ជាតិ
សេដ្ឋកិច្ច
អាជ្ញាធរ​មូលដ្ឋាន​មិនត្រូវ​ចូលរួម​រឹបអូស​ផ្ទះ​ពលរដ្ឋ ជាមួយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡើយ​
17, Feb 2017 , 8:19 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សម្ដេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​បញ្ជា​ហាម​មន្ត្រី​អាជ្ញាធរ​នៅតាម​មូលដ្ឋាន​ទាំងអស់ មិន​ឲ្យ​ចូលរួម​ពាក់ព័ន្ធ នឹង​សេវាកម្ម​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ឡើយ ព្រោះ​ដើម្បី​ចៀសវាង​កុំ​ឲ្យ​មានការ​យល់ច្រឡំ​ថា ស្ថាប័ន​ប្រាក់កម្ចី​ទាំងនោះ​ជា​របស់​រដ្ឋ​។



​អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ផៃ ស៊ី​ផាន បាន​ស្រង់​ប្រសាសន៍​សម្ដេច ហ៊ុន សែន ក្នុងសម័យ​ប្រជុំ​គណៈរដ្ឋមន្ត្រី ថ្ងៃទី ១៧ កុម្ភៈ នេះ មក​សរសេរ​លើ​ហ្វេ​ស​ប៊ុ​ក​ខ្លួន​ដូច្នេះ​ថា​៖«​បម្រាម​ដល់​មន្ត្រី​មូលដ្ឋាន​មិនអោយ​ចូលរួម​ពាក់ព័ន្ធ និង​សេវាកម្ម​របស់​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អាស្រ័យ​ដោយ​បញ្ចៀស​ពី​ការយល់ច្រឡំ​របស់​សាធារណជន​ថា​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ​ទាំងនោះ មិនមែនជា​ស្ថាប័នហិរញ្ញវត្ថុ​រដ្ឋ​នោះទេ នោះ​រាប់ទាំង​ការចូលរួម​រៀបចំ​ឯកសារ ឬ​ការចូលរួម​រឹបអូស​ដីធ្លី ផ្ទះសម្បែង​របស់​ពលរ​ដ្ឋ​យើង​ផងដែរ​»​។​

​ក្រៅពីនេះ​ប្រមុខ​រដ្ឋាភិបាល​ក៏បាន​បញ្ជា​ឲ្យ​ស្ថាប័ន​ទូរ​ទស្ស​ជាតិ​កម្ពុជា (​ទ​ទក​) និង​ស្ថាប័ន​វិទ្យុ​រដ្ឋ​និង​ឯកជន​ទាំងអស់ ត្រូវ​ផ្សាយ​ជាប្រចាំ​ថ្ងៃ​ថា គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់​គឺជា​របស់​ឯក​ជន មិនមែនជា​ស្ថាប័នរដ្ឋ​ទេ ។ ហើយ​សម្ដេច ហ៊ុន សែន ក៏បាន​បង្គាប់​ឲ្យ​ធនាគារ​អេស៊ីលីដា ប្ដូរ​រូប​សញ្ញា​ហង្ស​ចេញ ដើម្បី​កុំ​ឲ្យ​ច្រ​លំ​ជាមួយ​ក្រសួង​ហិរញ្ញវត្ថុ​ផងដែរ ។ នេះ​ជា​សំណេរ​នៅលើ​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ។​

​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជា​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ទាំងអស់ គប្បី​ដាក់​ស្លាក​ជា​គ្រឹះស្ថាន​ឯកជន ដើម្បី​កុំ​ឲ្យ​ពលរដ្ឋ​យល់ច្រឡំ​ថា មីក្រូហិរញ្ញវត្ថុ​ទាំងនោះ ជា​របស់​រដ្ឋ ដែល​នាំ​ឲ្យ​ពួកគេ​ចេះតែ​ខឹង​មកលើ​រដ្ឋាភិបាល​ថា គ្មាន​ដំណោះស្រាយ និង​យោគយល់​ដល់​ពលរដ្ឋ​ក្រីក្រ​ទៀត​។​

​បន្ថែម​ពីនេះ​ប្រមុខ​រដ្ឋាភិបាល ក៏បាន​អំពាវនាវ​ឲ្យ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ និង​ធនាគារ​ទាំងអស់ ត្រូវ​ពន្យា​សង​ដល់​ប្រជាពលរដ្ឋ ដែលជា​កូនបំណុល​ខ្លួន ដោយ​មិនត្រូវ​រឹបអូស​ទ្រព្យសម្បត្តិ​របស់​ពួកគេ នៅពេលដែល​ខ្វះ​លទ្ធភាព​សង​ត្រឡប់​វិញ​ឡើយ​។ ត្រង់ចំណុច​នេះ​សម្ដេច ហ៊ុន សែន ក៏​បញ្ជា​ឲ្យ​អាជ្ញាធរ​ចាត់វិធានការ​លើ​មីក្រូហិរញ្ញវត្ថុ ដែល​រឹបអូស​ទ្រព្យសម្បត្តិ​ពលរដ្ឋ​នេះដែរ​។ ហើយ​ពលរដ្ឋ​ក៏​មិនត្រូវ ចេះតែ​ខ្ចី​បំណុល​ធនាគារ ដោយ​មិន​ប៉ាន់ប្រមាណ​ពី​សមត្ថភាព​ខ្លួន​សង​ត្រឡប់​វិញ ៕


Tag:
 មីក្រូហិរញ្ញវត្ថុ​
 ​ អេស៊ីលីដា​
 ​ ហ៊ុន សែន​
  រដ្ឋាភិបាល​
© រក្សាសិទ្ធិដោយ thmeythmey.com