ជាតិ
សេដ្ឋកិច្ច
ភ្នំពេញ​នឹងមាន​កប៉ាល់​ល្បឿន​លឿន​២០​គ្រឿង សម្រាប់​សេវាកម្ម Water Taxi Service
08, Feb 2017 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​ត្រៀម​កប៉ាល់​ចំនួន ២០​គ្រឿង​ដែល​កប៉ាល់​ក្នុង​មួយគ្រឿងៗ​អាច​ផ្ទុក​អ្នកដំណើរ​ចំនួន ៩០​នាក់ សម្រាប់​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹក (Water taxi service)​ពី​ម៉ោង ៦​ព្រឹក រហូតដល់​ម៉ោង ៨​យប់ ក្នុង​រាជធានី​ភ្នំពេញ ជា​លើកដំបូង នាពេលខាងមុខ​។ នេះ​បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​។



​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា កប៉ាល់​ដឹកជញ្ជូន​អ្នកដំណើរ​តាមផ្លូវ​ទឹកនឹង​ចាប់ផ្តើម​ដំណើរ​ទៅ​មកពី​ស្ថានីយ៍​អ្នកដំណើរ​ស្ពាន​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ រហូតដល់​ស្ថានីយ៍​អ្នកដំណើរ​ក្រុង​តាខ្មៅ ខេត្តកណ្តាល ដោយ​ឆ្លងកាត់​ចំណត​ចំនួន ៩​កន្លែង​តាម​ដង​ទន្លេសាប ទន្លេចតុមុខ និង​ទន្លេបាសាក់​ចម្ងាយ​ចំនួន ២៤.៩​គីឡូម៉ែត្រ ស្មើនឹង​ចម្ងាយ​ទៅមក​ជិត ៥០​គីឡូម៉ែត្រ​។​

​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា កប៉ាល់​ល្បឿន​លឿន​នេះ អាច​បើកបរ​ក្នុង​ចម្ងាយ​ពី​ចំនួន ៣០​គីឡូម៉ែត្រ ទៅ ៤០​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ហើយ​ថា វា​ចេញដំណើរ​ពី​ចំណត​មួយ​ទៅ​ចំណត​មួយ ក្នុង​រយៈពេល ១២​នាទី​ទៅ​១៥​នាទី​ម្តង​។​



​លោក​ជឿជាក់ថា សាធារណជន​នឹងចូលរួម​ប្រើប្រាស់​សេវា​ដឹកជញ្ជូន​តាមផ្លូវ​ទឹក ដើម្បី​រួមចំណែក​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​។ «​ពលរដ្ឋ​បាន​សួរ​យើង (​អាជ្ញាធរ​)​ច្រើន​ថា តើ​គម្រោង​ចាប់ផ្តើម​ដំណើរការ​ពេលណា ក្រោយពី​យើង​បាន​ប្រជុំ​រួច ដូច្នេះ​ខ្ញុំ​ជឿជាក់ថា ពលរដ្ឋ​នឹង​គាំទ្រ​គម្រោង​នេះ​»​។ លោក ម៉េ​ត មាស​ភក្តី បញ្ជាក់​នៅ​ថ្ងៃទី​៨ កុម្ភៈ​នេះ ក្រោយពី​អភិបាល​រាជធានី​ភ្នំពេញ​លោក ប៉ា សុជាតិ​វង្ស បាន​ប្រជុំ​ឆ្លង​គម្រោង​ដឹកជញ្ជូន​អ្នកដំណើរ​តាម​ផ្លូវទឹក​រួចរាល់​។​

​ប៉ុន្តែ លោក​ពុំទាន់​ដឹង​ពី​ការចំណាយ​ថវិកា​សម្រាប់​អនុវត្ត​គម្រោង​សេវា​ដឹកជញ្ជូន​សាធារណៈ​តាម ផ្លូវទឹក​លើកដំបូង​នេះ​ទេ ស្របពេល​អាជ្ញាធរ និង​វិស័យ​ឯកជន កំពុង​សិក្សា​ផែនការ​លម្អិត​។ បើតាម​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ គម្រោង​នេះ នឹងដាក់​ឲ្យ​ដំណើរការ​នៅ​ដើមឆ្នាំ ២០១៨ ខាងមុខ​៕




Tag:
 ម៉េ​ត មាស​ភក្តី​
  សាលា​រាជធានី​ភ្នំពេញ​
  កប៉ាល់​
  ផ្លូវទឹក​
  ទន្លេសាប
© រក្សាសិទ្ធិដោយ thmeythmey.com