ជាតិ
សេដ្ឋកិច្ច
ធនាគារ​អេស៊ីលីដា នឹង​ប្ដូរ​រូប​សញ្ញា​«​ហង្ស​»​របស់ខ្លួន ក្នុង​រយៈពេល​បី​សប្ដាហ៍
17, Feb 2017 , 9:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ធនាគារ អេស៊ីលីដា ភីអិលស៊ី នឹង​ប្ដូរ​លោ​ហ្គោ​រូប​ហង្ស​របស់ខ្លួន ក្នុង​រយៈពេល​បី​សប្ដាហ៍ បន្ទាប់ពី​មានការ​សម្រេច​របស់​គ​ណៈ​រដ្ឋមន្ត្រី នៅ​ថ្ងៃទី​១៧​ខែកុម្ភៈ​នេះ​។



​ការតម្រូវ​ឲ្យ​ផ្លាស់ប្ដូរ​រូប​សញ្ញា​ហង្ស​របស់​ធនាគារ អេស៊ីលីដា ត្រូវបាន​សម្រេច​ក្នុង​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នៅ​ព្រឹក​ថ្ងៃនេះ​។ លោក ផៃ ស៊ី​ផាន អ្នកនាំពាក្យ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ប្រមុខ​រដ្ឋាភិបាល សម្តេច ហ៊ុន សែន បានដាក់​បទបញ្ជា​ឲ្យ​ធនាគារ​អេស៊ីលីដា ប្ដូរ​រូប​សញ្ញា​ហង្ស​របស់ខ្លួន ក្នុង​រយៈពេល ៣​សប្ដាហ៍ ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​រប​ស់​សាធារណជន​ថា ធនាគារ​អេស៊ីលីដា ជា​របស់​រដ្ឋ ព្រោះ​លោ​ហ្គោ​របស់​ធនាគារ​មួយ​នេះ និង​លោ​ហ្គោ​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដាក់​រូប​ហង្ស​ដូចគ្នា​។ លោក​បញ្ជាក់ថា ក្រសួង​សេដ្ឋកិច្ច គឺជា​ស្ថាប័នរដ្ឋ និង​ត្រូវ​បង្កើតឡើង​មុន​ធនាគារ​អេស៊ីលីដា​។​

​លោក អ៊ិន ចាន់នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេស៊ីលីដា មានប្រសាសន៍ថា ធនាគារ​អេស៊ីលីដា នឹង​ប្ដូរ​រូប​ហង្ស​នេះ​ចេញពី​លោ​ហ្គោ​រ​របស់ខ្លួន​ឲ្យ​បាន ក្នុង​រយៈពេល​ដែល​រដ្ឋា​ភិ​បាល​បានកំណត់​ខាងលើ​។ លោក​បញ្ជាក់ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​បានដាក់​លិខិត​សុំ​កែតម្រូវ​លោ​ហ្គោ​នេះ​ទៅ​ធនាគារជាតិ​នៃ​កម្ពុជា (NBC) តាំងពី​ថ្ងៃទី​១៤​ខែ​នេះ​។ ហើយ​នៅថ្ងៃនេះ លោក​បាន​ជួបពិភាក្សា​ជាមួយ​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​អំពី​ការកែតម្រូវ​រូប​សញ្ញា​នេះ​។​

​លោក អ៊ិន ចាន់នី បន្តទៀតថា លោក​ពេញ​ចិត្តនឹង​ប្ដូរ​រូប​សញ្ញា​ហង្ស​នេះ ព្រោះ​ជាការ​តម្រូវ​របស់​រដ្ឋា​ភិ​បាល ហើយ​ម្យ៉ាង​លោក​ក៏​មិន​ចង់​ឲ្យ​មានការ​ភាន់ច្រឡំ​ណាមួយ​ដែរ​។ លោក​បន្ថែមថា ការកែតម្រូវ​លោ​ហ្គោ​នេះ ក្រុមហ៊ុន​លោក​នឹងត្រូវ​ចំណាយ​យ៉ាងតិច ៣​លាន​ដុល្លារ លើ​ការផ្លាស់ប្ដូរ​ផ្លាក​យីហោ និង​លិខិត​ផ្សេងៗ ។ ទោះយ៉ាងណា លោក​អះអាងថា ការប្ដូរ​រូប​សញ្ញា​នេះ នឹងមិន​ធ្វើ​ឲ្យ​ថយចុះ​នូវ​ចំនួន​អតិថិជន​នោះទេ ព្រោះ​ធនាគារ​លោក​នៅតែ​រក្សា​អក្សរ​អេស៊ីលីដា​ក្នុង​យីហោ​របស់ខ្លួន ដែល​អតិថិជន​នៅតែ​អាច​ស្គាល់​បាន​៕

​ក្នុងពេល​ថ្មី​នេះ រដ្ឋាភិបាល​បាន​តម្រូវ​ឲ្យ​គ្រប់​គ្រឹះស្ថាន​ធនាគារ មីក្រូហិរញ្ញវត្ថុ និង​ប្រតិបត្តិ​ករ​ឥណទាន​ជនបទ​ទាំងអស់ ដាក់​សញ្ញា​សម្គាល់​ជា​«​គ្រឹះស្ថាន​ឯកជន​»​នៅ​គ្រប់​សាខា​របស់ខ្លួន ដើម្បី​កុំ​ឲ្យ​សាធារណជន​យល់ច្រឡំ​ថា​ជា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​របស់​រដ្ឋ​។ បន្ទាប់ពី​ការតម្រូវ​របស់​រដ្ឋាភិបាល​ដូចនេះ ឃើញថា​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​បាន​អនុវត្តតាម​ការសម្រេច​នេះ​ជា​បន្តបន្ទាប់​៕


Tag:
 ធនាគារ​អេស៊ីលីដា​
  អ៊ិន ចាន់នី​
© រក្សាសិទ្ធិដោយ thmeythmey.com