ជាតិ
សេដ្ឋកិច្ច
ផ្លូវរថភ្លើងពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចពិសេស អាចនឹងត្រូវសាងសង់នៅឆ្នាំ២០១៨
× ភ្នំពេញ៖ រដ្ឋាភិបាល និងដៃគូសហការ កំពុងជំរុញការសិក្សាគម្រោងសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ ទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSEZ) ដែលអាចនឹងត្រូវចាប់ផ្ដើមសាងសង់នៅឆ្នាំ២០១៨ ។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។
ដើម្បីជំរុញគម្រោងសាងសង់ផ្លូវរថភ្លើងមួយខ្សែនេះ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី២ខែកុម្ភៈ បានជួបពិភាក្សាការងារជាមួយលោក Philippe Chatignoux ប្រធានផ្នែកសេវាសេដ្ឋកិច្ចនៃស្ថានទូតបារាំងប្រចាំកម្ពុជា, តំណាងទីភ្នាក់ងារបារាំងដើម្បីការអភិវឌ្ឍ (AFD), ក្រុមហ៊ុន Royal Railway, ក្រុមហ៊ុន PPSEZ, លេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនអាកាសយានដ្ឋានកម្ពុជា។
ក្រុមការងារក្រសួង និងភាគីពាក់ព័ន្ធទាំងនេះ បានពិភាក្សាអំពីការសិក្សាលទ្ធភាពសាងសង់ផ្លូវរថភ្លើងតភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅ PPSEZ នៅខែមីនាឆ្នាំ២០១៨ ។
កាលពីចុងខែមក កន្លងទៅ លោក ស៊ុន ចាន់ថុល បានថ្លែងថា នៅក្នុងអាណត្តិដែលលោកធ្វើជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោកចង់ឃើញការតភ្ជាប់ផ្លូវរថភ្លើងពីស្ថានីយរថភ្លើងភ្នំពេញ ទៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងបន្តទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងភ្ញៀវអន្តរជាតិ។ លោកបង្ហាញពីបំណងរបស់ខ្លួនដូចនេះ ប្រាប់ក្រុមអ្នកសារព័ត៌មានក្រោយពិធីសម្ពោធឲ្យប្រើប្រាស់ប្រព័ន្ធចុះបញ្ជីយានយន្តតាមអនឡាញ នៅសណ្ឋាគារអ៊ីនធឺខន៕
Tag:
ផ្លូវរថភ្លើង
ស៊ុន ចាន់ថុល
PPSEZ
© រក្សាសិទ្ធិដោយ thmeythmey.com