ជាតិ
នយោបាយជាតិ
មេធាវីប្តឹងទៅឧទ្ធរណ៍ ប្រឆាំងនឹងសាលក្រម ដែលឲ្យឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគារ៥ឆ្នាំ
× ភ្នំពេញ៖ មេធាវី បានដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ ដើម្បីជំទាស់នឹងការសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលឲ្យឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ក្នុងសំណុំរឿងពាក់ព័ន្ធនឹងបញ្ហាព្រំដែនកម្ពុជា-វៀតណាម។
លោកមេធាវី សំ សុគង់ ប្រាប់សារព័ត៌មានថ្មីៗថា លោក បានដាក់បណ្តឹងទៅកាន់សាលាឧទ្ធរណ៍រួចហើយ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ដើម្បីជំទាស់នឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលសម្រេចឲ្យឯកឧត្តម សម រង្ស៊ី ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ ពាក់ព័ន្ធនឹងការសមគំនិតក្នុងអំពើថ្លែងឯកសារស្តីពីព្រំដែនកម្ពុជា-វៀតណាម។ លោក សំ សុគង់ បន្តទៀតថា ជំនួយការទាំងពីរនារ របសប់ឯកឧត្តម សម រង្ស៊ី ដែលត្រូវបានតុលាការកាត់ទោសក្នុងសំណុំរឿងខាងលើដែរនោះ មិនទាន់សម្រេចចិត្តដាក់បណ្តឹងទៅសាលាឧទ្ធរណ៍ នៅឡើយទេ។
លោក មេធាវីដដែល អះអាងថា លោកត្រូវពិភាក្សាជាមួយជំនួយការទាំងពីរនាក់នោះជាមុនសិន មុននឹងសម្រេចដាក់បណ្តឹងទៅសាលាឧទ្ធរណ៍។ បើតាមលោក សំ សុគង់ ដែលជាមេធាវីការពារក្តីឲ្យឯកឧត្តម សម រង្ស៊ី និងជំនួយការទាំងពីរនាក់ ការបន្តប្តឹងទៅសាលាឧទ្ធរណ៍ គឺដោយសារកូនក្តីរបស់ខ្លួន មិនពេញចិត្តនឹងការវិនិច្ឆ័យរបស់សាលាដំបូងរាជធានីភ្នំពេញ។
កាលពីចុងខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តម សម រង្ស៊ី និងជំនួយការទាំងពីរនាក់ ត្រូវបានតុលាការចោទថា សមគំនិត ជាមួយនឹងលោក ហុង សុខហួរ ដែលជាសមាជិកព្រឹទ្ធសភា ពាក់ព័ន្ធនឹងការក្លែងឯកសារស្តីពីព្រំដែនកម្ពុជា-វៀតណាម។ បទល្មើស ដែលតុលាការចោទឯកឧត្តម សម រង្ស៊ី និងជំនួយការ គឺ «សមគំនិតក្នុងអំពើ ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ក្រោមបទចោទនេះ តុលាការ កំណត់ឲ្យអ្នកទាំងបី ជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ។ ប៉ុន្តែ តុលាការ ឲ្យពួកគាត់ អនុវត្តទោសក្នុងពន្ធនាគារ តែបីឆ្នាំប៉ុណ្ណោះ ចំណែកទោសពីរឆ្នាំទៀត ត្រូវបានព្យួរ។ ក្រោយសម្រេចយ៉ាងនេះហើយ តុលាការ ក៏ប្រកាសឲ្យសមត្ថកិច្ចតាមចាប់អ្នកទាំងបី មកអនុវត្តទោសតាមច្បាប់។ ចំណែកលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភានៃគណបក្ស សម រង្ស៊ី ត្រូវបានតុលាការកាត់ទោសឲ្យ ជាប់ពន្ធនាគាររយៈពេល ៧ឆ្នាំ ក្រោមបទចោទ «ក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈ និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»។
ឯឧត្តម សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងតែរស់នៅឯបរទេស ជាប់បណ្តឹងរហូតដល់ទៅប្រាំបីឯណោះ ។ បណ្តឹងទាំងនោះ សុទ្ធតែប្តឹងដោយអ្នកដឹកនាំនៃគណបក្សប្រជាជនកម្ពុជា ដូចជា សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេច ហេង សំរិន ប្រធានរដ្ឋសភា ព្រមទាំងលោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ជាដើម។ បណ្តឹងចំនួនបួន ត្រូវបានតុលាការកាត់ក្តីរួចរាល់ហើយ។ រីឯបណ្តឹងចំនួនបួនទៀត កំពុតតែដំណើរការនៅឡើយទេ៕
© រក្សាសិទ្ធិដោយ thmeythmey.com