ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំចិន២ថ្ងៃ៖ មនុស្សស្លាប់២២នាក់ និងរបួស៦៦នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ រយៈពេល២ថ្ងៃក្នុងអំឡុងចូលឆ្នាំចិន មនុស្ស២២នាក់ បានស្លាប់ និង៦៦នាក់ទៀត បានរងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយខាងលើ បានឲ្យដឹងថា នៅថ្ងៃទី២៨ មករា ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២២លើក បណ្តាលឲ្យមនុស្សស្លាប់ ១១នាក់ និងរងរបួសចំនួន ៣៨នាក់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង២២លើក បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន ៤៣គ្រឿង ដូចជាម៉ូតូ រថយន្តធុនតូច និងរថយន្តធុនធំ ជាដើម។
ចំណែកឯ នៅថ្ងៃទី២៧ មករា មនុស្ស បានស្លាប់ចំនួន១១នាក់ដូចគ្នា ប៉ុន្តែអ្នករងរបួស ថយចុះមកសល់ចំនួន២៨នាក់។ ក្នុងថ្ងៃទី២៧ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៣៨លើក។
បើតាមអគ្គស្នងការនគរបាលជាតិដដែល គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារតែមូលហេតុផ្សេង រួមមាន ការបើកបរដោយលើសល្បឿនកំណត់, ការបើកបរដោយមិនប្រកាន់ស្តាំ, ការបើកបរដោយប្រជែងគ្នា, ការបើកបរទាំងស្រវឹង និងការបើកបរដោយមិនគោរពសិទ្ធិគ្នា។ រីឯកត្តាយានយន្ត ក៏ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com