ជាតិ
សេដ្ឋកិច្ច
គ្រឹះស្ថាន​អង្គរ ផ្តើម​អនុវត្ត​តម្លៃ​បណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ​ពីថ្ងៃ​ទី ១ កុម្ភៈ​តទៅ​
04, Feb 2017 , 3:20 pm        
រូបភាព
ដោយ:
 
​ភ្នំពេញ​៖ តម្លៃ​បណ្ណ​ថ្មី​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ត្រូវ​ចាប់ផ្ដើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​១​ខែកុម្ភៈ​តទៅ​។​គ្រឹះស្ថាន​អង្ករ ដែលជា​ស្ថាប័ន​គ្រប់គ្រង​ចំណូល​បណ្ណ​ចូល​ទស្សនា​តំបន់​អង្ករ បាន​ពន្យល់​ពី​ការដំឡើង​តម្លៃ​បណ្ណ​ថ្មី​នេះ​។​


​តម្លៃ​បណ្ណ​ចូល​ទស្សនា​ប្រាសាទ​អង្ករ ត្រូវបាន​ដំឡើង​ពី​២០​ដុល្លារ ទៅ ៣៧​ដុល្លារ សម្រាប់​បណ្ណ​ចូល​ទស្សនា​១​ថ្ងៃ​, ៤០​ដុល្លា ទៅ ៦២​ដុល្លារ ចំពោះ​បណ្ណ​ចូល​ទស្សនា​៣​ថ្ងៃ​មាន​សុពលភាព​១០​ថ្ងៃ និង​ពី​៦០​ដុល្លារ ទៅ ៧២​ដុល្លារ មាន​សុពលភាព​១​ខែ​។​
 
​គ្រឹះស្ថាន​អង្ករ​បានលើកឡើង​ពី​មូលដ្ឋាន​មួយចំនួន​នៃ​ការសម្រេច​ដំឡើងថ្លៃ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​អង្ករ​។ បើតាម​សេចក្ដីប្រកាស​ព័ត៌មាន ដែល​ចុះ​ថ្ងៃទី​៣១​ខែមករា​ឆ្នាំនេះ គ្រឹះស្ថាន​អង្ករ​បញ្ជាក់ថា ការដំឡើងថ្លៃ​នេះ ធ្វើឡើង​ដោយ​ផ្អែកលើ​ការសិក្សា​ច្បាស់លាស់ និង​មានការ​ស្ទាប់ស្ទង់​មតិ​អំពី​ថ្លៃ​បណ្ណ​ថ្មី​ពី​សំណាក់​ភ្ញៀវទេសចរ​ដែល​បាន​ទស្សនា​រមណីយដ្ឋាន​អង្ករ ដែល​ភាគច្រើន​មិនមាន​យោបល់​ជំទាស់​នោះទេ​។ ហើយ​បើ​ធៀប​នឹង​ទៅនឹង​តម្លៃ​បណ្ណ​ចូល​ទស្សនា​រមណីយដ្ឋាន​នៅលើ​សកលលោក តម្លៃ​បណ្ណ​ចូល​ទស្សនា​អង្ករ គឺ​នៅ​ទាប​ជាងគេ​នៅឡើយ​។​
 
​សេចក្ដីប្រកាស​ព័ត៌មាន​ដដែល​នេះ​បន្ថែមថា តម្លៃ​បណ្ណ​ចាស់ គឺ​បាន​អនុវត្ត​តាំងពី​ឆ្នាំ​១៩៩៤​មក​ម្លេះ បើ​គិតពី​អតិផរណា​នៃ​តម្លៃ​ប្រាក់​ដុល្លារ ២០​ដុល្លារ នៅ​ឆ្នាំ​១៩៩៤ គឺ​ស្មើនឹង​តម្លៃ ៣១,៥​ដុល្លារ​នៅ​ឆ្នាំ​២០១៦ ។​
 
​ឈរលើ​គោលការណ៍​តម្លៃភាព និង​គណនេយ្យភាព ចំណូល​ដែល​ទទួលបាន​ពី​ការលក់​បណ្ណ ត្រូវបាន​បង់​ចូល​ថវិកាជាតិ​ទាំងស្រុង​ជា​រៀងរាល់ថ្ងៃ ដែល​ក្នុងនោះ​ទឹកប្រាក់ ១៥​ភាគរយ ពី​ការលក់​បណ្ណ​ត្រូវបាន​រក្សាទុក​សម្រាប់​ចំណាយ​លើ​ការងារ​អភិរក្ស  និង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំង​លើកកម្ពស់​គុណភាព​សេវាសាធារណៈ​នៅក្នុង​តំបន់​អង្ករ​។ នេះ​បើតាម​សេចក្ដីប្រកាស​ខាងលើ​។​
​ក្នុងតម្លៃ​បណ្ណ​ថ្មី​នីមួយៗ ត្រូវបាន​បញ្ចូល​ទឹកប្រាក់​ចំនួន ២​ដុល្លារ​សម្រាប់​ជា​វិភាគទាន​ចូល​មូលនិធិ​មន្ទីរពេទ្យ​គន្ធបុប្ផា​ផងដែរ​។​
 
​គួរ​បញ្ជាក់ថា រដ្ឋាភិបាល​បាន​ដកហូត​ការលក់​សំបុត្រ​ចូល​ទស្សនា​ប្រាសាទ​អង្ករ​ពី​ក្រុមហ៊ុន សុខា របស់លោក សុខ គង់ ដើម្បី​គ្រប់គ្រង​ដោយ​ខ្លួនឯង ចាប់ពី​ខែមករា​ឆ្នាំ​២០១៦ ។ របាយការណ៍​ពី​គ្រឹះស្ថាន​អង្ករ​ឲ្យ​ដឹងថា ការលក់​សំបុត្រ​ចូល​ទស្សនា​រមណី​ដ្ឋា​ន​អង្គរ​នៅ​ឆ្នាំ​២០១៦ បាន​ជាង ៦២​លាន​ដុល្លារ​កើនឡើង ៤,២​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ៕

Tag:
 គ្រឹះស្ថាន​អង្គរ​
  សំបុត្រ​ទស្សនា​អង្គរ​
  អង្គរ​
© រក្សាសិទ្ធិដោយ thmeythmey.com