English-Français
សង្គមជាតិ
យុវជនខ្មែរពូកែជាងមុន តែពួកគេនៅខ្វះគំនិតច្នៃប្រឌិតថ្មី និងជំនាញដោះស្រាយបញ្ហា
× ភ្នំពេញ៖ ពីមួយឆ្នាំទៅមួយឆ្នាំ ចំណេះដឹងជំនាញរបស់យុវជនខ្មែរមានការកើនឡើងជាលំដាប់។ កើនឡើងទាំងចំណេះដឹងទ្រឹស្តី បទពិសោធន៍ និងភាសាបរទេស។ តែទោះជាយ៉ាងនេះក្តី ក៏អ្នកជំនាញបរទេសមួយចំនួនកត់សម្គាល់ឃើញថា យុវជខ្មែរនៅខ្វះគំនិតច្នៃប្រឌិតថ្មី និងជំនាញដោះស្រាយបញ្ហា។ តើអ្វីខ្លះជាចំណុចខ្លាំង និងចំណុចខ្សោយរបស់យុវជនខ្មែរ?
ដើម្បីជ្រាបព័ត៌មានលម្អិត សូមអញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក គី សុខលីម អ្នកសារព័ត៌មានអេឡិចត្រូវនិកថ្មីៗ និងលោក Hakan Ataserver អគ្គនាយកនៃវិទ្យាស្ថាន Mekong Dialogue Institute ជាភាសាអង់គ្លេសដូចតទៅ៖
សំឡេងបទសម្ភាសជាភាសា អង់គ្លេស
មករស់នៅក្នុប្រទេសកម្ពុជាអស់រយៈពេល១២ឆ្នាំ និងបានចូលរួមប្រឡួកក្នុងវិស័យអប់រំបណ្តុះបណ្តាលយុវជនខ្មែរអស់រយៈពេលប្រមាណជា៨ឆ្នាំ លោក Hakan Ataserver អគ្គនាយកនៃវិទ្យាស្ថាន Mekong Dialogue Institute បានកត់សម្គាល់ជាទូទៅថា គុណភាពវិស័យអប់រំខ្មែរមានការអភិវឌ្ឍរីកចម្រើនឈានឡើងជាលំដាប់ ហើយជាលទ្ធផល គុណភាពយុវជនខ្មែរដែលទទួលបានពីការសិក្សានោះ ក៏ប្រសើរជាងមុនច្រើនដែរ។ លោក Hakan Ataserver បញ្ជាក់ថា៖«យុវជនឥឡូវ យកចិត្តទុកដាក់លើការសិក្សាច្រើនជាងកាលពីពេលមុន(អតីតកាល)»។
សម្រាប់លោក Hakan Ataserver, ចំណុចខាងលើនេះ គឺសញ្ញាវិជ្ជមានមួយសម្រាប់អនាគតនៃប្រទេសកម្ពុជា និងយុវជនកម្ពុជា បើទោះបីអ្វីៗវាត្រូវការពេលវេលាយូរក្រែលក៏ដោយក្តី។
ផ្អែកលើការពិត និងយោងតាមការសង្កេតរបស់លោក Hakan Ataserver ជនជាតិតួកគី, យុវជនខ្មែរប្រឹងសិក្សាជាងមុន មានការប្រកួតប្រជែងខ្លាំងជាងមុន។ តែពួកគេនៅប្រឈមនឹងចំណុចខ្វះខាតមួយចំនួន ក្នុងនោះជារួមមាន៖ ខ្វះបទពិសោធន៍អន្តរជាតិ ខ្វះគំនិតច្នៃប្រឌិតថ្មី និងជំនាញដោះស្រាយបញ្ហា។ មិនត្រឹមតែប៉ុណ្ណោះ លោកសោកស្តោយដោយសង្កេតឃើញថា យុវជនខ្មែរចាប់យកជំនាញជំនួញ គណនេយ្យ និងគ្រប់គ្រងច្រើនពេក។ ផ្ទុយទៅវិញ ជំនាញខាងវិស្វកម្ម, ជំនាញបច្ចេកទេស, ជំនាញវិជ្ជាជីវៈ និស្សិតហាក់បីដូចជា មិនសូវចាប់អារម្មណ៍ឡើយ។ លោក Hakan Ataserver បានរៀបរាប់បន្តទៀតថា អ្នកជំនួញនៅក្នុងប្រទេសកម្ពុជាតែងតែត្អូញត្អែរថា ពួកគេពិបាក រកបុគ្គលិកជំនាញវិជ្ជាជីវៈ។ កង្វះខាតជំនាញវិជ្ជាជីវៈនេះ, បើតាមលោក Hakan Ataserver, វាអាចប៉ះពាល់ដល់ការវិនិយោគនៅក្នុងប្រទេសកម្ពុជា។ «ខ្ញុំមករស់នៅក្នុងប្រទេសកម្ពុជាយូរហើយ ដូច្នេះ ខ្ញុំមិនចង់លឺគេនិយាយថា កម្ពុជា គឺជាប្រទេសមានជំនាញទាប ឬគ្មានជំនាញនោះទេ»។ នេះ គឺជាការលើកឡើងបន្ថែមរបស់ លោក Hakan Ataserver។
លោក Hakan បានលើកឡើងចំណុចវិជ្ជាមានពីខាងដើមមកថា យុវជនខ្មែរពូកែជាងមុន តើកម្រិតពួកគេអាចស្មើនឹងយុវជននៃប្រទេសសឹង្ហបុរី ម៉ាឡេស៊ី ឬថៃឬទេ? (សំណួរអ្នកសារព័តមាន)។ លោក Hakan Ataserver បានឆ្លើយភ្លាមវិញថា វាជាការលំបាកដែលគេធ្វើការប្រៀបធៀបរវាងកម្ពុជា និងប្រទេសដទៃទាំងនោះ ព្រោះ ប្រទេសនីមួយៗមានលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសេដ្ឋកិច្ច លក្ខខណ្ឌ បរិបទ…ផ្សេងៗគ្នា និងខុសគ្នាទាំងអស់។ តែបើប្រៀបធៀបយុវជនខ្មែរបច្ចុប្បន្ន និងយុវជនខ្មែរអតីតកាល លោក Hakan មើលឃើញថា គុណភាពពួកគេមានមានលក្ខណៈប្រសើរជាងមុន។
តើអ្វីខ្លះជាចំណុចខ្លាំង និងខ្សោយរបស់យុវជនខ្មែរ? លោក Hakan Ataserver បញ្ជាក់ឡើងវិញថា យុវជនខ្មែររៀនភាសាបរទេសពូកែណាស់ តែនៅខ្វះគំនិតច្នៃប្រឌិតថ្មី និងជំនាញដោះស្រាយបញ្ហា៕
© រក្សាសិទ្ធិដោយ thmeythmey.com