ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុនថៃចំនួន ៣២ ស្វែងរកឱកាសវិនិយោគនៅកម្ពុជា រូបភាពពីក្រសួងពាណិជ្ជកម្ម
× ភ្នំពេញ៖ ក្រុមហ៊ុនខ្នាតតូច និងមធ្យមចំនួន ៣២ ពីប្រទេសថៃ កំពុងស្វែងរកឱកាស និងដៃគូវិនិយោគនៅកម្ពុជា។ ក្រុមអ្នកវិនិយោគថៃទាំងនោះ បានជួបពិភាក្សាជាមួយ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១៥ខែកុម្ភៈ ។ នេះបើតាមព័ត៌មានដែលបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម។
វិនិយោគិនថៃ ដែលចង់ចាប់យកឱកាសវិនិយោគនៅកម្ពុជាទាំងនេះ ត្រូវបានដឹកនាំដោយលោក ឆានីត្រ ឆានឆៃណារ៉ុង ប្រធានក្រុមប្រឹក្សាធុរកិច្ចថៃ-កម្ពុជា។ ក្រុមហ៊ុនទាំង ៣២ នោះ ធ្វើអាជីវកម្មលើផលិតផលសម្អាង ស្ប៉ា កែច្នៃម្ហូបអាហារ សុខភាពនិងអាហារបំប៉ន និងផលិតផលឧស្សាហកម្មផ្សេងៗ នៅក្នុងប្រទេសថៃ។
លោក ប៉ាន សូរស័ក្តិ បានលើកឡើងពីឱកាសវិនិយោគនៅកម្ពុជា នៅមុខគណៈប្រតិភូវិនិយោគថៃ នៅក្នុងជំនួបនៅទីស្តីការក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១៥ ខែកុម្ភៈ ថា កម្ពុជា ជាប្រទេសបើកទូលាយសេដ្ឋកិច្ចឈានមុខមួយនៅលើសកលលោក ជាមួយគោលនយោបាយលើកទឹកចិត្ត និងបន្ធូរបន្ថយពន្ធ។
បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម លោក សូរស័ក្តិ បានប្រាប់ពាណិជ្ជករថៃទៀតថា វិនិយោគិនអាចចាប់យកអត្ថប្រយោជន៍ពីការអនុគ្រោះពន្ធទាំងឡាយ ដែលកម្ពុជាទទួលបានពីសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងដៃគូផ្សេងទៀត។
បើតាមរបាយការណ៍ពីស្ថានតំណាងពាណិជ្ជកម្មប្រចាំស្ថានទូតថៃនៅកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ថៃនៅឆ្នាំ២០១៦ មានទឹកប្រាក់ ៥,៥៩ ពាន់លានដុល្លារ ធ្លាក់ចុះបនិ្តច ០,០៤ភាគរយ បើធៀបនឹងឆ្នាំ២០១៥ ។ ក្នុងនោះ ការនាំចេញទំនិញរបស់កម្ពុជាទៅថៃបានកើន ៤៦ភាគរយ ឯការនាំចូលទំនិញពីថៃបានធ្លាក់ចុះ៦ភាគរយ៕
Tag:
ពាណិជ្ជកម្មកម្ពុជា-ថៃ
© រក្សាសិទ្ធិដោយ thmeythmey.com