ទ នៅក្បែរ​ផ្សារ​ធំថ្មី​។  អ្នកស្រី មិន​ចង់​ធ្វើដំណើរ​លើ​ដងផ្លូវ​ឡើយ ប្រសិនបើ​មិនចាំបាច់​នោះ ពីព្រោះ ការស្ទះ​ចរាចរណ៍ បានធ្វើ​អ្នកស្រី​ចំណាយ​ថវិកា​លើ​ថ្លៃ​ប្រេងឥន្ធនៈ​ច្រើន និង​ពេលវេលា​យូរ​ផងដែរ​។ ចេញពីផ្ទះ​ម៉ោង​៧​ព្រឹក ស្ត្រី​វ័យ​៣២​ឆ្នាំ​រូបនេះ ត្រូវ​ដំណើរ​ដោយ       រថយន្ត​ពី​ម្តុំ​កាណាឌីយ៉ា​ផ្លូវ​វេ​ង​ស្រេង ឆ្ពោះ​មក​ផ្សារ​ធំថ្មី​ប្រហែល​ជិត​២​ម៉ោង ដែល​ធ្វើ​ឲ្យ​អ្នកស្រី​មាន​អារម្មណ៍មិនល្អ​ឡើយ​។ អ្នកស្រី​និយាយថា​៖«​ខ្ញុំ​ធ្វើដំណើរ​លើ​ដងផ្លូវ​ជិត​៣​ម៉ោង​ក្នុង​មួយថ្ងៃ ដោយ​ចំណាយ​ថ្លៃ​ប្រេងសាំង​អស់​២០០​ដុល្លារ​ក្នុង​មួយខែ​។ ហើយ​ពេល​ថ្ងៃ ខ្ញុំ​អត់​ត្រឡប់ទៅផ្ទះ​ទេ គឺ​ញ៉ាំ​បាយ​ហាង ហើយ​ពេល​ល្ងាច ទាល់តែ​ព្រលប់​បន្តិច​ទើប​ខ្ញុំ​ចេញទៅ ព្រោះ បើ​ចេញទៅ​ចំ​ម៉ោង​សិស្ស​ចេញ គឺ​ចេញ​មិន​រួច​ទេ នៅជាប់​តែម្តង​»​។     

​ទាក់ទង​និង​បញ្ហា​នេះ លោក អ៊ា ចរិយា នាយក​វិទ្យាស្ថាន​សុវត្ថិភាព​ចរាចរណ៍ បាន​អត្ថាធិប្បាយ​ថា ការកកស្ទះ​ចរាចរណ៍ បានធ្វើ​ឲ្យ​ពលរដ្ឋ​កាត់បន្ថយ​ការធ្វើដំណើរ​លើ​ដងផ្លូវ ដែល​ធ្វើ​ឲ្យ​ពួកគេ​ខាតបង់​ប្រយោជន៍ និង​អាក់ខាន​ការងារ​របស់​ពួកគេ​។    

​លោក​និយាយថា​៖«​មាន​ក្រុមហ៊ុន​នៅ​ប្រទេស​ជឿនលឿន​មួយចំនួន គេ​បានកំណត់​ម៉ោង​ចេញ និង​ចូលធ្វើ​ការខុស​ពេលវេលា​ធ្វើការ​ធម្មតា ដើម្បី​សម្រួល​ដល់​បុគ្គលិក​របស់គេ ឲ្យ​ធ្វើដំណើរ​ក្នុង​ម៉ោង​មិនសូវមាន​ការកកស្ទះ​»​។

​លោក​បន្តថា ពលរដ្ឋ​គួរ​មាន​ផែនការ​ធ្វើដំណើរ​ឲ្យ​បានច្បាស់លាស់ ដោយ​ធ្វើដំណើរ​ម៉ោង​ណា​ដែល​ចរាចរណ៍​មិនសូវ​មមាញឹក​។ ហើយ​គួរ​ខ្ចប់​អាហារ​មក​ហូប​នៅ​នៅ​Office ដើម្បី​បន្ថយ​ការចំណាយ​។ លោក​បន្ថែមថា  ការ​ខ្ចប់​បាយ​ទៅ​ពិសា​នៅ​ការិយាល័យ បាន​ក្លាយជា​ទម្លាប់​រប​ស់ជន​ជាតិ​ជប៉ុន និង​ប្រទេស​ជឿនលឿន​មួយចំនួន ដើម្បី​កាត់បន្ថយ​ការចំណាយ ប៉ុន្តែ​ពលរដ្ឋ​កម្ពុជា​មិនទាន់មាន​ទម្លាប់​បែបនេះ​ឡើយ​។ ពួកគេ​ជា​ញឹកញាប់​តែង​ហូបបាយ​ថ្ងៃត្រង់​នៅ​អាហារ​ដ្ឋា​ន ឬ​ភោជនីយដ្ឋាន​ក្បែរៗ​ការិយាល័យ​របស់ខ្លួន​។         
  
​ការកកស្ទះ​ចរាចរណ៍ បាន​ក្លាយជា​បញ្ហា​ដ៏​ស្មុគស្មាញ​នៅ​រាជធានី​ភ្នំពេញ​។ បញ្ហា​នេះ ត្រូវបាន​ប្រធាន​អង្គការ​ខាងលើនេះ សំណូមពរ​ដល់​រដ្ឋាភិបាល ឲ្យ​ធ្វើការ​ដោះស្រាយ​លើ​ចំណុច​ចំនួន​២៖ ទីមួយ​៖ កាត់បន្ថយ​យានយន្ត​លើ​ដងផ្លូវ ដោយ​បង្កើន​សេវា​រថយន្តក្រុង​ឲ្យ​បាន​ច្រើន​ខ្សែ និង​ទៀងទាត់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​អ្នកដំណើ​រ ព្រមទាំង​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ ដើម្បី​ឲ្យ​ពួកគេ​ងាក​មក​ប្រើ​សេវា​ដឹកជញ្ជូន​សាធារណៈ​វិញ​។ ទី​ពីរ​៖ ជំរុញ​ឲ្យ​ពលរដ្ឋ​ឲ្យ​ងាក​មក​ធ្វើដំណើរ​ថ្មើរជើង ឬ​ជិះ​កង់​វិញ​។ ទន្ទឹមគ្នានេះ រដ្ឋាភិបាល គួររៀបចំ​ចិញ្ចើមផ្លូវ​សម្រាប់​ពួកគេ និង​ចំណត​សម្រាប់​ពួកគេ​ផងដែរ​៕       

Tag:
 ​ចរាចរណ៍​
 ​ ការរស់នៅ​
  ​ផ្លាស់ប្តូរ
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង