បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
លោក ប៊ូ សារឿន​៖«​ក្តី​ប្រាថ្នា​របស់ខ្ញុំ​ទទួលបាន​នៅ​ជាតិ​នេះហើយ មិនមែន​ជាតិ​ក្រោយ​ទេ​»(​ភាគ​២)
25, Jan 2017 , 3:34 pm        
រូបភាព
​ភ្នំពេញ​៖ ក្រោយពី​តស៊ូ​អស់​រយៈពេល​ជាង​៤០​ឆ្នាំ លោក ប៊ូ សារឿន បាន​ក្លាយជា​មន្ត្រី​ព័ត៌មាន​នៃ​ស្ថាប័ន​ធនាគារពិភពលោក​ប្រចាំ​នៅក្នុង​ប្រទេស​កម្ពុជា​។ ហើយ​ថ្មីៗ​នេះ លោក​ទើប​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ក្នុង​វ័យ​៥២​ឆ្នាំ​នៅ​ឆ្នាំ​២០១៧​នេះ​ពីស​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​នៅក្នុង​ប្រទេស​កម្ពុជា​។ កើត​នៅក្នុង​ត្រកូល​ក្រីក្រ ឪពុកម្តាយ​គ្មាន​ចំណេះដឹង លោក សារឿន ឲ្យ​តម្លៃ​លើ​ការសិក្សា​ខ្លាំង​បំផុត​។ ការសិក្សា​ធ្វើ​ឲ្យ​លោក​អាច​ចាក​ចេញពី​រណ្តៅ​នៃ​ភាពក្រីក្រ​។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត​សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អ្នកសារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ និង​លោក ប៊ូ សារឿន មន្ត្រី​ព័ត៌មាន​នៃ​ស្ថាប័ន​ធនាគារពិភពលោក​ដូចតទៅ​៖



​សំឡេង​សម្ភាសន៍​





​លោក ប៊ូ សារឿន ត្រូវតែ​ធ្វើ​ឲ្យ​ខុសពី​ស្ថានភាព​អតីតកាល​នៃ​គ្រួសារ​របស់លោក​ដែល​ធ្លាប់​ក្រីក្រ ហើយ​ឪពុកម្តាយ​គ្មាន​ចំណេះដឹង​។ ស្ថិតនៅក្នុង​អាយុ​៥២​ឆ្នាំ មន្ត្រី​ព័ត៌មាន​នៃ​ស្ថាប័ន​ធនាគារ​ពិភព​ល​បាន​បំពេញ​បំណង​ដោយ​ទទួលបាន​សញ្ញាបត្រ​ជាន់ខ្ពស់​អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ពីស​កល​វិទ្យាល័យ​បញ្ញា​សាស្ត្រ​នៅ​ឆ្នាំ​២០១៧​នេះ​។ នេះ គឺជា​អ្វីដែល​លោក​មិនដែល​គិតថា​ទទួលបាន​នៅក្នុង​ជីវិត​នេះ​ទេ​។ បើ​ជាតិ​ក្រោយ​ប្រហែលជា​អាច​…

​លោក​បានបង្ហាញ​អារម្មណ៍​របស់លោក​នៅតាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​យ៉ាង​ដូច្នេះ​ថា​៖«​ក្តី​ប្រាថ្នា​របស់ខ្ញុំ​បានទទួល​ក្នុង​ជាតិ​នេះ​! My wish comes within this life—not next

​ពិតណាស់ ការទទួលបាន​បរិញ្ញាបត្រ​គឺជា​ក្តីរំភើប​មួយ​។ សម្រាប់​ខ្ញុំ​វា​ពិត​អស្ចារ្យ​បំផុត​។ មិត្តៗ​ភាគច្រើន​បានដឹង​ពី​ប្រវត្តិ​ខ្លះៗ​របស់ខ្ញុំ​។ កាលពី​ពាក់កណ្តាល​ទស​ត្ស​រ៍​ទី​៨០ ខ្ញុំ​គ្មាន​ជំរក​ស្នាក់នៅ ហើយ​រស់​ពឹង​លើ​របរ​រើស​អេតចាយ រត់​កង​ឌុប​មួយរយៈ​។ កាលនោះ​ក្តី​ប្រាថ្នា​របស់ខ្ញុំ​គឺមាន​តែ​សម្រាប់​ជាតិ​ខាងមុខ​។ ខ្ញុំ​បាន​បន់ស្រន់​ថា ប្រសិនបើ​ខ្ញុំ​មានសំណាង​បានកើត​ម្តងទៀត សូម​ឲ្យ​កើត​ក្នុង​ត្រកូល​អ្នកមាន​ជីវភាព​ធូរធា​បន្តិច​ដែល​អាច​ផ្តល់​ឲ្យ​ខ្ញុំ​បាន​រៀនសូត្រ​ខ្ព​ង​ខ្ពស់​។ ខ្ញុំ​ជឿ​លើ​ការអប់រំ​។ ប៉ុន្តែ​ពេលនេះ​ខ្ញុំ​បានទទួល​វា​ហើយ គឺ​ទទួល​ក្នុង​ជាតិ​នេះ​។ មាន​កត្តា​ច្រើន​ដែល​ខ្ញុំ​អាចធ្វើ​បាន​។ ទី​១៖ ខ្ញុំ​មិនបាន​បោះបង់ចោល​ក្តីសង្ឃឹម​សម្រាប់​ជាតិ​នេះ បើទោះបី​ជាមាន​បន្តិចបន្តួច​ក្តី​។ ទី​២៖ មិន​បោះបង់ចោល​ឱកាស​ដែល​មករក​ខ្ញុំ ហើយក៏​មិន​ដេកចាំ​ឱកាស​រត់​មករក​ខ្ញុំ​ដែរ និង​ទី​៣៖ ព្យាយាម ព្យាយាម និង​ព្យាយាម​»​។

​លោក ប៊ូ សារឿន ជឿជាក់​លើ​ការសិក្សា​១០០%​ដែល​នាំ​ឲ្យ​ជីវិត​ប្រែប្រួល​។ សម្រាប់​លោក សារឿន ការសិក្សា​អាចធ្វើ​ឲ្យ​បុគ្គល​ងើប​ចេញពី​រណ្តៅ​នៃ​ភាពក្រីក្រ​។ «​កៅអី​ដែល​ខ្ញុំ​កំពុង​អង្គុយ​នេះ​(​ការិយាល័យ​ធនាគារពិភពលោក​) គឺ​បានមក​ដោយសារ​ការសិក្សា​។ ខ្ញុំ​ស្រឡាញ់​ការសិក្សា​ណាស់​»​។ នេះ គឺជា​ថ្លែងប្រាប់​របស់លោក សារឿន ដែល​កំពុង​អង្គុយ​នៅក្នុង​ការិយាល័យ​របស់​លោក​នៅ​ទីក្រុង​ភ្នំពេញ​។

​ដោយ​ស្រឡាញ់​ការសិក្សា​ខ្លាំងពេក​នោះ លោក សារឿន បាន​បន្តទៀតថា​៖«​ការសិក្សា​មិន​ធ្វើ​ឲ្យ​យើង​រលត់​ទេ តែ​ធ្វើ​ឲ្យ​យើង​កាន់តែ​ភ្លឺ​។ ខ្ញុំ​ជឿជាក់​លើ​ការសិក្សា​ខ្លាំង​មែនទែន​»​។

​ទោះបីជា​លោក​ទទួលបាន​សញ្ញាបត្រ​ខ្ពស់ ការងារ​ល្អ គ្រួសារ​ល្អ លោក​នៅតែ​មិន​ហ៊ាន​និយាយថា ជីវិត​លោក​ជោគជ័យ​ឡើយ​។ អ្វីដែល​លោក​ហ៊ាន​ពោល​ប្រាប់​អ្នកសារព័ត៌មាន​គឺ​ត្រឹមតែ​ឃ្លា​ថា​៖«​ខ្ញុំ​បាន​បំពេញ​ក្តី​ប្រាថ្នា​របស់ខ្ញុំ​នៅ​ជាតិ​នេះហើយ​(​សញ្ញាបត្រ​ជាន់ខ្ពស់​)»៕


Tag:
 អប់រំ​
© រក្សាសិទ្ធិដោយ thmeythmey.com