ជាតិ
សង្គមជាតិ
ក្រុមការងារ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​រក​កិច្ចសហការ​នឹង​អ្នកសារព័ត៌មាន​សម្រាប់​ឆ្នាំ២០១៧
25, Jan 2017 , 6:42 pm        
រូបភាព
សៀមរាប៖ ពិតណាស់ថា អ្នកសារព័ត៌មាន​បាន​រួមចំណែក​យ៉ាងច្រើន ក្នុង​ការជួយ​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ដែលជា​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​កម្ពុជា។ ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ឲ្យ​កាន់តែ​ប្រសើរ​ជាង​មុន​នោះ ក្រុមការងារ​នៃ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត បាន​ស្វែងរក​កិច្ចសហការ​ជាមួយ​ក្រុម​អ្នកសារព័ត៌មាន​ខេត្តសៀមរាប សំដៅ​ធ្វើយ៉ាងណា​ឲ្យ​ការផ្សព្វផ្សាយ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នា​ឆ្នាំ២០១៧នេះ  មាន​ភាពទូលំទូលាយ​ថែម​មួយកម្រិត​ទៀត។



លោក សោម រតនា អ្នកនាំពាក្យ​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​រសៀល​ថ្ងៃទី២៥ មករា ឆ្នាំ២០១៧នេះ បាន​លើកឡើងថា អ្នកសារព័ត៌មាន​ខេត្តសៀមរាប ពិតជា​បានរួម​ចំណែក​សំខាន់​ក្នុងការ​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​សំខាន់​មួយ​នេះ។ លោក រតនា បន្ថែមថា ជា​រៀងរាល់ឆ្នាំ អ្នកសារព័ត៌មាន​ច្រើន​បាន​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត ក្នុងន័យ​រួមគ្នា​លើកកម្ពស់​វិស័យ​វប្បធម៌ និង​ទំនៀម​ទំលាប់​របស់​ជាតិខ្មែរ។

តាមរយៈ​អ្នកនាំពាក្យ​ដដែល ដែល​បាន​បញ្ជាក់ប្រាប់​ក្រុម​អ្នកសារព័ត៌មាន​ខេត្តសៀមរាប គឺថា​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​នៅ​ឆ្នាំ២០១៧នេះ នឹងមាន​កម្មវិធីថ្មីៗ និងប្លែកៗជាច្រើន ដើម្បី​ញុំ​ា​ង​ឲ្យ​ព្រឹត្តិការណ៍​ដ៏​ធំ​ប្រចាំឆ្នាំ​នៅ​ខេត្តសៀមរាប​នេះ កាន់តែ​វិសេសវិសាល​ថែមទៀត។ យ៉ាងណា លោក រតនា មិនទាន់​បញ្ជាក់​ពី​កម្មវិធី​ចម្រុះ​ដែលមាន​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​ទី៥នេះ ថា​មាន​ប៉ុន្មាន​នោះទេ ដោយ​លោក​ថា រង់ចាំ​ដល់​ថ្ងៃ​សន្និសីទ​សារព័ត៌មាន។

គួររម្លឹកថា ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​ជាច្រើន។ យោងតាម​របាយការណ៍​ពី​ក្រសួងទេសចរណ៍ កាលពី​លើកទីមួយ​ឆ្នាំ២០១៣ ព្រឹត្តិការណ៍​នេះ​ទាក់ទាញ​ភ្ញៀវទេសចរ ១៧ម៉ឺន​នាក់ លើក​ទី​ពីរ ឆ្នាំ២០១៤ ចំនួន ៣៨ម៉ឺន​នាក់ លើក​ទី​បី ឆ្នាំ២០១៥ មាន​ចំនួន ៩៧ម៉ឺន​នាក់ និង​លើក​ទី​បួន ឆ្នាំ២០១៦ គឺ​កើន​ឡើងដល់​ទៅ ១,៣លាន​នាក់ ហើយ​គេ​រំពឹងថា​នៅ​ឆ្នាំ២០១៧នេះ ចំនួន​នេះ​នឹង​បន្ត​កើនឡើង​ទៀត៕



Tag:
 ព្រឹត្តិការណ៍អង្គរសង្រ្កាន្ត
  សោម រតនា
© រក្សាសិទ្ធិដោយ thmeythmey.com