ជាតិ
លោក គឹម សុខ ៖ «​ទោះ​ខ្ញុំ​មានរឿង​អ្វី​ក៏ដោយ វា​គ្រាន់តែ​បាត់បង់​រូបខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​»
13, Feb 2017 , 3:26 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ «​ទោះ​ខ្ញុំ​មានរឿង​អ្វី​ក៏ដោយ វា​គ្រាន់តែ​ជាការ​បាត់​វត្តមាន​របស់ខ្ញុំ​មួយរយៈ ឬ​បាត់បង់​រូបខ្ញុំ​ម្នាក់​ប៉ុណ្ណោះ​»​។ នេះ​ជា​សំណេរ​របស់​អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​លោក គឹម សុខ ដែល​កំពុង​រង​ពាក្យ​ប្ដឹង​ពី​សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែលទាមទារ​សំណង​ជំងឺ​ចិត្ត​៥០​មុឺន​ដុល្លារ​។​



​លោក គឹម សុខ ដែល​ត្រូវបាន​មេធាវី​ការពារ​សម្ដេច ហ៊ុន សែន ដាក់ពាក្យ​ប្ដឹង​ក្រោម​ហេតុផល​ថា មួលបង្កាច់ និង​ទម្លាក់កំហុស​ទៅលើ​គណបក្ស​ប្រជាជន​កម្ពុជាថា ជា​អ្នក​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះបាន​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​តែបើ​បងប្អូន​ឈាម​ខ្មែរ​ទាំងឡាយ ទាំង​ប្រជារាស្ត្រ​ធម្មតា ទាំង​អ្នកនយោបាយ​ជាតិ​ប្រជាធិបតេយ្យ យល់​អំពី​តម្លៃ​នៃ​ការរួម​កម្លាំង​ការងារ​តស៊ូ​មតិ​រឹងមាំ​ជាមួយគ្នា​ដោយ​ស្មារតី​មិន​បោះបង់​ឆ្ពោះទៅកាន់​ការផ្លាស់ប្តូរ នោះ​ជីវិត​ជាតិ​យើង​នៅតែ​រស់ ។ហើយ​ប្រសិនបើ​មានការ​បាត់បង់ខ្ញុំ​មែន វា​គ្មានអ្វី​គួរ​ឲ្យ​សោកស្ដាយ​ឡើយ​»​។​

​សារព័ត៌មាន​ថ្មីៗ មិនទាន់​អាច​ទាក់ទងសុំ​ការអត្ថាធិប្បាយ​ពី​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម​និង​នយោបាយ​រូបនេះ ជុំវិញ​សំណេរ​របស់គាត់​ឡើយ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ កុម្ភៈ​នេះ លោក គី តិច មេធាវី​ការពារ​ក្តី​សម្ដេច ហ៊ុន សែន បានដាក់​ពាក្យ​ប្ដឹង​លោក គឹម សុខ អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ ទៅតុលាការហើយ ដោយទាមទារ​សំណង​ជំងឺ​ចិត្ត​ជូនសម្ដេច ហ៊ុន សែន ចំនួន​២​ពាន់​លាន​រៀល ស្មើនឹង​៥០​ម៉ឺន​ដុល្លារ​អាមេរិក​។​ នាយ​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់ទុក​ការបកស្រាយ​របស់លោក គឹម សុខ បែបនេះ គឺជា​បង្ខូចឈ្មោះ​គណបក្ស​ប្រជាជន​។

ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ ស្ពាន​មិត្តភាព​កម្ពុជា​-​ចិន កោះធំ  ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​រូបនេះ បាន​ផ្ដាំ​លោក គឹម សុខ ថា កុំ​ឲ្យ​រត់ចោលស្រុក​ផងដែរ ព្រោះ​ពេលនេះ​សម្ដេច បាន​បញ្ជា​ឲ្យ​កងកម្លាំង​តាមឃ្លាំមើល​ហើយ​។​

​តែ​យ៉ាងណា​អ្នកឃ្លាំមើល​បញ្ហា​សង្គម និង​នយោបាយ​លោក គឹម សុខ អះអាងថា អ្វីដែល​លោក​បាន​បកស្រាយ​នេះ គឺ​ដើម្បី​ចូលរួម​បំភ្លឺ​ចម្ងល់​ប្រជាពលរដ្ឋ អំពី​ស្ថានការណ៍​នយោបាយ និង​ស្ថានភាព​អយុត្តិធម៌​ក្នុងសង្គម​កម្ពុជា​បច្ចុប្បន្ន ។ ជាពិសេស​លើកទឹកចិត្ត​ពលរដ្ឋ ឲ្យ​ចូលរួម​តស៊ូ​មតិ​បែប​ប្រជាធិបតេយ្យ​ប៉ុណ្ណោះ ព្រោះ «​ពលរដ្ឋ​ថ្លៃថ្នូរ ចង់​រស់នៅ​ក្រោម​មេដឹកនាំ​ថ្លៃថ្នូរ​»៕


Tag:
 គឹម សុខ​
 ​ ហ៊ុន សែន​
© រក្សាសិទ្ធិដោយ thmeythmey.com