ជាតិ
សេដ្ឋកិច្ច
ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត​កើនឡើង​ខ្លាំង​នៅ​ឆ្នាំ​២០១៦
08, Feb 2017 , 8:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ វិស័យ​ធានារ៉ាប់រង​របស់​កម្ពុ​ជា​នៅ​ឆ្នាំ​២០១៦ កន្លងទៅ ទទួលបាន​កំណើន​ច្រើន បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ អ្វីដែល​គួរ​ឲ្យ​កត់សម្គាល់​នោះ​គឺ ឧស្សាហកម្ម​ធានារ៉ាប់រង​អាយុជីវិត ដែលមាន​កំណើន​ដល់ ៩៥​ភាគរយ​ឯណោះ​។ អ្នកជំនាញ​ក្នុង​វិស័យនេះ​ប្រាប់ថា ការលូតលាស់​សេដ្ឋកិច្ច និង​ការយល់ដឹង​របស់​ពល​រដ្ឋ គឺជា​កត្តា​ជំរុញ​កំណើន​ទាំងនេះ​។​



​ផ្អែក​តាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​សមាគម​ធានារ៉ាបរង​កម្ពុជា (IAC) ទឹកប្រាក់​សរុប​របស់​ឧស្សាហកម្ម​ធានារ៉ាប់រង ដែល​ទទួលបាន​ពី​អតិថិជន​នៅ​ឆ្នាំ​២០១៦ មាន​ចំនួន ១១៣,៦​លាន​ដុល្លារ កើនឡើង ៣៥,៦​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ដែលមាន​ទឹកប្រាក់​ត្រឹមតែ ៨៣,៧​លាន​ដុល្លារ​។ ក្នុងនោះ​ឧស្សាហកម្ម​ធានារ៉ាប់រង​ទូទៅ​បាន​កើនឡើង ១៤​ភាគរយ ខណៈ​ធានារ៉ាប់រង​អាយុជីវិត​កើន ៩៥​ភាគរយ​។​

​របាយការណ៍​ឲ្យ​ដឹងថា ធានារ៉ាប់រង​អាយុជីវិត​នៅ​ឆ្នាំ​២០១៦ ទទួលបាន​អតិថិជន​ថ្មី​ចំនួន ៥១០០០​បណ្ណ​ធានារ៉ាប់រង​អាយុជីវិត​។ ធានារ៉ាប់រង​នេះ​បាន​ចូល​ទីផ្សារ​កម្ពុជា​ចាប់តាំងពី​ឆ្នាំ​២០១២ ហើយ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ចំនួន ៥ ផ្ដល់​សេវា​ធានារ៉ាប់រង​អាយុជីវិត​នេះ​។​

​លោក ហ៊ុយ វ៉ា​ថា​រ៉ូ ប្រធាន​សមាគម IAC បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការរីក​ម្រើ​ន​ក្នុង​ឧស្សាហកម្ម​មួយ​នេះ ដោយសារតែ​ប្រជាជន​កាន់តែ​យល់ដឹង​ពី​អត្ថប្រយោជន៍​នៃ​ការប្រើប្រាស់​សេវា​ធានារ៉ាបរង ទន្ទឹមនឹង​ការលូតលាស់​សេដ្ឋកិច្ច ដែល​បង្កើន​ប្រាក់ចំណូល​របស់​ពលរ​ដ្ឋ​។

​បើតាម​លោក វ៉ា​ថា​រ៉ូ ឧស្សាហកម្ម​ធានារ៉ាប់រង​នេះ​នៅតែមាន​សក្ដានុពល​កំណើន​នៅក្នុង​ទីផ្សារ​កម្ពុជា ខណៈ​វិស័យនេះ​នៅមាន​ទំហំ​តូច​នៅឡើយ បើ​ធៀប​នឹង​ទំហំ​សេដ្ឋកិច្ចជាតិ​។ លោក​លើកឡើង​យ៉ាង​ដូច្នេះ​ថា​៖«​វិស័យនេះ​គឺ​វា​ដើរ​ស្រប​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ច ហើយ​បើ​យើង​មើល​សេដ្ឋកិច្ច​នៅតែមាន​កំណើន​គួរ​ឲ្យ​កត់សម្គាល់ និង​វិនិយោគ​នៅតែមាន​សក្ដានុពល ចេះតែ​កើន ដែល​បង្កើត​ឲ្យ​មាន​តម្រូវការ​សេវា​ធានារ៉ាប់រង​បន្ថែមទៀត​។​

​ក្រៅពី​បង្កើត​ការងារ ឧស្សាហកម្ម​ធានារ៉ាប់រង​បាន​ជួយ​ច្រើន​ដល់​វិស័យ​ហិរញ្ញវត្ថុ​។ លោក ហ៊ុយ វ៉ា​ថា​រ៉ូ បញ្ជាក់ថា ទឹកប្រាក់​មួយចំនួនធំ​របស់​ក្រុមហ៊ុន​ធានារ៉ាប់រង ត្រូវ​បង្វិល​ទៅក្នុង​ចរន្ត​សេដ្ឋកិច្ច តាមរយៈ​ការដាក់​ប្រាក់​បញ្ញើ​នៅក្នុង​ធនាគារ និង​ការទិញ​ឧបករណ៍​ហិរញ្ញវត្ថុ​ផ្សេងៗ ៕


Tag:
 ធានារ៉ាប់រង​
  ហ៊ុយ វ៉ា​ថា​រ៉ូ​
© រក្សាសិទ្ធិដោយ thmeythmey.com