បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ក្តី​ស្រមៃ​កុមារា សារឿន​៖ ជាតិ​ក្រោយ សូម​ឲ្យ​កើត​ក្នុង​គ្រួសារ​ធូរធា​-​រៀន​បាន​ខ្ពស់ និង​គ្មាន​ហិង្សា​!(​ភាគ​១)
25, Jan 2017 , 3:21 pm        
រូបភាព
​ភ្នំពេញ​៖ មាន​ស្រុកកំណើត​ក្នុង​ខេត្តស្វាយរៀង កើត​ក្នុង​គ្រួសារ​ក្រីក្រ​តោកយ៉ាក គ្មាន​ចំណេះដឹង មាន​អំពើហិង្សា​, លោក ប៊ូ សារឿន បច្ចុប្បន្ន​ជាម​ន្ត្រី​ព័ត៌មាន​នៃ​ស្ថាប័ន​ធនាគារពិភពលោក​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​ដែល​ទើប​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​នៅ​សក​វិទ្យាល័យ​បញ្ញា​សាស្ត្រ ក្នុង​វ័យ​៥២​ឆ្នាំ​នៅ​ឆ្នាំ​២០១៧​នេះ បាន​រម្លឹក​ពី​ជីវិត​ជូរចត់​កាលពី​កុមារភាព​ថា ទម្រាំ​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់ និង​ទម្រាំ​ទទួលបាន​ការងារ​ដូច​សព្វថ្ងៃនេះ រូបលោក​ដែលជា​ក្មេង​ក្រីក្រ​រស់នៅ​តែលតោល​ម្នាក់ឯង គ្មាន​អាណាព្យាបាល​នៅ​ទីក្រុង​ភ្នំពេញ បាន​ចំណាយ​ពេលវេលា​រើស​អេតចាយ ធាក់​កង់​ឌុប រត់​តុ ធ្វើការ​ឲ្យ​គេ​តាម​ផ្ទះ ដើរតួ​សម្តែង​ល្ខោន​។​ល​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​ពី​ដំណើរ​ជីវិត​ពិត​របស់លោក ប៊ូ សារឿន សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ប៊ូ សារឿន មន្ត្រី​ព័ត៌មាន​នៃ​ស្ថាប័ន​ធនាគារពិភពលោក​ដូចតទៅ​៖



​សំឡេង​សម្ភាសន៍






​ក្រោយ​របប​ប៉ុលពត​នៅ​ឆ្នាំ​១៩៨១ លោក ប៊ូ សារឿន ស្ថិតក្នុង​អាយុ​ជាង​១០​ឆ្នាំ បាន​រត់​ចេញពី​គ្រួសារ​ពី​ខេត្តស្វាយរៀង​មក​រស់នៅ​ទីក្រុង​ភ្នំពេញ​ម្នាក់ឯង ព្រោះ​ឪពុក​របស់លោក​បា​នប​ង្ក​អំពើហិង្សា​មកលើ​រូបលោក​រៀងរាល់​ពេលដែល​គាត់​ស្រវឹងស្រា​។

​ជីវិតរ​សាត់អណ្តែត​ម្នាក់​ឯង​នៅ​ទីក្រុង​ភ្នំពេញ កុមារ សារឿន កាលនោះ សុំ​គេ​ស្នាក់នៅ​លើដំបូល​ផ្ទះ​នៅ​ម្តុំ​ផ្សារ​អូរឫស្សី​ទីក្រុង​ភ្នំពេញ​។ មុខរបរ​របស់ កុមារ សារឿន ពេលនោះ មានដូចជា​៖ អ្នក​រើស​អេតចាយ អ្នក​ធាក់​កង់​ឌុប សម្តែង​ល្ខោន​។​ល​។ ជីវិត​ពេល​រើស​អេតចាយ គឺ​លំបាក​ណាស់​សម្រាប់​កុមារា សារឿន​។ «​ថ្ងៃ​ខ្លះ​បើ​រើស​បាន អាច​លក់បាន​ខ្លះ អាច​ហូប​បាន​គ្រប់គ្រាន់​។ តែបើ​ថ្ងៃ​ខ្លះ​រើស​អត់​បាន ខ្ញុំ​ដេក​ដោយ​ផឹកទឹក​ឲ្យ​ឆ្អែត​ជំនួស​បាយ​។ កាលនោះ ភាគច្រើនបំផុត ខ្ញុំ​ហូបបាយ​តែមួយ​ពេល​គត់​ក្នុង​មួយថ្ងៃ​»​។

​ដោយសារតែ​ជីវិត​លំបាក​ពេក កុមារ សារឿន មិនដែល​គិតថា ខ្លួន​អាច​រៀន​ចប់​សញ្ញាបត្រ​ខ្ពស់​ឡើយ​។ កាលនោះ កុមារ ដែល​កើត​ក្នុង​គ្រួសារ​ក្រីក្រ និង​គ្មាន​ចំណេះដឹង​រូបនេះ តែងតែ​ស្រមៃ​ថា បើ​មាន​ជាតិ​ក្រោយ​មែន សូម​ឲ្យ​រូបលោក​កើត​ក្នុង​គ្រួសារ​ធូរធា និង​កើត​ក្នុង​គ្រួសារ​ដែល​គ្មាន​អំពើហិង្សា​ក្នុង​គ្រួសារ​ដើម្បី​ឲ្យ​រូបលោក​អាច​រៀនសូត្រ​ខ្ពស់​បាន​ដូច​បំណង​របស់លោក​។ អារម្មណ៍ ក្តី​ប្រាថ្នា និង​ក្តី​ស្រមៃ បែប​រវើរវាយ​នេះ ស្ថិតនៅក្នុង​ក្បាល​របស់ កុមារា សារឿន ជានិច្ច​។

​ដោយ​ក្តី​អំណត់ តស៊ូ​រៀន​បណ្តើរ ធ្វើការ​ខ្លួនឯង​បណ្តើរ ធ្វើការ​ឲ្យ​គេ​បណ្តើរ លោក សារឿន បានបញ្ចប់​សញ្ញាបត្រ​បាក់​ឌុប​នៅ​ឆ្នាំ​១៩៩០ ហើយ​ការសិក្សា​របស់លោក​គ្រប់​ថ្នាក់​ទទួលបាន​ពិន្ទុរ​សុទ្ធតែ​ល្អៗ​។ រៀន​ចប់​បាក់​ឌុប​ភ្លាម លោក សារឿន មិនអាច​បន្ត​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​បានទេ​ដោយសារ​ជីវភាព​របស់លោក​នៅតែ​ក្រីក្រ​ដដែល​។ ដូច្នេះ​លោក​ត្រូវ​សម្រេចចិត្ត​ធ្វើការ​ឲ្យ​គេ​មួយរយៈ​សិន មុននឹង​បន្ត​សញ្ញាបត្រ​ជាន់ខ្ពស់​។ តើ​បន្ត​បន្ទាប់មកទៀត ជីវិត​លោក សារឿន ផ្លាស់ប្តូរ​យ៉ាងដូចម្តេច​? សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​វគ្គ​ទី​២ ដូចតទៅ​៖


Tag:
 ​អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com