ជាតិ
សេដ្ឋកិច្ច
ក្រសួងកសិកម្ម ប្រកាសឲ្យក្រុមហ៊ុនដែលចង់នាំអង្ករទៅចិន មកដាក់ពាក្យស្នើសុំវាយតម្លៃ
× អគ្គនាយកដ្ឋានកសិកម្ម បានប្រកាសឲ្យក្រុមហ៊ុនផលិតកែច្នៃអង្ករសម្រាប់នាំចេញទៅប្រទេសចិន ត្រូវមកដាក់ពាក្យស្នើសុំការត្រួតពិនិត្យ និងវាយតម្លៃបច្ចេកទេស ឲ្យបានមុន ដំណាច់ ខែកុម្ភៈនេះ។
បើតាមសេចក្ដីជូនដំណឹងរបស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី៦ខែកុម្ភៈ អគ្គនាយកដ្ឋានកសិកម្ម បានត្រួតពិនិត្យបច្ចេកទេស និងវាយតម្លៃ ព្រមទាំងចុះបញ្ជីឈ្មោះផ្នែកបច្ចេកទេស ជូនដល់ក្រុមហ៊ុនផលិតកែច្នៃអង្ករសម្រាប់នាំចេញទៅចិន ដែលមានសមត្ថភាព និងលក្ខណៈសម្បត្តិសមស្រប ដោយផ្អែកលើច្បាប់របស់ប្រទេសចិន។ ការពិនិត្យ និងវាយតម្លៃនេះ គឺធ្វើឡើងតាមការស្នើពីអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡឺស័ករបស់ចិន។
សេចក្ដីជូនដំណឹងខាងលើ អគ្គនាយកដ្ឋានកសិកម្ម បានបញ្ចប់ការវាយតម្លៃដំណាក់ទី១ កាលពីចុងឆ្នាំ២០១៦ ។ នៅក្នុងដំណាក់កាលទី២នេះ អគ្គនាយដ្ឋានកសិកម្ម ប្រកាសឲ្យក្រុមហ៊ុនដែលបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ដែលមិនទាន់ដាក់ពាក្យសុំការវាយតម្លៃ ត្រូវរួសរាន់មកដាក់ពាក្យចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២៨ ខែកុម្ភៈ នេះ ជាកំណត់ នៅអគ្គនាយកដ្ឋានកសិកម្ម ឬលេខាធិការដ្ឋានច្រកចេញចូលតែមួយសម្រាប់បំពេញបែបបទនាំចេញអង្ករ។ នេះបើតាមសេចក្ដីជូនដំណឹងដដែល។
គួរបញ្ជាក់ថា កាលពីចុងឆ្នាំ២០១៦ រដ្ឋាភិបាលចិន និងកម្ពុជា បានចុះកិច្ចព្រមព្រៀងនាំចូលអង្ករ ២០ម៉ឺនតោន ដែលជាទំហំទ្វេដង បើធៀបនឹងឆ្នាំមុនៗ ដែលអនុញ្ញាតឲ្យនាំចូលត្រឹម ១០ម៉ឺនតោន៕
© រក្សាសិទ្ធិដោយ thmeythmey.com