ជាតិ
សេដ្ឋកិច្ច
NBC តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដាក់​សញ្ញា​សម្គាល់​«​គ្រឹះស្ថាន​ឯកជន​»
15, Feb 2017 , 8:59 am        
រូបភាព
ដោយ:
ភ្នំពេញ​៖ ធនាគារជាតិ​នៃ​កម្ពុជា (NBC) កំណត់​ឲ្យ​គ្រប់​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ព្រមទាំង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ដាក់​សញ្ញា​សម្គាល់ថា​«​គ្រឹះស្ថាន​ឯកជន​» នៅ​គ្រប់​សាខា​របស់ខ្លួន ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​រប​ស់​សាធារណជន​។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់ NBC នៅ​ថ្ងៃទី​១៤​ខែកុម្ភៈ​។​



​ការតម្រូវ​ឲ្យ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ដាក់​សញ្ញា​សម្គាល់​ជា​«​គ្រឹះស្ថាន​ឯកជន​»​នេះ ដោយសារ​ក្នុងពេល​កន្លងមក NBC បាន​សង្កេតឃើញថា មាន​ជនខិលខូច​មួយចំនួន​បាន​ឃោសនា​បោក​បញ្ឆោត​សា​ធារ​ជន​ថា គ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​ជា​របស់​រដ្ឋ ហើយ​បើសិន​អតិថិជន​ខ្ចីប្រាក់ ដោយ​មិនបាច់​សងបំណុល​ក៏បាន​ដែរ​។ នេះ​បើតាម​សេចក្ដីប្រកាស​ព័ត៌មាន​ខាងលើ ដែល​បញ្ជាក់ទៀតថា ការឃោសនា​នេះ បានធ្វើ​ឲ្យ​សាធារណជន​មួយចំនួន​យល់ច្រឡំ ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​ការអភិវឌ្ឍ​វិស័យ​ហិរញ្ញវត្ថុ ដែល​កំពុង​ដើរតួរ​សំខាន់​ក្នុងការ​លើកស្ទួយ​ជីវភាព​រស់នៅ​របស់​ប្រជាជន​តាម​ជនបទ​។​

NBC បានកំណត់​ឲ្យ​គ្រឹះស្ថាន​ធនាគារ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ បន្ថែម​នៅលើ​ស្លាក​យីហោ​របស់ខ្លួន​នូវ​ពាក្យ​ថា​«​គ្រឹះស្ថាន​ឯកជន​» និង​ដាក់​បង្ហាញ​នូវ​ស្លាក​សញ្ញា​«​គ្រឹះស្ថាន​ឯកជន​» នៅ​ទីតាំង​សមស្រប​ក្នុង​ស្នាក់ការ​របស់ខ្លួន ដែល​អតិថិជន​អាច​មើលឃើញ​។ ជាមួយគ្នានេះ NBC បាន​ណែនាំ​ឲ្យ​គ្រឹះស្ថាន​ទាំងអស់ ពង្រឹង​ការអនុវត្ត​ក្រម​ប្រតិបត្តិ​របស់​គ្រឹះស្ថាន​ធនាគារ​និង​ហិរញ្ញវត្ថុ ពាក់ព័ន្ធ​នឹង​កិច្ចការពារ​អតិថិជន ការ​ឲ្យ​ខ្ចី​មាន​ភាព​ទទួលខុសត្រូវ តម្លាភាព​លើ​លក្ខខណ្ឌ​ខ្ចី និង​ការសិក្សា​អំពី​លទ្ធភាព​សង​របស់​អតិថិជន​ឲ្យ​បាន​ច្បាស់​មុន​ផ្ដល់​ឥណទាន​។​

​សេចក្ដីប្រកាស​ដដែល​ប​ន្ថែ​ម​ទៀតថា​៖«​គ្រឹះស្ថាន​ធនាគារ និង​ហិរញវត្ថុ​ទាំងអស់ គឺជា​គ្រឹះស្ថាន​ឯកជន ដែល​តម្រូវ​ឲ្យ​គ្រប់​អតិថិជន​គោរព​តាម​វប្បធម៌​ឥណទាន គឺ​ខ្ចី​ហើយ​ត្រូវ​សង​ត្រឡប់មកវិញ​តាម​លក្ខខណ្ឌ​ដែល​បានចែង​»​។​

​វិធានការ​ថ្មី​របស់ NBC នៅពេលនេះ គឺធ្វើឡើង​បន្ទាប់ពី​ការបង្គាប់​របស់​ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន កាលពី​ថ្ងៃទី​៨​ខែកុម្ភៈ​ឆ្នាំនេះ ដែល​តម្រូវ​ឲ្យ​គ្រឹះស្ថាន​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ ដាក់​សញ្ញា​សម្គាល់​ជា​គ្រឹះស្ថាន​ឯកជន ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ​ថា គ្រឹះស្ថាន​ទាំងនោះ​ជា​របស់​រដ្ឋ ដែល​នាំ​ឲ្យ​ពួកគេ​ខឹង​មកលើ​រដ្ឋាភិបាល​ថា គ្មាន​ដំណោះស្រាយ និង​ការយោគយល់​ដល់​ពលរ​ដ្ឋ​ក្រីក្រ​៕


Tag:
 ឥណទាន
© រក្សាសិទ្ធិដោយ thmeythmey.com