ជាតិ
សុវត្តិភាព ចរាចរណ៍
អ្នកបើកបរ​ត្រូវ​ទុកចន្លោះ​យ៉ាងតិច ១​ម៉ែត្រ ពី​យានយន្ត​ដទៃ ពេល​សុំ​ជែង​
22, Jan 2017 , 1:19 pm         11255
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ មាត្រា ១៩ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក​ថ្មី បានចែង​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវ​ទុកចន្លោះ​យ៉ាងតិច ១​ម៉ែត្រ ពី​យានយន្ត​ដទៃ ពេល​សុំ​បើក​ជែង​។​


​មាត្រា ១៩ ដែល​សមត្ថកិច្ច​បាន​អនុវត្ត​ចាប់ពី​ដើមឆ្នាំ ២០១៦​មក បាន​តម្រូវ​ឲ្យ អ្នកបើកបរ​យាន ជំនិះ​គ្រប់​ប្រភេទ​ត្រូវ​ជែង​នៅ​ខាងឆ្វេង​។ ប៉ុន្តែ ករណី​អ្នកបើកបរ​យាន​ដែល​ត្រូវគេ​ជែង​នោះ បាន និង​កំពុង​ធ្វើ​សញ្ញា​ប្តូរ​ទិស​ខាងឆ្វេង ហើយ​ឈប់ ឬ​ត្រៀម​ដើម្បី​បត់​ឆ្វេង អ្នកបើកបរ​អាច​ជែង​ទៅ ខាងស្តាំ​បាន​។

​មុនពេល​ជែង ច្បាប់​បានចែង​បញ្ជាក់ថា អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា ការ​ជែង​នឹងមិន​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​កើតឡើង​។ ច្បាប់​តម្រូវ​ឲ្យ​អ្នកបើកបរ​ត្រូវ​មើល​ឲ្យ​ច្បាស់​ថា គ្មាន​ឧបសគ្គ​នៅខាងមុខ ហើយ​គេ​អាច​បើកបរ​ចូលទៅក្នុង​ចរន្ត​ចរាចរណ៍​ប្រក្រតី​វិញ​បាន នៅពេល​ជែង​រួច ដោយ​មិន​រំខាន​ដល់​ការធ្វើ​ចរាចរណ៍​របស់​អ្នកដទៃ​ឡើយ​។ ម្យ៉ាងទៀត អ្នកបើកបរ​ត្រូវ​ប្រាកដ ថា អ្នកបើកបរ​យានយន្ត​នៅ​ខាងក្រោយ និង​មុខ បានដឹង​អំពី​ការសុំ​ជែង​ត្រឹមត្រូវ​។​

​មាត្រា​ខាងលើ បញ្ជាក់ទៀតថា អ្នកបើកបរ​ត្រូវ​ប្រាកដថា អ្នកបើកបរ​យានជំនិះ​ដទៃ​ដែល​ស្ថិតនៅ​ពីមុខ និង​ក្រោយ​ខ្លួន ពុំ​ចាប់ផ្តើម​សុំ​ជែង​យាន​ផ្សេងទៀត​ទេ​។ ករណី​ដឹង​មុន​ថា យាន​ខាងក្រោយ​សុំ​ជែង​នោះ អ្នកបើកបរ​យាន​ខាង​មុខ ត្រូវ​ពិនិត្យ​ចំណែក​ផ្លូវ​ដែល​គ្មាន​ឧបសគ្គ​ខាងមុខ ហើយ​គេ​ត្រូវ​ឲ្យ​សញ្ញា​ប្តូរ​ទិស​មក​ខាងស្តាំ ឬ​លើកដៃ​ឆ្វេង​ឡើងលើ​បត់​ទៅ​ស្តាំ​រួច គេ​ត្រូវ​បន្ថយល្បឿន​អែម​ខាងស្តាំ ដើម្បី​ឲ្យ​សញ្ញា​អ្នកបើកបរ​ខាងក្រោយ​ដែល​សុំ​ជែង​ដឹងថា គេ​អាច​ជែង​បាន​។​

​ប៉ុន្តែ ករណី​អ្នកបើកបរ​យាន​ខាងមុខ ពិនិត្យឃើញ​ចំណែក​ផ្លូវ​ខាងមុខ មិន​ទំនេរ ឬ​មាន​ឧបសគ្គ​នោះ គេ​ត្រូវធ្វើ​សញ្ញា​ប្តូរ​ទិស​ខាងឆ្វេង ឬ​លាតដៃ​ឆ្វេង​សន្ធឹង​ត្រង់​ទៅខាង​ក្រៅ​ដែលជា សញ្ញា​ឲ្យ​ដឹងថា គេ​ពុំទាន់​អាច​ជែង​បានទេ​។​

«​អ្នកបើកបរ​ត្រូវ​ដឹង​ច្បាស់​ថា ល្បឿន​សមាមាត្រ​រវាង​យាន​ទាំងពីរ អាច​ឲ្យ​ជែង​ក្នុង​រយៈពេល​ខ្លី បំផុត​បាន​»​។ នេះ​បើតាម​មាត្រា ១៩ នៃ​ច្បាប់​ស្តីពី ចរាចរណ៍​ផ្លូវគោក មុន​ហ​ចែងបញ្ជាក់​បន្ថែមថា អ្នកបើកបរ ត្រូវ​ឲ្យ​សញ្ញា​សុំ​ជែង ដោយ​ប្រើ​សញ្ញា​ប្តូរ​ទិស​ខាងឆ្វេង តែ​ករណី​ចាំបាច់​គេ​ត្រូវ ប្រើ​ភ្លើង​កូត​ហ្វា​ឆ្លាស់គ្នា នៅពេល​យប់ ឬ​ប្រើ​ស៊ី​ផ្លេ នៅពេល​ថ្ងៃ​បន្ថែមទៀត លើកលែង​ការហាមឃាត់​ប្រើប្រាស់​ស៊ី​ផ្លេ​សុំ​ដែង ក្នុង​ទីប្រជុំជន​៕

Tag:
 ​ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com
ព័ត៌មានទាក់ទង