អន្តរជាតិ
Duterte ប្រាប់​មន្ត្រីជាន់ខ្ពស់​ឲ្យ​«​មក​ធ្វើការ​មុនគេ និង​ចេញ​ក្រោយ​គេ​» បើ​មិន​ចង់​អស់តំណែង​
07, Feb 2017 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​ប្រធានាធិបតី​ហ្វីលីពីន Rodrigo Duterte នៅ​ថ្ងៃទី​៦ ខែកុម្ភៈ បានចេញ​បញ្ជា​ឲ្យ​បណ្ដា​ប្រធាន​នាយកដ្ឋាន​ចំណុះ​រដ្ឋាភិបាល​ទាំងអស់ ត្រូវ​មក​ធ្វើការ​ឲ្យ​បាន​មុនគេ ដើម្បី​ធានា​ពី​ប្រសិទ្ធភាព​ក្នុង​ការផ្ដល់សេវា​កម្មដ​ល់​ប្រជាជន​។ លោក ក៏បាន​ព្រមាន​ថា បើ​មន្ត្រី​ទាំងនោះ​មិនមាន​មុខ​នៅ​កន្លែងធ្វើការ​គ្រប់ពេល​នោះទេ ពួកគេ​ប្រឈមមុខ​នឹង​ការ​អស់តំណែង​មិន​ខាន ហើយ​លោក​ក៏​មិន​ផ្ដល់ឱកាស​ឲ្យ​ពួកគេ​ម្ដងទៀត​ដែរ​។



​បុរស​ខ្លាំង​ហ្វីលីពីន Rodrigo Duterte បាន​ព្រមាន​ដកតំណែង​មន្ត្រី​ថ្នាក់​ប្រធាន​ទីភ្នាក់ងារ​របស់​រដ្ឋា​ភិ​បាល​ទាំងឡាយណា​ដែល​មក​ធ្វើការ​យឺត និង​មិនបាន​ផ្ដល់​សេវាកម្ម​ឲ្យ​ប្រជាជន​ឲ្យ​ទាន់ពេលវេលា​។ លោក​បានដាក់​បញ្ជា​ឲ្យ​បណ្ដា​ប្រមុខ​ទីភ្នាក់ងារ​រដ្ឋ​ទាំងនោះ ដោះស្រាយ​សំណើ​របស់​ប្រជាជន​ក្នុង​រយៈពេល​មួយខែ បើ​ពុំ​នោះទេ លោក​នឹង​ដកតំណែង​ពួកគេ​ដោយ​មិន​ឲ្យ​ដឹង​មុន​មិនខានឡើយ​។​

​ក្នុង​ពិធី​អាហារ​ថ្ងៃត្រង់​នៅ​វិមាន​ប្រធានាធិបតី​នៅ​ថ្ងៃទី​៦ ខែកុម្ភៈ ប្រធានាធិបតី​រូបនេះ​និយាយថា មន្ត្រី​ជានា​យក​ទីភ្នាក់ងារ​រដ្ឋ​ទាំងអស់ គួរតែ​ជា​មនុស្ស​មកដល់​ការិយាល័យ​មុនគេ និង​ជា​អ្នក​ចុងក្រោយ​គេ​ដែល​ចាក​ចេញពី​ការិយាល័យ​ដែរ ដើម្បី​ប្រាកដថា សេវាកម្ម​របស់​រដ្ឋាភិបាល​ត្រូវបាន​បែងចែក​ដោយមាន​ប្រសិទ្ធភាព​។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​សារព័ត៌មាន ABS-CBN របស់​ហ្វីលីពីន​។​

«​គ្រប់​ប្រធាន​ទីភ្នាក់ងារ​ទាំងអស់ ត្រូវ​មក​ធ្វើការ​មុនគេ និង​ត្រូវ​ចេញ​ក្រោយ​គេ​។ ពួកគេ​ត្រូវតែ​មានមុខ​នៅ​ការិយាល័យ​រហូត​។ ខ្ញុំ​សូម​ព្រមាន​ឲ្យ​ហើយ​។ បើ​ពួកគេ​មិន​នៅ​ការិយាល័យ​ទេ ហើយ​ប្រជាជន​កំពុង​រង់ចាំ​ការផ្ដល់​សេវាកម្ម​នោះ ខ្ញុំ​នឹង​ដកតំណែង​ដោយ​មិន​ប្រាប់​មុន​ឡើយ​។ គ្មាន​លើក​ទី​ពីរ​អ្វី​ទាំងអស់​។​» នេះ​ជាការ​ព្រមាន​របស់​ប្រធានាធិបតី Duterte ដែល​បាន​បញ្ជាក់ដែរថា លោក​មិន​អត់ឱន​ឲ្យ​មន្ត្រី​ដែល​ធ្វើការ​មិនបាន​ល្អ​ឡើយ​។

​ប្រភពព័ត៌មាន​ដដែល​បន្តថា ប្រធានាធិបតី​រូបនេះ មិន​ខ្វល់​ថា លោក​ត្រូវគេ​ចងចាំ​ជា​ប្រធានាធិបតី​គ្មាន​ប្រជាប្រិយភាព​ជាងគេ​ឡើយ​។ ពោល គឺ​គ្រប់គ្នា​ត្រូវតែ​គោរព​ច្បាប់ ពេល​លោក​កាន់អំណាច​។ ម្យ៉ាងទៀត​នោះ លោក Duterte ក៏​អះអាង​ដែរ​ថា រូបលោក​ផ្ទាល់ ក៏​មិន​ត្រូវបាន​លើកលែង​ជាពិសេស​អ្វី​ដែរ​។ លោក​បាន​លើកយក​ករណី​ដែល​លោក​ជិះ​យន្តហោះ​កៅអី​ធម្មតា ជា​ឧទាហរណ៍​ដើម្បី​បញ្ជាក់​ភាពសាមញ្ញ​របស់លោក​ក្នុងនាម​ជា​ប្រធានាធិបតី​។​

​តាមពិត​នរណា​ក៏​ដឹង​ដែរ​ថា លោក Duterte ដែល​ចូលកាន់​តំណែង​បាន​ជាង​កន្លះ​ឆ្នាំ ជា​ប្រធានាធិបតី​ដៃ​ឆៅ និង​និយាយ​វាយប្រហារ​គ្រប់​មនុស្ស​ទាំងអស់​។ យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន និង​ការរំលាយ​អង្គភាព​ប្រ​ឆាំ​ង​គ្រឿងញៀន​ភ្លាមៗ ជា​ឧទាហរណ៍​នៃ​របៀប​ធ្វើការ​របស់លោក​។ ពេល​កន្លងទៅ លោក​ថែមទាំង​ធ្លាប់​គំរាម​ចាប់​មន្ត្រី​ពុករលួយ​បោះ​ទម្លាក់​ពី​ឧទ្ធម្ភាគចក្រ បើ​ពួកគេ​ត្រូវ​រកឃើញថា មាន​កំហុស​មែន​នោះ​។ ពោល គឺ​លោក​មិន​អត់ឱន​ឲ្យ​ពួកគេ​ឡើយ​៕ 


Tag:
 ហ្វីលីពីន​
  Duterte
© រក្សាសិទ្ធិដោយ thmeythmey.com