ជាតិ
លោក ប៉ាន សុធី ថា មនុស្ស​ប្រុស​ចូលចិត្ត​និយាយ​គ្នា​លើ​រឿង «​ពុករលួយ​» និង​រឿង «​ស្រី​»
21, Apr 2017 , 2:13 pm        
រូបភាព
រឿង «​ពុករលួយ​» និង រឿង «​ស្ត្រី​» គឺជា​ប្រធានបទ​ដែល​ប្រុស​និយម​និយាយ​លេង​នៅពេលដែល​ពួកគេ​ជួបជុំគ្នា​ចាប់ពី​ពីរ​នាក់​ឡើងទៅ​។ នេះ​បើតាម​សំណេរ​របស់លោក ប៉ាន សុធី នៅក្នុង​អារម្ភកថា នៃ​សៀវភៅ «​សង្គមសាស្ត្រ​នៃ​បញ្ហា​ពុករលួយ​» ដែល​ត្រូវបាន​បោះពុម្ពផ្សាយ​ឡើង​កាលពី​ឆ្នាំ​១៩៧២ ។​


​លោក ប៉ាន សុធី អតីតរដ្ឋមន្ត្រី​ក្រសួង​អប់រំ​ជាតិ និង​ជា​អតីត​អនុប្រធានរដ្ឋសភា បាន​កត់សម្គាល់ថា ទោះជា​មានការ​ជជែក​គ្នា​អំពី​រឿង​អ្វី​ក៏ដោយ ប៉ុន្តែ​ឲ្យ​តែ​ជិត​ចប់​រឿង មនុស្ស​តែងតែ​យក​រឿង «​ពុករលួយ​» និង​រឿង «​ស្ត្រី​» មក​បញ្ចប់​។​

​អតីត​សាស្ត្រាចារ្យ​ផ្នែក​ចិត្ត​វិទ្យា និង​ជា​អ្នកនិពន្ធ​ផងដែរ​នោះ  គូសបញ្ជាក់ថា រឿង «​ស្ត្រី​» ស្តាប់ទៅ​ពិ​រោះ ដែល​ធ្វើ​ឲ្យ​អ្នក​និយាយ និង​អ្នក​ស្តាប់​សប្បាយចិត្ត​អណ្តែតអណ្តូង សាច់ឈាម​រស់​រវើក ជាពិសេស​វា​ធ្វើ​ឲ្យ​ប្រុសៗ នៅមាន​ន័យ​ជា «​ប្រុស​»​។​

​ចំពោះ រឿង «​ពុករលួយ​» លោក ប៉ាន សុធី មើលឃើញថា វា​មានការ​ទាក់ទាញ​ដូចគ្នា ដែល​ធ្វើ​ឲ្យ​ដៃគូ​សន្ទនា​កាន់តែ​ចង់​ស្តាប់ ចង់​ឮ ប៉ុន្តែ​វា​បាន​បង្កើត​ឲ្យ​មាន​កំហឹង​ស្អប់ខ្ពើម ច្រណែន​ក្តៅក្រហាយ រហូតដល់​មានការ​ជេរប្រទេច​ផ្តាសា​...​។​

​លោក​បាន​សរសេរ​សន្និដ្ឋាន​ថា ការនិយាយ​លេង​ពី​រឿង​ស្ត្រី ក្លាយជា​ប្រពៃណី ជា​ទម្លាប់​មួយ​នៃ​ភេទបុរស​គ្រប់​ជាតិ គ្រប់​សង្គម​។ ចំណែក​រឿង ពុករលួយ វិញ ជា​រឿង​ថ្មី ជា​រឿង​ដែល​ច្រើន​កើតឡើង​ក្នុងសង្គម​សម័យ ឬ​សង្គម​ស៊ី​វិ​ល័យ​ក្នុង​ទីក្រុង​។​

​តាមរយៈ​ស្នាដៃ​ស្រាវជ្រាវ «​សង្គមសាស្ត្រ​នៃ​បញ្ហា​ពុករលួយ​» ដែល​បោះពុម្ពផ្សាយ​នៅ​ឆ្នាំ​១៩៧២ លោក ប៉ាន សុធី ដែលជា​សមាជិក​ក្រុម​អ្នកស្រាវជ្រាវ​ក្នុង​មន្ទីរ​ស្រាវជ្រាវ​នៅ​រដ្ឋ​អូ​ហៃ​យ៉ូ សហរដ្ឋអាមេរិក ផងដែរ​នោះ បានធ្វើ​ការណែនាំ និង​ពន្យល់​យ៉ាង​លម្អិត​ទាក់ទង​នឹង «​ពុករលួយ​»៕


Tag:
 រួបរួម-សៀវភៅ
© រក្សាសិទ្ធិដោយ thmeythmey.com