ជាតិ
សុវត្តិភាព ចរាចរណ៍
ចូលឆ្នាំចិន៣ថ្ងៃ៖ មនុស្សស្លាប់៣២នាក់ និងរបួស១០៣នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍
× ភ្នំពេញ៖ ក្នុងអំឡុងចូលឆ្នាំចិនរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ មនុស្ស៣២នាក់ បានស្លាប់ និង១០៣នាក់ទៀត បានរងរបួស ដោយសារតែគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេស។ នេះបើតាមការចុះផ្សាយក្នុងគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិ។
ការចុះផ្សាយខាងលើ បានឲ្យដឹងថា នៅថ្ងៃទី២៩ មករា ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើងចំនួន ២២លើក បណ្តាលឲ្យមនុស្សស្លាប់ ១០នាក់ និងរងរបួសចំនួន ៣៧នាក់។ នៅថ្ងៃទី២៨ មករា មនុស្សស្លាប់ចំនួន១១នាក់ និងរងរបួសចំនួន៣៨នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ ដែលកើតឡើង២២លើក។ ចំណែកឯ នៅថ្ងៃទី២៧ មករា មនុស្ស បានស្លាប់ចំនួន១១នាក់ដូចគ្នា ប៉ុន្តែអ្នករងរបួស ថយចុះមកសល់ចំនួន២៨នាក់។ ក្នុងថ្ងៃទី២៧ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន ៣៨លើក។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រយៈពេល៣ថ្ងៃក្នុងអំឡុងចូលឆ្នាំចិន បានកើតឡើងរហូតដល់ទៅ ៨២លើ។ គ្រោះថ្នាក់ចរាចរណ៍ទាំង៨២លើកនេះ បានបណ្តាលឲ្យខូចខាតយានយន្តមួយចំនួន ដូចជា ម៉ូតូ រថយន្តធុនតូច និងរថយន្តធុនធំ ជាដើម។
បើតាមអគ្គស្នងការនគរបាលជាតិដដែល គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើង ដោយសារតែមូលហេតុផ្សេង រួមមាន ការបើកបរដោយលើសល្បឿនកំណត់, ការបើកបរដោយមិនប្រកាន់ស្តាំ, ការបើកបរដោយប្រជែងគ្នា, ការបើកបរទាំងស្រវឹង និងការបើកបរដោយមិនគោរពសិទ្ធិគ្នា។ រីឯកត្តាយានយន្ត ក៏ជាហេតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com