ជាតិ
អាជ្ញាធរ​ប្តូរ​ឈ្មោះ​«​ទីលាន​ប្រជាធិបតេយ្យ​»​ទៅជា​«​សួនច្បារ​ប្រជាធិបតេយ្យ​»
12, Feb 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ អាជ្ញាធរ​សាលា​រាជធានី​ភ្នំពេញ នឹង​ផ្លាស់ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ​ថ្មី​ហើយ​ជំនួស​ឈ្មោះ​ថ្មី​ថា សួនច្បារ​ប្រជាធិបតេយ្យ​វិញ នាពេលខាងមុខ ក្រោយពី​សម្តេច ហ៊ុន សែន បានស្នើ​ឲ្យ​ផ្លាស់ប្តូរ​កាលពី​ចុងឆ្នាំ ២០១៦ កន្លងមក​។


​លោក ម៉េ​ត មាស​ភក្តី បាន​ឲ្យ​ដឹងថា សួនច្បារ​ប្រជាធិបតេយ្យ​ថ្មី​នេះ ស្ថិតនៅ​ទីតាំង​សួនច្បារ​សូគីម៉ិច ជាប់​ដង​ទន្លេសាប ក្នុង​ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។  នៅពេល​សួរថា តើ​ការផ្លាស់ប្តូរ​ទីតាំង​សម្តែង​មតិ ចេញ​ឆ្ងាយ​ពី​ទីប្រជុំជន​បច្ចុប្បន្ននេះ អាច​ប៉ះពាល់​ដល់​ការសម្តែង​មតិ​ពលរដ្ឋ​ដល់​សាធារណជន​ក្នុង​រាជធានី​ភ្នំពេញ​ដែរ​ទេ​?
 
​អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បាន​បដិសេធ​ភ្លាម​ថា វា​មិន​ប៉ះពាល់​ដល់​ការសម្តែង​មតិ​ដល់​សាធារណជន​នោះទេ​។ លោក​និយាយថា ទីតាំង​ថ្មី​មាន​ចម្ងាយ​ប្រមាណ ១​គីឡូម៉ែត្រ​ពី​ស្ពាន​មិត្តភាព​កម្ពុជា​-​ជប៉ុន (​ស្ពាន​ជ្រោយចង្វា​)​ប៉ុណ្ណោះ គឺ​ស្ថិតក្នុង​ទីប្រជុំជន នៅ​រាជធានី​ភ្នំពេញ​ដដែល​។ ម្យ៉ាងទៀត លោក​បន្ថែមថា បច្ចុប្បន្ននេះ សេរីភាព​ការសម្តែង​មតិ​នៅ​កម្ពុជា បើកទូលាយ​ណាស់ ពីព្រោះ​ពលរដ្ឋ​អាច ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដែល​ជួយ​រុញច្រាន​ព័ត៌មាន​បន្ថែម​ទៅកាន់​មនុស្ស​ទាំង​ក្នុង និង​ក្រៅប្រទេស​ភ្លាមៗ ។​


 
​បន្ថែម​លើសពីនេះ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ពី​មូល​ហេតុដែល​អាជ្ញាធរ​ប្តូរ​ថ្មី ពីព្រោះ​សួនច្បារ​ប្រជាធិបតេយ្យ​មាន​សួនច្បារ​អមដោយ​ផ្កា និង​រុក្ខជាតិ​លើ​ផ្ទៃដី​ទំហំ​ចំនួន ជាង​២​ម៉ឺន​ម៉ែត្រក្រឡា​។ «​ចំនួន​នេះ ធំ​ជាង​មុន​ជាង ១​ម៉ឺន​ម៉ែត្រក្រឡា ធៀប​នឹង​ទំហំ​ទីលាន ប្រជាធិបតេយ្យ​បច្ចុប្បន្ន​ចំនួន ៨​ពាន់​ម៉ែត្រក្រឡា​»​។ លោក ម៉េ​ត មាស​ភក្តី បញ្ជាក់បន្ថែម​នៅពេល​អាជ្ញាធរ​រាជធានី​ភ្នំពេញ បានចាប់ផ្តើម​ស្ថាបនា​សួនច្បារ​ប្រជាធិបតេយ្យ​នៅ​ថ្ងៃទី​៧​ខែកុម្ភៈ​ឆ្នាំ​២០១៧ នេះ​ទៅ​។​
 
​ក្រៅពី​ការរៀបចំ​ទីតាំង​សម្តែង​មតិ​ថ្មី បន្ថែម​លើសពីនេះ លោក​បាន​បន្ត​ប្រាប់ថា សាលា​រាជធានី​កំពុង​រៀបចំ​ទីធ្លា​សួន​ដោយ​ក្រាល​ឥដ្ឋ​កា​រឺ​ឡា ចំណតរថយន្ត បង្គន់​អនាម័យ បង្គោល​ហ្វា​បំភ្លឺ និង​កៅអីអង្គុយ​ផង សម្រាប់​ប្រជាពលរដ្ឋ​លំហែ​កំសាន្ត និង​ហាត់ប្រាណ​ផង​។​
 
​តាម​លោក ម៉េ​ត មាស​ភក្តី គម្រោង​ស្ថាបនា​សួនច្បារ​ប្រជាធិបតេយ្យ​ថ្មី​នេះ នឹង​ចំណាយ​រយៈពេល ៣​ខែ រួច ពលរដ្ឋ​អាច​ប្រើប្រាស់​ទីតាំង​សម្តែង​សេរីភាព​ថ្មី នាពេលខាងមុខ​។​


 
​គួររម្លឹកថា សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានស្នើ​ឲ្យ​អាជ្ញាធរ​ផ្លាស់ប្តូរ​ទីតាំង​ទីលាន​ប្រជាធិបតេយ្យ ដោយ​សម្តេច​បានលើកឡើង​ក្នុង​ទិវា​ជនពិការ​កម្ពុជា​លើក​ទី ១៨ និង​ទិវា​ជនពិការ​អន្តរជាតិ​លើក​ទី ៣៤ កាលពី​ថ្ងៃទី​៦​ធ្នូ​ឆ្នាំ ២០១៦​ថា ការសម្តែង​មតិ​នៅ​ទីតាំង​ប្រជុំជន​បច្ចុប្បន្ន បង្ក​ភាព​រញ៉េរញ៉ៃ​។ សម្តេច​សម្រេច​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​រៀបចំ​សួនច្បារ​លើ​ទីលាន​ប្រជាធិបតេយ្យ​បច្ចុប្បន្ន ហើយ​ឲ្យ​ជនពិការ​សំដែង​សិល្បៈ រក​កម្រៃ​ថវិកា​ចិញ្ចឹមជីវិត​ពួកគេ និង​ជា​តំបន់​ពាណិជ្ជកម្ម តំបន់​អ្នកការទូត និង​តំបន់​ទេសចរណ៍​វិញ​។​
 
«​ការប្រមូលផ្តុំ វា​អត់​មានអី​ខុសគ្នា​ទេ​។ សម័យ​ឥឡូវ គេ​ប្រមូលផ្តុំ​នៅ​កន្លែង​ណា​ក៏​បានដែរ ព្រោះ​គេ​មិនមែន​មក​មើល​នៅ​កន្លែង​ហ្នឹង​ទេ គេ​មើល​តាម​ហ្វេ​ស​ប៊ុ​ក គេ​មើល​តាម​ការផ្សាយ​នោះ​តើ​»​។ សម្តេច ហ៊ុន សែន លើ​ហេតុផល​ការពារ​ការប្តូរ​ទីតាំង​សម្តែង​មតិ​ថ្មី កន្លងមក​។​
 
​គួរបញ្ជាក់​ផងដែរ រដ្ឋាភិបាល តាមរយៈ​លោក កែប ជុតិមា អតីត​អភិបាល​រាជធានី​ភ្នំពេញ​បាន​បើកសម្ពោធ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃទី​៤ ខែវិច្ឆិកា ឆ្នាំ​២០១០ ទុក​ឲ្យ​ប្រជាពលរដ្ឋ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​គណបក្សនយោបាយ ជួបជុំ​បញ្ចេញ​សេរីភាព​ពួកគេ​។ ក្រោយពី​លទ្ធផល​បោះឆ្នោត​កាលពី​ឆ្នាំ​២០១៣  គណបក្ស​សង្គ្រោះ​ជាតិ បាន​ប្រើប្រាស់​ទីលាន​ប្រជាធិបតេយ្យ​ជា​កន្លែង​ប្រមូលផ្តុំ​អ្នកគាំទ្រ​ខ្លួន តវ៉ា​មិន​ទទួលយក​លទ្ធផល​ឆ្នោត​ជិត​មួយឆ្នាំ​៕

Tag:
 ​ម៉េ​ត មាស​ភក្តី​
  ទីលាន​ប្រជាធិបតេយ្យ​
  សួនច្បារ​ប្រជាធិបតេយ្យ​
© រក្សាសិទ្ធិដោយ thmeythmey.com