ជាតិ
ហេតុអ្វី «​ទេវទត្ត​» ត្រូវបាន​ចាត់ទុកថា​ជា​តួអង្គ​ចិត្តអាក្រក់​? ​
11, Feb 2018 , 8:19 am        
រូបភាព
ដោយ: ថ្មីៗ
«​ចិត្តជា​ទេវទត្ត មាត់​ជា​ទេវតា​» គឺជា​សុភាសិត​ខ្មែរ​តាំងពី​យូរណាស់​មកហើយ​។ ប្រជាពលរដ្ឋ​ខ្មែរ​តែង​ពោល​នូវ​សុភាសិត​នេះ ដើម្បី​សំដៅ​ដល់​បុគ្គល​ណា​ម្នាក់ ដែល​ចូលចិត្ត​និយាយ​ល្អ ប្រើពាក្យ​ពីរោះ ផ្អែមល្ហែម តែ​ចិត្តអាក្រក់​។ ចិត្តអាក្រក់ គឺ​សំដៅ​ដល់​ចិត្ត​ដូចជា​ទេវទត្ត រីឯ​ការនិយាយ​ល្អ សំដៅ​ដល់​ពាក្យពេចន៍​ដូចជា​ទេវតា​។


​តើ​ទេវទត្ត​ជា​អ្នកណា បានជា​ចាស់​បុរាណ​ ចាត់ទុកថា​ជា​បុគ្គល​មានចិត្ត​អាក្រក់​យ៉ាងនេះ​?

​តាម​ការពិត ទេវទត្ត គឺជា​ព្រះ​ភិក្ខុ​មួយអង្គ ក្នុងសម័យ​ពុទ្ធកាល ដែល​បាន​សាង​ផ្នួស​ក្នុង​ព្រះពុទ្ធសាសនា ដូច​ភិក្ខុ​ដទៃទៀត​ដែរ​។ ភិក្ខុ​ទេវទត្ត ត្រូវជា​បងថ្លៃ​របស់​ព្រះសម្មាសម្ពុទ្ធ ដែលមាន​នាម​ដើម​ថា សិទ្ធត្ថ​។ កាល​នៅ​ជា​គ្រហស្ថ ព្រះ​សិទ្ធត្ថ ទ្រង់​រៀប​អភិសេក​ជាមួយ​ព្រះ​នាង​ពិម្ពា ដែលជា​ប្អូនស្រី​បង្កើត​របស់​ភិក្ខុ​ទេវទត្ត​។​
 
​ភិក្ខុ​ទេវទត្ត គឺជា​បុគ្គល​ដែលមាន​សេចក្តី​លោភលន់​ហួសប្រមាណ និង​មាន​សេចក្តី​ច្រណែន​យ៉ាង​ពន់ពេក​ចំពោះ​ព្រះសម្មាសម្ពុទ្ធ​។ ដោយសារតែ​សេចក្តី​ច្រណែន​នេះ ទើប​ទេវទត្ត បាន​យក​ព្រះសម្មាសម្ពុទ្ធ​ជាស​ត្រូវ និង​តាម​ឈ្នានីស​ព្រះអង្គ​ជាប់​ជានិច្ច​។ ប៉ុន្តែ ព្រះសម្មាសម្ពុទ្ធ មិនបាន​ចាត់ទុក ទេវទត្ត​ជាស​ត្រូវ​ឡើយ​។

​មិនមែន​ត្រឹមតែ​សេចក្តី​ច្រណែន​នោះទេ ភិក្ខុ​ទេវទត្ត ក៏មាន​មហិច្ឆតា​ក្នុង​ចិត្ត ចង់​ក្លាយខ្លួនជា​ព្រះពុទ្ធ​ទៀតផង​។ ព្រោះតែ​សេចក្តីប្រាថ្នា​ចង់​តាំងខ្លួន​ជា​ព្រះពុទ្ធ ទើប​ភិក្ខុ​ទេវទត្ត ព្យាយាម​ស្វែងរក​មធ្យោបាយ​គ្រប់យ៉ាង​ដើម្បី​ធ្វើ​គុត​ព្រះសម្មាសម្ពុទ្ធ​។​
 
​សម័យ​ថ្ងៃមួយ ភិក្ខុ​ទេវទត្ត​បាន​ឡើងទៅ​កាន់​កំពូលភ្នំ​មួយ​ឈ្មោះថា​ភ្នំ​គិ​ជ្ឍ​កូដ ហើយ​បាន​ប្រមៀល​ដុំថ្ម​ដ៏​ធំ មកលើ​ព្រះពុទ្ធ ដែល​កំពុងតែ​យាង​តាម​ជ្រលង​ភ្នំ​គិ​ជ្ឈ​កូដ​នោះ​។ ភិក្ខុ​ទេវទត្ត​បានធ្វើ​ទុក​ក្នុង​ចិត្ត​ថា​៖«​អាត្មាអញ​នឹង​សម្លាប់​ព្រះសមណគោតម​ដោយ​ដុំថ្ម​នេះ​»​។

​គ្រានោះ បំណែក​ថ្ម ក៏​ខ្ទាត​ឡើង ហើយ​ទង្គិច​ត្រូវ​ព្រះបាទ (​ម្រាមជើង​) ធ្វើ​ឲ្យ​ព្រះ​លោហិត​ពុរពង​ឡើង​។ លំដាប់​នោះ ព្រះពុទ្ធ ទ្រង់​ទត​ទៅ​ខាងលើ ហើយ​មាន​ព្រះពុទ្ធដីកា​ទៅកាន់​ទេវទត្ត​ថា​៖«​នែ​មោឃបុរស​! អ្នកឯង​មានចិត្ត​ប្រទូស្ត មានចិត្ត​ចង់​សម្លាប់ ហើយ​ធ្វើ​លោហិត​របស់​តថាគត​ឲ្យ​ពុរពង​ឡើង ដោយ​អំពើ​ណា អំពើ​នោះ អ្នក​នឹងរង​អកុសលកម្ម​ច្រើន​»​។​
 
​ដោយសារតែ​អំពើ​ឈ្នានីស និង​ការធ្វើ​ឲ្យ​ព្រះពុទ្ធ​ចេញ​លោហិត ព្រមទាំង​អំពើ​បាប​ដទៃទៀត ដូចជា​ការបង្កើត​បក្ស​ពួក​ផ្សេងៗ​ក្នុង​គណៈសង្ឃ ធ្វើ​ឲ្យ​សង្ឃ​បែកបាក់​សាមគ្គី ទី​ផុត​ភិក្ខុ​ទេវ​ត្ត​បាន​ធ្លាក់​ទៅ​ស្ថាន​នរក ដោយ​ព្រះធរណី​ស្រូប​ទាំង​រស់​។ រហូតមកដល់​ពេលនេះ ភិក្ខុ ទេវទត្ត កំពុងតែ​ទទួលរង​កម្ម​នៅ​ស្ថាន​នរក​នៅឡើយ​ទេ​។​
 
​ដោយសារតែ​ចិត្ត​ឈ្នានីស ព្យាបាទ និងច្រណែន​ឫស្យា របស់​ទេវទត្ត​យ៉ាង​ដូច្នេះហើយ ទើប​បុ​រា​ណា​ចា​រ្យ​ពោលថា ចិត្តជា​ទេវទត្ត គឺ​មានន័យថា ចិត្តអាក្រក់​ដូចជា​ភិក្ខុ ទេវទត្ត នេះឯង​៕


© រក្សាសិទ្ធិដោយ thmeythmey.com