កីឡាជាតិ
ជាតិ
គួច សុគ​ម្ភៈ អវត្តមាន​ក្នុងជំនួប​ដំបូង​របស់​ណាហ្គា​វើ​ល ខណៈ​អគ្គិសនី​ប្រកាន់​ជំហរ​ការពារ​ជាធំ​
18, Feb 2017 , 8:39 am        
រូបភាព
ដោយ:
​ដោយសារ​បញ្ហា​របួស​ក្បាលជង្គង់​បានធ្វើ​ឲ្យ​ខ្សែបម្រើ​ប្រធាន​ក្រុម គួច សុគ​ម្ភៈ អវត្តមាន​ក្នុងជំនួប​លើកដំបូង​របស់​ណាហ្គា​វើ​ល​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា​ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ប្រចាំឆ្នាំ​២០១៧ នៅ​កីឡដ្ឋាន​ស្វាយរៀង​នា​ថ្ងៃទី​១៨ ខែកុម្ភៈ នេះ​។ ទោះបីជា​យ៉ាងណា ក្រុម​អគ្គិសនី​ដែល​ប្រើ​ធនធាន​កីឡាករ​ខ្មែរ​សុទ្ធ​នឹង​ប្រកាន់យក​ជំហរ​ការពារ​ឲ្យ​ខ្លាំង​ជាង​ប្រយុទ្ធ​ក្នុងជំនួប​ល្ងាច​នេះ​។​



​កី​ឡករ​ប្រធាន​ក្រុម​ណាហ្គា​វើ​ល គួច សុគ​ម្ភៈ មិនអាច​ចូលរួម​លេង ដើម្បី​ជួយ​ក្រុម​ណាហ្គា​វើ​ល​ក្នុងជំនួប​ថ្ងៃ​ដំបូង​ជាមួយ​ក្រុម​ជើងឯក​រង​លី​ក​លំដាប់​ទី​២​អគ្គិសនី​កម្ពុជា​នោះទេ ដោយសារ​បញ្ហា​របួស​ក្បាលជង្គង់​ពេល​ប៉ះ​ទ​ង្កិ​ច​ក្នុងអំឡុងពេល​ប្រកួត​មិត្តភាព​ជាមួយ​អាស៊ី​អឺរ៉ុប​កាលពី​ខែមករា កន្លងទៅ​មិនទាន់​ធូរស្បើយ​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​គ្រូ​បង្គោល​ណាហ្គា​វើ​ល​លោក មាស ចាន់ណា​។

​គ្រូបង្វឹក​រូបនេះ​បាន​ឲ្យ​ដឹង​ទៀតថា ខ្សែបម្រើ​ដ៏​ឆ្នើម​របស់​ណាហ្គា​វើ​ល​រូបនេះ ទំនង​អាច​នឹង​អវត្តមាន​រហូត​៣​ប្រកួត​របស់​ណាហ្គា​វើ​ល ដោយសារ​របួស​ត្រូវចំ​ណាយ​ពេល​យ៉ាងតិច​ពី​៤​ទៅ​៥​សប្តាហ៍ ដើម្បី​ព្យាបាល​ឲ្យ​ជាសះស្បើយ ទោះបី​បច្ចុប្បន្ន​កីឡាករ​រូបនេះ​អាច​ហ្វឹកហាត់​បាន​តិចៗ​ក៏ដោយ​។

​ទោះបីជា​យ៉ាងនេះ​ក្តី លោក មាស ចាន់ណា បាន​បញ្ជាក់ថា ក្រុម​របស់លោក​មិនមាន​បញ្ហា​នោះទេ​ក្នុងការ​តទល់​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​១៨ ខែកុម្ភៈ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោក រំពឹងថា នឹង​ទទួលបាន​៣​ពិន្ទុ​សម្រាប់​ការប្រកួត​ថ្ងៃ​ដំបូង ព្រោះ​ណាហ្គា​វើ​ល​មាន​កីឡាករ​បរទេស និង​កម្ពុជា​ដែលមាន​សមត្ថភាព​ជាច្រើន​រូប​ទៀត​។ 

​ដោយឡែក លោក ប្រាក់ វុទ្ធី គ្រូ​បង្គោល​របស់​ក្លិប​អគ្គិសនី​កម្ពុជា​បាន​បញ្ជាក់ថា លោក​នឹង​រៀបចំ​ប្រព័ន្ធ​លេង​ដោយ​ផ្តោត​សំខាន់​ទៅលើ​តំបន់​ការពារ​ឲ្យ​ខ្លាំង​ជាង​តំបន់​ប្រយុទ្ធ​សម្រាប់​ការ​តទល់​ជាមួយ​ណាហ្គា​វើ​ល​នៅ​ល្ងាច​នេះ​។ ការប្រកាន់​បែបនេះ ដោយសារ​លោក​គិតថា ណាហ្គា​វើ​ល ជា​ក្រុម​ដែលមាន​សមត្ថភាព​ខ្លាំង​មួយ​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​។

​លោក​បានបញ្ជាក់​ផងដែរ​ថា ក្រុម​អគ្គិសនី​កម្ពុជា​មិនមាន​ធនធាន​កីឡាករ​បរទេស​សូម្បីតែ​ម្នាក់ ពោលគឺ​សុទ្ធតែជា​កីឡាករ​កម្ពុជា ដូច្នេះ​ក្នុងការ​តទល់​ជាមួយ​ក្រុម​ណាហ្គា​វើ​ល លោក មិន​រំពឹង​ទទួលបាន​ជ័យជម្នះ​នោះឡើយ​។ តែ​យ៉ាងណា ក្រុម​អគ្គិសនី​កម្ពុ​ជាមាន​កីឡាករ​ពោរពេញ​ទៅដោយ​ឆន្ទៈ​ក្នុង​ការប្រកួត និង​មិនមាន​បញ្ហា​របួស​។​

​បើ​យោងតាម​លោក ប្រាក់ វុទ្ធី ការ​ឡើងមក​ចូលរួម​ប្រកួត​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ក្រុម​របស់លោក​មិន​រំពឹង​ក្នុង​ការទទួល​ជ័យជម្នះ​នោះទេ​។ ហើយ​ថ្នាក់ដឹកនាំ​ក្លិប​អគ្គិសនី​កម្ពុជា នៅតែ​ប្រកាន់​ជំហរ​មិន​ទិញ​ចូល​កីឡាករ​បរទេស​សម្រាប់​ប្រើប្រាស់​ក្នុង​ក្រុម​ឡើយ​។

​ក្រៅពី​ជំនួប​រវាង​ក្រុម​ណាហ្គា​វើ​ល​ជាមួយ​ក្រុម​អគ្គិសនី​កម្ពុជា នៅ​កីឡដ្ឋាន​សៀមរាប ក៏មាន​ការប្រកួត​មួយគូ​ទៀតផង​ដែរ​នា​វេលា​ម៉ោង​៣​រសៀល គឺ​រវាង​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ និង​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​)៕ 


Tag:
 Cambodian League 2017
  គួច សុគ​ម្ភៈ​
  ណាហ្គា​វើ​ល​
  អគ្គិសនី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com