ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សេដ្ឋកិច្ច
ពលករខ្មែរនៅថៃបានផ្ទេរលុយចូលមកកម្ពុជាទំហំ១៣០០លានដុល្លារក្នុងមួយឆ្នាំ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ថតselfie នៅមុខពលករខ្មែរនៅក្នុងបរិវេណស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកក
× ចាប់ពីខែមីនាខាងមុខនេះ ក្រសួងការងាររបស់កម្ពុជា និងថៃនឹងផ្តើមយុទ្ធនាការចែកលិខិតឆ្លងដែន ឬលិខិតធ្វើដំណើរ និងបណ្ណការងារដល់ពលករខ្មែរចំនួនប្រមាណ៤៣ម៉ឺននាក់ ដែលកំពុងតែកាន់ឯកសារផ្លូវការបណ្តោះអាសន្នដែលបញ្ជាក់អំពីសិទ្ធិធ្វើការងារនៅក្នុងប្រទេសថៃ។ បើតាមការបញ្ជាក់របស់អ្នកនាំពាក្យក្រសួងការងារ គឺលោក ហេង សួរ សព្វថ្ងៃនេះមានពលករខ្មែរសរុប១លាន៦ម៉ឺននាក់ដែលកំពុងធ្វើការនៅតាមវិស័យនានានៅក្នុងប្រទេសថៃ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារដដែលបានមានប្រសាសន៍ពលករខ្មែរសរុបដែលកំពុងធ្វើការបរទេសមានចំនួន១,១៥លាននាក់ ដែលអាចផ្ទេរថវិកាត្រឡប់ចូលក្នុងប្រទេសវិញទំហំ១៧០០លានដុល្លារក្នុងមួយឆ្នាំ។
សូមលោកអ្នកស្តាប់បទសម្ភាសរវាងលោក លាង ដឺលុច អ្នកយកព័ត៌មាននៃសារព័ត៌មានថ្មីៗ និងលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ៖
ក្នុងចំណោមពលករខ្មែរចំនួន១,១៥លាននាក់ដែលកំពុងធ្វើការនៅបរទេស មានពលករខ្មែរ១លាន៦ម៉ឺននាក់ហើយដែលកំពុងធ្វើការនៅក្នុងប្រទេសថៃ។ បើតាមការពន្យល់របស់លោក ហេង សួរ ដែលជាអ្នកនាំពាក្យរបស់ក្រសួងការងារ ពលករខ្មែរដែលកំពុងធ្វើការនៅក្នុងប្រទេសថៃមាន៣ប្រភេទ។ «ក្រុមទីមួយដែលមានប្រមាណ៣០ម៉ឺននាក់ គឺជាក្រុមដែលត្រូវបានបញ្ជូនទៅធ្វើការស្របច្បាប់ក្នុងក្របខណ្ឌMOU។ ក្រុមទី២ មានចំនួនប្រមាណ៤៣ម៉ឺននាក់ ជាក្រុមដែលមានបណ្ណការងារស្របច្បាប់បណ្តោះអាសន្ន និងក្រុមទី៣ដែលមានប្រហែល៣០ម៉ឺននាក់ដែរ ពួកគេទើបតែចូលទៅធ្វើការងារក្នុងប្រទេសថៃពីពាក់កណ្តាលឆ្នាំ២០១៥»។ ក្រុមទី៣នេះ ជាក្រុមដែលមិនមានឯកសារគ្រប់គ្រាន់ដែលបញ្ជាក់ថាពួកគេជាពលករស្របច្បាប់ឡើយ។
ក្រោយពីការពិភាក្សារវាងក្រសួងការងារនៃប្រទេសទាំងពីរ ក្រសួងទាំងពីរបានព្រមព្រៀងសហការគ្នាដើម្បីចែកបណ្ណការងារ និងលិខិតធ្វើរដំណើរដល់ក្រុមពលករខ្មែរចំនួន៤៣ម៉ឺននាក់ដើម្បីពួកគេអាចក្លាយជាពលករបរទេសស្របច្បាប់ពេញលេញនៅលើទឹកដីរហូតដល់ថ្ងៃទី៣០ខែមីនាឆ្នាំ២០១៨។
មន្ត្រីជាន់ខ្ពស់នៃក្រសួងការងារ លោក ហេង សួរ ដែលបានបទសម្ភាសដល់សារព័ត៌មានថ្មីៗបានរៀបរាប់ឲ្យដឹងថា នៅក្នុងប្រទេសថៃ ពលករខ្មែរភាគច្រើនធ្វើការនៅក្នុងរោងចក្រសហគ្រាសផលិតអាហារកំប៉ុង ក្នុងវិស័យសំណង់ កសិកម្ម និងនេសាទជាដើម។ លោក ហេង សួរ បានបន្តថា ក្នុងមួយឆ្នាំពលករខ្មែរទាំង១លាន៦ម៉ឺននាក់នៅក្នុងប្រទេសថៃបានផ្ញើរថវិកាទំហំ១៣០០លានដុល្លារចូលមកក្នុងសេដ្ឋកិច្ចនៃប្រទេសកំណើតរបស់ពួកគេ។
សព្វថ្ងៃនេះ ក្រៅពីប្រទេសថៃ មានពលករខ្មែរចំនួន៤៦០០០នាក់កំពុងធ្វើការនៅក្នុងប្រទេសសាធារណរដ្ឋកូរ៉េ ៤ម៉ឺននាក់នៅក្នុងប្រទេសម៉ាឡេស៊ី ៤ពាក់នាក់ផ្សេងទៀតនៅក្នុងប្រទេសជប៉ុន និង៤០០នាក់នៅក្នុងប្រទេសសឹង្ហបុរី។ ពលករខ្មែរសរុបទាំង១,១៥លាននាក់ បានផ្ញើថវិកា១៧០០លានដុល្លារចូលមកក្នុងសេដ្ឋកិច្ចកម្ពុជាក្នុងមួយឆ្នាំ នេះបើតាមការអះអាងរបស់អ្នកនាំពាក្យក្រសួងការងារ៕
Tag:
ហេង សួរ
ការងារ
ពលករ
ថៃ
កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com