ជាតិ
អ្នកស្រុក​អង្គរ​ធ្វើ​ពិធី​រកត្រី​រួមគ្នា​ដើម្បី​ត្រៀម​ឡើង​មាឃ​
09, Feb 2017 , 8:19 pm        
រូបភាព
​សៀមរាប​៖ អ្នកភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប បានធ្វើ​ពិធី​រកត្រី​រួមគ្នា​មួយ ដើម្បី​ត្រៀម​ឡើង​មាឃ​។ តាម​ការបញ្ជាក់​របស់​លោក​មេភូមិ​បង្កោង ពិធី​នេះ​មាន​តាំងពី​បុរាណ​មក ហើយ​អ្នកភូមិ​បន្ត​អភិរក្ស​រហូតមកដល់​បច្ចុប្បន្ន​។​



​លោក ទិច ខិ​ន មេភូមិ​បង្កោង​បាន​ឲ្យ​ដឹងថា ត្រពាំង​បឹង​ត្រូវបាន​អ្នកភូមិ​ការពារ​មិន​ឲ្យ​មានការ​នេសាទ រហូតដល់​វេលា​មួយ​ដែល​កំណត់​ដើម្បី​ចុះ​រកត្រី​។ លោក​បន្ថែមថា ពិធី​រកត្រី​នេះ​ត្រូវបាន​រៀបចំ​ធ្វើជា​រៀងរាល់ឆ្នាំ​នៅ​ដើមខែ​មាឃ ដើម្បី​ត្រៀម​ឡើង​មាឃ​របស់​អ្នកភូមិ​។​

​លោក ទិច ខិ​ន​បន្តទៀតថា ការរក​ត្រី​រួមគ្នា​នេះ​គឺ​ចាប់ធ្វើ​ពីថ្ងៃ​១​កើត ខែមាឃ ហើយ​នៅ​ថ្ងៃ​បន្ទាប់​អ្នកភូមិ​ត្រៀម​ធ្វើ​នំ និង​ថ្ងៃ​៣​កើត​ត្រូវធ្វើ​ពិធី​ឆ្លង​។ លោក ទិច ខិ​ន មិនអាច​បញ្ជាក់​ពី​ដើមហេតុ​នៃ​ការ​ប្រារព្ធ​ពិធី​នេះ​បានឡើយ ដោយ​លោក​គ្រាន់តែ​ពន្យល់ថា វា​ជា​ប្រពៃណី​ដែល​អ្នកភូមិ​បាន​ដឹងឮ និង​ធ្វើជា​រហូតមក​។​

​សម្រាប់​នៅ​ឆ្នាំនេះ ការចុះ​រកត្រី​របស់​អ្នកភូមិ​បង្កោង​មានការ​ពន្យា​ពេល​បន្តិច ដោយសារ​សាលាឆទាន​មិនទាន់​រួចរាល់ និង​ទឹក​ត្រពាំង​បឹង​នៅ​មិនទាន់​ស្រក​អស់​។ ក្នុង​ពិធី​ចុះ​រកត្រី​នេះ គឺ​អ្នកភូមិ​ប្រើប្រាស់​ឧបករណ៍​នេសាទ​បុរាណ ដែលមាន​ដូចជា​សំណាញ់ និង​អង្រុត ហើយ​មាន​ចាក់​មេក្រូ​ដើម្បី​ធ្វើ​ឲ្យ​កម្មវិធី​មួយ​នេះ ឲ្យ​កាន់តែ​សប្បាយរីករាយ​។​

«​ឲ្យ​តែ​ដល់​ថ្ងៃនេះ​មក អ្នកភូមិ​ដេក​អត់​លក់​ទេ ទោះជា​យើង​កំណត់ថា​ម៉ោង​៧​ព្រឹក ទើប​អាច​ចុះ​រកត្រី​ក៏ដោយ ក៏​អ្នក​ខ្លះមក​ចាំ​តាំងពី​ម៉ោង​១​យប់​»​។ នេះ​បើតាម​សំដី​របស់លោក​មេភូមិ ដោយ​លោក​បន្ថែមទៀតថា ត្រី​នៅ​ឆ្នាំនេះ​មានការ​ចុះ​បន្តិច​ជាង​ឆ្នាំទៅ​។ លោក ទិច ខិ​ន ពន្យល់ថា​៖« ខុសខ្លួន​ឯង​ទេ ដោយសារ​ឆ្នាំទៅ​មិញ​ទៅ​បិទ​ទំនប់​ទៅ បង់​បានកូន​ត្រី​ឆ្តោរ យកមក​ព្រលែង ស៊ី​កូន​ត្រី​អស់​...»​។​

​គួរ​បញ្ជាក់ថា ពិធី​រកត្រី​នេះ​គឺ​សម្រាប់តែ​អ្នកភូមិ​បង្កោង​តែប៉ុណ្ណោះ​។ នៅ​ថ្ងៃ​ចុះ​រកត្រី​រួម​នេះ គេ​ដាក់​មេក្រូ​មួយ​ដោយ​ប្រកាស​ហាម​មិន​ឲ្យ​អ្នក​ក្រៅ​ចុះ​រកត្រី ប៉ុន្តែ​អ្នក​ខាងក្រៅ​អាច​ចុះ​រកបាន ទាល់តែ​ផុតពី​ថ្ងៃនេះ​។ ការរក​ត្រី ធ្វើឡើង​ទៅតាម​គ្រួសារ​មួយៗ ហើយ​ត្រី​ដែល​រកបាន ខ្លះ​ចំអិន​ហូប​នៅនឹងកន្លែង ដោយ​ត្រូវ​ទុក​ខ្លះ​សម្រាប់ធ្វើ​សម្ល​នំ​បញ្ចុក ទុក​ដល់​ថ្ងៃ​ឆ្លង​មាឃ​។ អ្នកភូមិ​អាច​ហូប​នំ​បញ្ចុក​នៅតាម​ផ្ទះ​រៀងខ្លួនៗ ឫ​ក៏​អាច​ហូប​រួម​ដែល​គេ​ធ្វើ​នៅ​សាលាឆទាន​ក្នុងភូមិ​៕
























































© រក្សាសិទ្ធិដោយ thmeythmey.com