ជាតិ
សេដ្ឋកិច្ច
កម្ពុជា និង​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី ប្រឹងប្រែង ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​
14, Feb 2017 , 8:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ កម្ពុជា និង​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEC)  ដែលជា​ស្ថាប័ន​ទទួលបន្ទុក​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី នៅ​ថ្ងៃទី​១៣​ខែកុម្ភៈ បាន​បើក​កិច្ចប្រជុំ​លើកដំបូង  នៅ​រាជធានី​ភ្នំពេញ លើ​ការពង្រឹង​កិច្ច​សហប្រតិបត្តិ​ផ្នែក​ពាណិជ្ជកម្ម ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នៅពេល​ខាងមុខ​។ នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការធ្វើ​សេចក្ដីថ្លែងការណ៍​រួម​រវាង​ភាគី​ទាំងពីរ​ផងដែរ​។​



​កិច្ចប្រជុំ​លើក​ទី​១​នេះ ធ្វើឡើង​បន្ទាប់ពី​មាន​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា (MOU) រវាង​ប្រមុខ​រដ្ឋាភិបាល​កម្ពុជា សម្តេច ហ៊ុន សែន និង លោក Tigran Sargsyan ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី នៅ​ទីក្រុង​ម៉ូស្គូ ប្រទេស​រុស្ស៊ី  កាលពី​ខែឧសភា​ឆ្នាំ​២០១៦ ។ EEC គឺជា​ស្ថាប័ន​ទទួលបន្ទុក​លើ​ផ្នែក​ពាណិជ្ជកម្ម និង​វិនិយោគ​របស់​សហភាព​សេដ្ឋកិច្ច​អឺរ៉ុប​-​អាស៊ី (EEU) ។ EEU មាន​សមាជិក​ចំនួន ៥ ប្រទេស រួមមាន ប្រទេស​រ៉ូ​ស្ស៊ី អា​ម៉េ​នី បេ​ល​ឡា​រូស កា​ហ្សា​ស្តង់ និង​សាធារណរដ្ឋ Kyrgyz ។​

​លោកស្រី តឹក​រ៉េត កំរង រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម ដែលជា​អ្នកដឹកនាំ​កិច្ចប្រជុំ​ខាង​ភាគី​កម្ពុជា បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​ថា កិច្ចប្រជុំ​នៅថ្ងៃនេះ គឺមាន​បំណង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​កម្ពុជា និង EEU លើ​ផ្នែក​សេដ្ឋកិច្ច ដែល​គ្របដណ្ដប់​លើ​វិស័យ ពាណិជ្ជកម្ម វិនិយោគ ភូតគាម​អនាម័យ ឧស្សាហកម្ម កសិកម្ម និង​កម្មសិទ្ធិបញ្ញា​។

​លោកស្រី​បន្ថែមថា កិច្ចប្រជុំ​នេះ គឺជា​ជំ​ហ៊ាន​ដំបូង ដើម្បី​ឈានទៅដល់​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​រវាង​ភាគី​ទាំងពីរ​នៅពេល​ខាងមុខ​។  «​នៅក្នុង​កិច្ចប្រជុំ​នេះ ក៏មាន​ការឯកភាព​គ្នា​ឲ្យ​មានការ​សិក្សា​រួម ដើម្បី​ស្វែងរក​ថា​យើង (​កម្ពុជា​) មាន​អត្ថប្រយោជន៍​អ្វី មាន​បញ្ហា​អ្វីខ្លះ ក្នុង​ការដែល​យើង​ចូល​ជា​ភាគី​នៃ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី (FTA) ជាមួយ EEU »​។ នេះ​ជាការ​បញ្ជាក់​របស់ លោកស្រី តឹក​រ៉េត កំរង មុននឹង​លោកស្រី​បន្តថា​៖«​នៅពេល​យើង​ដឹង​ច្បាស់​ថា​យើង​បាន​ផលប្រយោជន៍​អ្វី គេ​បាន​ផលប្រយោជន៍​អ្វី យើង (​ភាគី​ទាំងពីរ​) នឹង​ចាប់ផ្ដើម​ចរចា ហើយ​កំណត់​រួច​ពន្ធ​យ៉ាងដូចម្តេច ក្នុង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នោះ​»​។ លោកស្រី​ថា ដើម្បី​ឈានដល់​កិច្ចព្រមព្រៀង FTA នេះ កិច្ចប្រជុំ​បាន​ប៉ាន​ស្មានថា នឹងត្រូវ​ចំណាយពេល​ក្នុង​រង្វង់​បី​បួន​ឆ្នាំ​ទៀត​។​

​រដ្ឋលេខាធិការ​ក្រសួងពាណិជ្ជកម្ម​រូបនេះ ឲ្យ​ដឹងថា កម្ពុជា​សម្លឹង​ឃើញ​សក្ដានុពល​ទីផ្សារ EEU ដែលមាន​ប្រជាជន ១៨៣ លាន​នាក់ សម្រាប់​នាំចេញ​ទំនិញ​ចូល​តំបន់​នោះ​។ លោកស្រី​បញ្ជាក់ នៅក្នុង​២០១៥ ការនាំចេញ​របស់​កម្ពុ​ជា (​នាំចេញ​ដោយ​គិត​ពន្ធ​) ទៅ​បណ្ដា​ប្រទេស​នៃ​សហភាព EEU មាន​ទឹកប្រាក់ ១០៤​លាន​ដុល្លារ ដែល​រួមមាន​ទំនិញ​សម្លៀកបំពាក់ ស្បែកជើង កង់ សម្ភារ​ក្មេង​លេង  និង​ផលិតផល​កសិកម្ម​ក្នុង​ចំនួន​តិចតួច​។ រីឯ​ការនាំ​ចូលមក​ក​ម្ពុ​ជា​របស់​ប្រទេស​ក្នុង EEU មាន​ទឹកប្រាក់​ត្រឹម ១១​លាន​ដុល្លារ ដែល​ភាគច្រើន​គឺ​ទំនិញ គ្រឿងយន្ត ថ្នាំពេទ្យ និង​ជី​កសិកម្ម​។

​បើតាម​លោកស្រី Tatiana Valovaya សមាជិក​ក្រុមប្រឹក្សាភិបាល​នៃ EEC ក្នុងអំឡុងពេល ១១​ខែ​ដើម​ឆ្នា​២០១៦ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ប្រទេស​ក្នុង EEU មាន​ចំនួន ១៣៨​លាន​ដុល្លារ កើនឡើង ៣០​ភាគរយ បើ​ធៀប​នឹង​ឆ្នាំ​២០១៥ ។ ដោយឡែក​កាលពី​ឆ្នាំ​២០១៥ ទំហំ​ជួញដូរ​ទំនិញ​រវាង​ភាគី​ទាំងពីរ កើនឡើង​២០​ភាគរយ​។ លោកស្រី​បន្ថែមថា ប្រទេស EEU នឹង​បង្កើន​ការនាំ​ចូលមក​កម្ពុ​ជាប​ន្ថែ​ម​ទៀត ខណៈ​ការនាំចេញ​របស់​កម្ពុជា​មាន​ទំហំ​ធំ​ជាង​ច្រើន​ទៅលើ​បណ្ដា​ប្រទេស​ទាំងនោះ​៕


Tag:
 EEU
  តឹក​រ៉េត កំរង
© រក្សាសិទ្ធិដោយ thmeythmey.com