ជាតិ
សេដ្ឋកិច្ច
ក្រសួងពាណិជ្ជកម្ម ដាក់​ផែនការ​សម្រួល​ការនាំចេញ​ទំនិញ​ដល់​វិស័យ​ឯកជន​
11, Feb 2017 , 5:39 pm        
រូបភាព
រូបភាពពីក្រសួងពាណិជ្ជកម្ម
រូបភាពពីក្រសួងពាណិជ្ជកម្ម
ដោយ:
​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម​បាន​ដាក់ចេញ​វិធានការ​សម្រួល​ការធ្វើ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) និង​ផែនការ​មួយចំនួនទៀត ដើម្បី​សម្រួល​ដល់​វិស័យ​ឯកជន​ក្នុង​សកម្មភាព​ផលិត​កែច្នៃ​ផលិតផល​សម្រាប់​នាំចេញ​ទៅ​ក្រៅប្រទេស​។

 


​ឆ្លើយតប​នឹង​សំណើ​របស់​វិស័យ​ឯកជន​នោះ ក្រសួងពាណិជ្ជកម្ម បានសម្រេច​ពិនិត្យ និង​កែសម្រួល​ឡើងវិញ នូវ​រាល់​នីតិវិធី​ផ្ដល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ (CO) តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​គ្រប់​ដំណាក់កាល ដើម្បី​ធានា​បំពេញ​ឲ្យ​បាន​តាម​ក្របខណ្ឌ​ពេលវេលា​កំណត់ ៤៨​ម៉ោង​។

​សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​៩​ខែកុម្ភៈ​បានបញ្ជាក់​ដូច្នេះ​ថា​៖ ក្រសួងពាណិជ្ជកម្ម​សូម​រក្សាទុក​ការធ្វើ​អធិការកិច្ច​លើ CO សម្រាប់​ទំនិញ​ដឹកជញ្ជូន​តាម​រថយន្ត ឆ្លងកាត់​ព្រំដែន​កម្ពុជា និង​បញ្ជូន​ឡើង​យន្តហោះ​នៅ​ប្រទេសជិតខាង ដោយសារ​វា​ជា​ផ្នែក​មួយ​នៃ​ការអនុវត្ត​វិធានការ​ប្រភពដើម​ទំនិញ ដើម្បី​ទប់ស្កាត់​ការបន្លំ​ប្រភពដើម​នានា​ពី​ប្រទេស​ទី​៣ ។​

​ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្ម​ស្នើ​ដល់​វិស័យ​ឯកជន​ព​ន្លឿ​ន​ការដាក់​ពាក្យស្នើសុំ​អធិការកិច្ច នៅពេលដែល​ទំនិញ​ត្រូវ​ផលិត​បាន ១០​ភាគរយ ឬ ២០​ភាគរយ ដើម្បី​ចំណេញ​ពេលវេលា​។ ហើយ​ក្រសួង​គ្រោង​ចរចា​ជាមួយ​ប្រទេសជិតខាង​ក្នុងពេល​ឆាប់ៗ​ខាងមុខ ដើម្បី​បើក​ឲ្យ​មានការ​ដឹកជញ្ជូន​ទំនិញ​តាម​ផ្លូវទឹក​ផងដែរ​។  បន្ថែម​ពីនេះ​ក្រសួង​នឹងធ្វើ​វិសោធនកម្ម​មុខងារ និង​ការទទួលខុសត្រូវ​រប​ស់កាំ​កុងត្រូល​នាពេលខាងមុខ ដើម្បី​ធានា​ការបំពេញ​ប្រតិបត្តិការ​ត្រួតពិនិត្យ​ទំនិញ ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព​។ នេះ​បើតាម​សេចក្ដីប្រកាស​ក្រសួងពាណិជ្ជកម្ម​៕


Tag:
 នាំចេញ
© រក្សាសិទ្ធិដោយ thmeythmey.com