ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន សម្រេច​អភិរក្ស​ជីវៈចម្រុះ​ធម្មជាតិ​លើ​ផ្ទៃដី​ជាង ១​លាន​ហិកតា​
27, Jan 2017 , 10:46 pm        
រូបភាព
ដោយ: ថ្មីៗ

​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចចេញអនុក្រឹត្យ​បង្កើត​របៀង​អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ លើ​ផ្ទៃដី​សរុប​ចំនួន ១,៤២៧,៩៤០ ហិកតា ដើម្បី​ត​ភ្ជាប់​តំបន់ការពារធម្មជាតិ​ក្នុងប្រទេស​កម្ពុជា។​



​តាម​អនុក្រឹត្យ​រដ្ឋាភិបាល​កម្ពុ​ជាតប​នឹង​សំណើ​របស់​ក្រសួងបរិស្ថាន​ចុះ​ថ្ងៃទី​២៦ ខែមករា​នេះ របៀង​អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ ចែកចេញជា ៣តំបន់ រួមមាន ទីមួយ​គឺ របៀង​អភិរក្ស​ជីវៈចម្រុះ​ឦសានមាន​ផ្ទៃដីចំនួន ៧៥៧,៦៦១​ហិកតា ទី​ពីរ​, របៀង​អភិរក្ស​ជីវៈចម្រុះ​ឧ​ត្ត​រ មាន​ផ្ទៃដីចំនួន ៥០០,៨១០​ហិកតា និង​ទី​បី​, របៀង​អភិរក្ស​ជីវៈចម្រុះ​ជួរ​ភ្នំក្រវាញមាន​ផ្ទៃដីចំនួន ១៦៩,៤៦៩​ហិកតា​។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​តាម​អនុក្រឹត្យ​ថា ក្រសួងបរិស្ថាន​មាន​សមត្ថកិច្ច​រៀបចំ និង​គ្រប់គ្រង​របៀង អភិរក្ស​ជីវៈចម្រុះ​របស់​កម្ពុជា​ដោយ​សហការ​ជាមួយ​ក្រសួង និង​អាជ្ញាធរ​ពាក់ព័ន្ធ ដើម្បី​ធានា​ការពារ​បរិស្ថាន ប្រព័ន្ធ​អេកូឡូស៊ី និង​ធនធានធម្មជាតិ​ឲ្យ​មាន​និរន្តរភាព​។​

​បើតាម​អនុក្រឹត្យ របៀង​អភិរក្ស​ជីវៈចម្រុះ ប្រព័ន្ធ​តំបន់ការពារធម្មជាតិ​គឺជា​តំបន់​ត​ភ្ជាប់​តំបន់ការពារធម្មជាតិ ក្នុងនោះ រួមមាន តំបន់​ឧទ្យាន​ជាតិ តំបន់​ដែនជម្រកសត្វព្រៃ តំបន់ការពារទេសភាព តំបន់​ប្រើប្រាស់​ច្រើនយ៉ាង តំបន់​រ៉ា​ម​សារ តំបន់​បេតិកភណ្ឌ​ធម្មជាតិ តំបន់​ស្នូល​ប​ឋ​នី​យ​ជីវ​មណ្ឌល និង តំបន់​ឧទ្យាន​ជាតិ​សមុទ្រ​៕


Tag:
 ហ៊ុន សែន
  ឧទ្យានជាតិ
  ព្រៃឈើ
© រក្សាសិទ្ធិដោយ thmeythmey.com