ជាតិ
សេដ្ឋកិច្ច
អន្តរក្រសួង​នឹង​ចុះ​ត្រួតពិនិត្យ​«​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​»​តាម​ក្រុមហ៊ុន​ទូរ​សព្ទ​ចល័ត​
10, Feb 2017 , 8:19 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រុមអធិការកិច្ច​អន្តរក្រសួង នឹង​ចុះ​ត្រួតពិនិត្យ​រកស៊ី​មកា​ត​ដែល​គ្មាន​ឯកសារ​សម្គាល់​អត្តសញ្ញាណ នៅតាម​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត នាពេលខាងមុខ​ឆាប់ៗ ដើម្បី​លុបបំបាត់​ការប្រើ​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​។ នេះ​បើតាម​អ្នកនាំពាក្យ​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា​។



​ការចុះ​ធ្វើ​អធិការកិច្ច និង​ចាត់វិធានការ​លើ​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​នេះ ហាក់​យឺតយ៉ាវ​ផ្ទុយ​ពី​ការប្រកាស​របស់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា (TRC) ក្នុងពេល​កន្លងមក​។ គួរ​បញ្ជាក់ថា កាលពី​ខែតុលារ​ឆ្នាំ ២០១៦ TRC ព្រមាន​ថា នឹង​បិទ​ស៊ីម​កាត​ទូរ​សព្ទ​ចល័ត​ណា​ដែល​គ្មាន​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ នៅក្នុង​ខែ​វិច្ចិកា​។

​លោក អ៊ឹម វុត្ថា អ្នកនាំពាក្យ TRC បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មី​ថា ក្រុមអធិការកិច្ច​ចំណុះ​ឲ្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​, ក្រសួងមហាផ្ទៃ និង​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា កំពុង​ត្រូវបាន​បង្កើតឡើង ដែល​នឹង​ចុះ​ត្រួតពិនិត្យ និង​ចាត់វិធានការ​លើ​ស៊ីម​កាត​ដែល​គ្មាន​ឯកសារ​គតិយុត្ត​សម្គាល់​អត្តសញ្ញាណ ក្នុងពេល​ឆាប់ៗ​ខាងមុខ​។ លោក​លើកឡើង​ដូច្នេះ​ថា​៖«​យើង​មាន​បទ​ប្បញ្ញត្តិ​អន្ត​ក្រសួង​កំណត់​ឲ្យ​អ្នក​ជាវ​សេវា (​ទូរ​សព្ទ​) ទាំងអស់​មាន​អត្តសញ្ញាណ​សម្គាល់ ហើយ​ចុងក្រោយ​យើង​ឲ្យ​ក្រុមហ៊ុន​កែតម្រូវ ប៉ុន្តែ​ចង់​យឺត​ទៅហើយ យើង​មិនទាន់​ទៅ​ចាត់វិធានការ​ផង​។ ឥឡូវ​យើង​កំពុង​បង្កើត​ក្រុម​ការ ដើម្បី​ចុះ​តាម​ក្រុមហ៊ុន ដើម្បី​ឲ្យ​ប្រាកដថា​មាន​អត្តសញ្ញាណ​ទាំងអស់​ហើយ​ឬ​នៅ​?»​។​

«​បើ​យើង​មើល​ទៅលើ​ទីផ្សារ​គាត់ (​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​) នៅតែ​ប្រកួតប្រជែង​គ្នា លួច​លក់​អត់​ព្រមយក​អា​ណឹ​ង (​អត្តសញ្ញាណ​បណ្ណ​) ដដែល​»​។ នេះ​ជាការ​បញ្ជាក់​របស់ លោក អ៊ឹម វុត្ថា ។​

​អ្នកនាំពាក្យ TRC រូបនេះ​ឲ្យ​ដឹងថា ក្រុមអធិការកិច្ច​នឹង​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរ​សព្ទ​ចល័ត​ទាក់ទង​ឲ្យ​អតិថិជន​របស់ខ្លួន​បំពេញបែបបទ​ឲ្យ​បាន​ត្រឹមត្រូវ ចំពោះ​ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​។  លោក​បន្ថែមថា ស៊ីម​កាត​គ្មាន​អត្តសញ្ញាណ​ត្រឹមត្រូវ ហើយ​ដែល​អ្នក​ប្រើ​ស៊ីម​នោះ​មិន​មក​បំពេញបែបបទ​តាម​ការកំណត់ នឹងត្រូវ​លុបចេញ​ពី​បណ្តាញ​សេវា​ទូរ​សព្ទ​។​

​គួរ​បញ្ជាក់ថា កម្ពុ​ជាមាន​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរស័ព្ទ​ចល័ត​ចំនួន ៦ និង​មានការ​ប្រើប្រាស់​ស៊ីម​កាត​ប្រមាណ ១៩,៥​លាន​៕


Tag:
 ស៊ីម​កាត​
  ទូរ​សព្ទ​
© រក្សាសិទ្ធិដោយ thmeythmey.com