English-Français
ជាតិ
ដំរីដែលសម្លាប់ម្ចាស់វា មិនត្រូវបានគេសងសឹកសម្លាប់ទេ តែត្រូវបានជួយសង្គ្រោះ(ភាគ១)
× ភ្នំពេញ៖ Bak Mai (បាក់ ម៉ៃ) គឺជាឈ្មោះដំរីមួយក្បាលអាយុ៣២ឆ្នាំ ដែលធ្លាប់ជាដំរីស្លូត សុភាព បម្រើការដឹកភ្ញៀវទេសចរបរទេសនៅក្នុងខេត្តមណ្ឌលគីរី។ តែក្រោយមក ដំរីមួយក្បាលនេះ បែរជាកាចសាហាវ ហើយថ្ងៃមួយបានសម្លាប់ម្ចាស់វានៅក្នុងព្រៃ។ ក្រោយការសម្លាប់ម្ចាស់វារួចហើយ បាក់ ម៉ៃ ត្រូវបានគេជម្លៀសទៅកាន់ខេត្តរតនគីរី។ តើហេតុអ្វីបានជាសត្វដំរី បាក់ ម៉ៃ សម្លាប់ ម្ចាស់វា? សូមអញ្ជើញស្តាប់បទសម្ភាសន៍ជាភាសាបារាំងរវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូនិកថ្មីៗ និងលោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តា ដូចតទៅ៖
សំឡេងជាភាសាបារាំង
កាលពីដើមឡើយ បាក់ ម៉ៃ ជាដំរីស្លូត សុភាពរាបសា បម្រើការជាអ្នកដឹកភ្ញៀវទេសចរនៅក្នុងខេត្តមណ្ឌលគីរី។ គ្រប់គ្នា ទាំងភ្ញៀវបរទេស ទាំងពលរដ្ឋនៅក្នុងខេត្តមណ្ឌលគីរី តែងតែសរសើរ បាក់ ម៉ៃ ថា ជាដំរីឧស្សាហ៍ ស្លូត។ បាក់ ម៉ៃ មានអាយុ ៣២ឆ្នាំ។
តែថ្ងៃមួយកាលពីបីឆ្នាំមុន បាក់ ម៉ៃ បានជាន់ស្ត្រីវ័យចំណាស់ម្នាក់ ដោយសារតែវាហក់ទៅរកដំរីញី ដែលនៅផ្នែកម្ខាងទៀតនៃស្ត្រីនោះ។ សំណាងល្អ ស្ត្រីនោះមិនស្លាប់ទេ។ ដោយឃើញ បាក់ ម៉ៃ បង្ហាញភាពសាហាវរបស់វា ហ្មដំរី ក៏ព្រលែងវានៅក្នុងព្រៃតែដោយបន្តដាក់ច្រវ៉ាក់វា។ សកម្មភាពដាក់ឲ្យ បាក់ ម៉ៃ នៅឯកាដូច្នេះ បាក់ ម៉ៃ បានក្លាយទៅជាដំរីដែលកាចសាហាវ។
កាលពីប៉ន្មានខែមុន រឿងរ៉ាវថ្មីមួយទៀតក៏កើតឡើង។ ពេលនេះ បាក់ ម៉ៃ កាចជាងមុន ហើយវាក៏បានផ្តាច់ច្រវ៉ាក់ចេញ រួចរត់ចូលព្រៃជាមួយដំរីញី។ ប៉ុន្តែមុនរត់ចូលព្រៃ វាបានផ្តួលកូនផ្ទះមួយខ្នងឲ្យដួល តែចៃដន្យ នៅពេល បាក់ ម៉ៃ វាយកំទេចផ្ទះនោះ ដែកគោលមួយក៏ចូលទៅក្នុងប្រមោយរបស់វា។
ក្រោយកំទេចផ្ទះរួច បាក់ ម៉ៃ រត់ចូលព្រៃ។ ងាកមក ហ្មដំរី ឯណេះវិញ ពួកគេខ្វាយខ្វល់។ បុរសម្នាក់ដែលជា ហ្មដំរី ស្ថិតក្នុងស្ថានភាពស្រវឹងក៏បានធ្វើដំណើរចូលព្រៃតាមរក បាក់ ម៉ៃ បើទោះបីជាអ្នកជិតខាងឃាត់មិនឲ្យតាមរក បាក់ ម៉ៃ ក៏ដោយ។ យោងតាមសាក្សី និងការសន្និដ្ឋាន ហ្មដំរី រូបនោះត្រូវបាន បាក់ ម៉ៃ សម្លាប់នៅក្នុងព្រៃ។ តែត្រង់ថា សម្លាប់យ៉ាងដូចម្តេច នៅពេលណា គ្មាននរណាដឹងឡើយ។
ក្រោយពេលដែល ហ្មដំរី ត្រូវបានសម្លាប់ គ្រួសារម្ចាស់ដំរី ចង់សងសឹកសម្លាប់ដំរីនោះឲ្យបានវិញ។ តែអង្គការជាច្រើនបានអង្វរ និងស្នើសុំគ្រួសារកុំឲ្យសម្លាប់។ នៅទីបំផុត ពួកគេក៏យល់ព្រម ហើយ បាក់ ម៉ៃ ក៏ត្រូវបានជួយសង្គ្រោះដោយសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តាដែលមានមូលដ្ឋាននៅក្នុងខេត្តរតនគីរី។
សមាគមនេះបានចំណាយថវិកាសរុបទាំងអស់ជាង៣ម៉ឺនដុល្លារដើម្បីអាចនាំ បាក់ ម៉ៃ ពីខេត្តមណ្ឌលគីរី ទៅខេត្តមណ្ឌលគីរីដោយប្រើប្រាស់រយៈពេលជិតសប្តាហ៍ថ្មើជើងតាមដងព្រៃ។ បច្ចុប្បន្ន បាក់ ម៉ៃ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តាជាមួយនឹងដំរីបីក្បាលផ្សេងទៀត។
លោក Pierre-Yves Clais អនុប្រធានសមាគមមូលនិធិអភិរក្សដំរីខ្មែរអៃរាវវត្តាបានពន្យល់ថា មូលហេតុដែលគាត់ ឬសមាគមគាត់ចង់ជួយសង្គ្រោះ បាក់ ម៉ៃ ឬដំរីដទៃទៀតនោះ ព្រោះ សត្វដំរីនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្នុងស្ថានភាពផុតពូជ។ បើយោងតាមលោក Pierre-Yves Clais ជនជាតិបារាំង និងទទួលបានសញ្ជាតិខ្មែរដែរនោះ ប្រទេសកម្ពុជាមានដំរីស្រុក៦៩ក្បាល និងដំរីព្រៃ២៥០ក្បាល៕ លេខទំនាក់ទំនងលោក Pierre-Yves Clais៖ ០១២ ២១៤ ៤៦៨
© រក្សាសិទ្ធិដោយ thmeythmey.com