ជាតិ
សេដ្ឋកិច្ច
ធនាគារ ANZ Royal ទទួល​សិទ្ធិ​ប្រមូល​ចំណូល​ពន្ធ​ទូទាំងប្រទេស​
04, Feb 2017 , 6:59 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ ធនាគារ ANZ Royal គឺជា​ធនាគារ​ថ្មី​មួយទៀត ដែល​រដ្ឋាភិបាល​ជ្រើសរើស​ជា​ដៃ​ក្នុងការ​ប្រមូល​ចំណូល​ពន្ធដារ​។ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ធនាគារ ANZ Royal បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) ស្តីពី​ការប្រើប្រាស់​សេវាកម្ម​របស់​ធនាគារ ANZ Royal សម្រាប់​ប្រតិបត្តិការ​ចំណូល​ពន្ធដារ អនុវត្ត​ទូទាំងប្រទេស  នៅ​ថ្ងៃទី​៣​ខែកុម្ភៈ​។​


​លោក ជូ គឹម​ឡេង រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ថ្លែង​នៅក្នុង​ពិធី​ចុះ MOU នេះ​ថា ការបង្កើន​ដៃគូ​សម្រាប់​ការប្រមូល​ចំណូល​ពន្ធដារ​បន្ថែម​នេះ បានបង្ហាញ​នូវ​វឌ្ឍនភាព​ថ្មី​បន្ថែមទៀត​នៃ​កម្មវិធី​កំណែទម្រង់​វិស័យ​រដ្ឋបាល​សារពើពន្ធ ដើម្បី​លើកកម្ពស់​ប្រសិទ្ធិភាព​នៃ​ការប្រមូល​ចំណូល​ពន្ធ ផ្ដល់​ភាពងាយស្រួល និង​ជម្រើស​ច្រើន​ដល់​អ្នក​ជាប់ពន្ធ​ក្នុងការ​បង់ពន្ធដារ​តាមរយៈ​ប្រព័ន្ធ​ធនាគារ​។ 
 
​អគ្គនាយិការ​ប្រតិបត្តិ​ធនាគារ ANZ Royal លោកស្រី Leonie Lethbridge មានប្រសាសន៍ថា​៖« ដោយមាន​ការសហការ​យ៉ាង​ប្រសើរ​រវាង​អគ្គនាយកដ្ឋាន​ពន្ធដារ និង​ធនាគារ ANZ Royal ឥឡូវ​យើង​អាច​សម្រួល​ការបង់ពន្ធ​ដល់​អតិថិជន​សាជីវកម្ម​ក្នុងស្រុក និង​អន្តរជាតិ​ដែលមាន​ប្រតិបត្តិការ​តាម​តំបន់ និង​ក្នុងប្រទេស​កម្ពុជា​»​។ លោកស្រី​បន្ថែមថា អតិថិជន​សាជីវកម្ម​អាច​បង់ពន្ធ​បានជា​ប្រាក់រៀល ឬ​ប្រាក់​ដុល្លារ​តាម​សាខា​ធនាគារ ANZ Royal និង​តាម​ប្រព័ន្ធ​ធនាគារ​អេ​ឡិច​ត្រូវ​និក ចាប់ពី​ខែមេសា​ឆ្នាំនេះ​។​
 
​ធនាគារ ANZ Royal គឺជា​ធនាគារ​ដៃគូ​ប្រមូល​ចំណូល​ពន្ធ​របស់​រដ្ឋា​ភី​បាល​ទី​៦​ហើយ បន្ទាប់ពី​ធនាគារ អេស៊ីលីដា ភីអិលស៊ី​, ធនាគារ​កាណាឌីយ៉ា ក​.​អ​, ធនាគារ​ឯកទេស​វី​ង​, ធនាគារ​កម្ពុជា​សាធារណៈ និង​ធនាគារ​វឌ្ឍនៈ​៕
 
 

Tag:
 ពន្ធ​
  ANZ Royal
  ប្រមូល​ពន្ធ​
© រក្សាសិទ្ធិដោយ thmeythmey.com