ជាតិ
សង្គមជាតិ
រដ្ឋបាលរាជធានីភ្នំពេញ ប្រាប់អ្នកពាក់ព័ន្ធ ឲ្យពិនិត្យ និងកែតម្រូវផ្ទាំងផ្សាយពាណិជ្ជកម្ម ឲ្យត្រូវតាមច្បាប់
× រដ្ឋបាលរាជធានីភ្នំពេញ បានណែនាំដល់បណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ម្ចាស់អាជីវកម្មដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ពិនិត្យផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញឡើងវិញ។ ការណែនាំនេះ ដើម្បីលើកកម្ពស់សោភណភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តច្បាប់ និងបញ្ចៀសហានិភ័យនានា។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែមករា បានចេញសេចក្តីណែនាំមួយ ដល់បណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ម្ចាស់អាជីវកម្មដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ឲ្យពិនិត្យឡើងវិញពីទីតាំង ទំហំ ខ្លឹមសារ និងលក្ខណៈបច្ចេកទេស នៃផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មរបស់ខ្លួន។
ការណែនាំនេះ គឺបន្ទាប់ពីក្រុមការងារបច្ចេកទេសរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិនិត្យឃើញថាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្មមួយចំនួន បានសាងសង់ផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្មគ្មានគុណភាព មិនត្រឹមត្រូវតាមបច្ចេកទេស ជាហេតុធ្វើឲ្យមានករណីដួលរលំ បាក់ស្រុត បង្កគ្រោះថ្នាក់ដល់អ្នកដំណើរ ខូចខាតទ្រព្យសម្បត្តិ បាត់បង់សោភណភាព និងបង្កភាពភ័យខ្លាចដល់សាធារណជនទៀតផង។ ក្រៅពីនេះ មានក្រុមហ៊ុនខ្លះទៀត បានសាងសង់ និងដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ខុសពីលិខិតអនុញ្ញាត ដូចជាខុសទីតាំង ទំហំ ខ្លឹមសារ អក្ខរាវិរុទ្ធ និងប៉ះពាល់លំហសាធារណៈជាដើម និងក្រុមហ៊ុនខ្លះ លួចសង់ និងដំឡើងគ្មានច្បាប់អនុញ្ញាតផង។
ដើម្បីរួមចំណែកលើកកម្ពស់សោភណភាព រក្សាបានសណ្តាប់ធ្នាប់សាធារណៈ ពង្រឹងការអនុវត្តច្បាប់ និងបញ្ចៀសហានិភ័យនានាដែលអាចកើតឡើង រដ្ឋបាលបាលរាជធានីភ្នំពេញ ណែនាំដល់បណ្តាក្រុមហ៊ុនផ្សព្វផ្សាយពាណិជ្ជកម្ម ម្ចាស់អាជីវកម្មដ្ឋាន និងអង្គភាពពាក់ព័ន្ធទាំងអស់ ត្រូវត្រួតពិនិត្យឡើងវិញ ពីទីតាំង ទំហំ ខ្លឹមសារ និងលក្ខណៈបច្ចេកទេស នៃផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ឲ្យបានត្រឹមត្រូវតាមខ្លឹមសារនៃលិខិតអនុញ្ញាត។
រដ្ឋបាលរាជធានីភ ប្រាប់ឲ្យក្រុមហ៊ុន ឬអង្គភាពដែលពាក់ព័ន្ធ ត្រូវកែតម្រូវឡើងវិញចំពោះទីតាំងផ្សាយពាណិជ្ជកម្មមួយចំនួន ដែលត្រួតគ្នា ឬបាំងស្លាកសញ្ញាចរាចរណ៍ ប៉ះពាល់បណ្តាញលូ ផ្លូវថ្មើរជើង បណ្តាញខ្សែអគ្គិសនី ខ្សែកាបលើអាកាស និងបណ្តាញក្រោមដីគ្រប់ប្រភេទ។
ចំពោះក្រុមហ៊ុនដែលបានដំឡើងផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម គ្មានច្បាប់អនុញ្ញាត ឬហួសសុពលភាព រដ្ឋបាលរាជធានី បញ្ជាក់ឲ្យដាក់ពាក្យស្នើសុំក្នុងរយៈពេល១ខែ ចាប់ពីថ្ងៃជូនដំណឹង ដោយភ្ជាប់នូវឯកសារពាក់ព័ន្ធ។ បើហួសរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការដោះស្រាយជាក់ស្តែង។ ដោយឡែកផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម ដែលនៅមានសុពលភាពប្រើប្រាស់ ត្រូវត្រួតពិនិត្យគុណភាពជាប្រចាំ ហើយត្រូវកែកម្អឡើងវិញ ក្នុងពេលមិនលើសពី៤ឆ្នាំ។
រីឯក្រុមហ៊ុន ដែលបាន និងកំពុងប្រើប្រាស់ទីតាំងសាធារណៈ និងលើទីតាំងឯកជន ផ្សាយពាណិជ្ជកម្ម ផ្សេងៗ ត្រូវបង់ថ្លៃឈ្នួលទីតាំង និងថ្លៃផ្សព្វផ្សាយពាណិជ្ជកម្ម ដើម្បីជាគុណប្រយោជន៍របស់រដ្ឋបាលរាជធានីភ្នំពេញ និងត្រូវបំពេញកាតព្វកិច្ចបង់ពន្ធជូនរដ្ឋតាមច្បាប់ជាធរមាន។ ចំណែកឯរបារកាត់ទទឹងផ្លូវទាំងអស់ នឹងត្រូវបញ្ឈប់ការអនុញ្ញាត និងបញ្ចប់ការបន្តសុពលភាពប្រើប្រាស់ ហើយម្ចាស់ពាក់ព័ន្ធត្រូវរុះរើចេញក្នុងរយៈពេល១ខែ បន្ទាប់ពីផុតសុពលភាពអនុញ្ញាត។
ក្នុងសេចក្តីណែនាំដដែល រដ្ឋបាលរាជធានីភ្នំពេញ បញ្ជាក់ទៀតថា រាល់រូបភាព និងខ្លឹមសារ នៃការផ្សព្វផ្សាយពាណិជ្ជកម្ម ត្រូវគោរពឲ្យបានម៉ឺងម៉ាត់តាមខ្លឹមសារនៃលិខិតអនុញ្ញាត និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ពិសេសមិនឲ្យប៉ះពាល់ដល់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com