ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំចិនថ្ងៃទី១៖ គ្រោះថ្នាក់ចរាចរណ៍សម្លាប់មនុស្ស១១នាក់ និងរបួស ២២នាក់
× ភ្នំពេញ៖ នៅថ្ងៃទី១ នៃពិធីបុណ្យចូលឆ្នាំចិន មានករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ១៦លើក នៅទូទាំងប្រទេស។ ករណីគ្រោះថ្នាក់ទាំង១៦លើកនេះ បានបណ្ដាលឲ្យមនុស្សស្លាប់ ១១នាក់ រងរបួសធ្ងន់ ១៥នាក់ និងរបួសស្រាល ៧នាក់ (គិតពីថ្ងៃទី២៦ មករា ដល់ថ្ងៃទី២៧ មករា)។ នេះបើតាមរបាយការណ៍ពីនាយកដ្ឋានសណ្ដាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
យោងតាមរបាយការណ៍ដដែលនេះ បញ្ជាក់ថា នៅថ្ងៃទី២៧ មករានេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន ១៦លើក នៅទូទាំងប្រទេស បានបណ្ដាលឲ្យមានមនុស្សស្លាប់ ១១នាក់ ចំនួន ០២នាក់ ក្នុងនោះរងរបួសធ្ងន់ចំនួន ១៥នាក់ និងរបួសស្រាលចំនួន ៧នាក់។ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះ មានអ្នកមិនពាក់មួកសុវត្ថិភាព ចំនួន ១៦នាក់ផងដែរ។
រីឯយានយន្តដែលរងការខូចខាតក្នុងគ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះវិញ មានចំនួន ២៣គ្រឿង ក្នុងនោះមាន ម៉ូតូ ចំនួន ១៤គ្រឿង, រថយន្តធុនតូច ចំនួន ៨ គ្រឿង, រថយន្តធុនធំ ចំនួន ១គ្រឿង និងថ្មើរជើង ៤នាក់។ ជាមួយគ្នានេះ នៅតាមរាជធានី-ខេត្ត ដែលកើតមានគ្រោះថ្នាក់ដែលច្រើនជាងគេ រួមមាន ខេត្តបន្ទាយមានជ័យ ៤លើក និងតាមរាជធានី-ខេត្តមួយចំនួនទៀត ក្រចេះ ៣លើក, រាជធានីភ្នំពេញ ២លើក, មណ្ឌលគិរី ១លើក, កណ្ដាល ១លើក, កំពង់ឆ្នាំង ១លើក, ពោធិសាត់ ១លើក, កែប ១លើក, ព្រះសីហនុ ១លើក និងសៀមរាប ១លើក។
គួររម្លឹកថា មូលហេតុដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងដោយល្មើសល្បឿន ៣លើក, មិនប្រកាន់ស្ដាំ ១លើក , បត់គ្រោះថ្នាក់ ៣លើក, ស្រវឹង ១លើក និង ប្រជែង ១លើក។ ករណីគ្រោះថ្នាក់ទាំងនេះ កើតឡើងនៅតាមផ្លូវចំនួន ៨លើក និងផ្លូវខេត្ត/ក្រុង ចំនួន ១លើក។ ដោយឡែក យានយន្តដែលបង្កហេតុរួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ចំនួន ៤លើក និងរថយន្តធុនធំ ១លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com