កីឡាជាតិ
ជាតិ
គ្រូបង្វឹក​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​មានសង្ឃឹម​តិច តែ​ប្តេជ្ញា​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​
19, Feb 2017 , 8:39 am        
រូបភាព
លោក​ ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគីរីវង់សុខសែនជ័យ
លោក​ ផាន់ ចាន់ផាត គ្រូបង្វឹកក្រុមគីរីវង់សុខសែនជ័យ
ដោយ:
​ក្រុម​ជើងឯក​ពានរង្វាន់​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​គីរីវង់​សុខ​សែន​ជ័យ ត្រូវ​ជួប​ប្រកួត​ជាមួយ​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង​ក្នុង​ពានរង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុ​ជានា​ល្ងាច​ថ្ងៃទី​១៩ ខែកុម្ភៈ នៅ​កីឡដ្ឋាន​ខេត្តស្វាយរៀង​។ ការរៀបចំ​មិនទាន់​បានល្អ និង​ការ​មិនមាន​កីឡាករ​បរទេស​នៅ​ក្រុម​បានធ្វើ​ឲ្យ​គ្រូបង្វឹក​ក្រុម​គី​រី​សុខ​សែន​ជ័យ មានសង្ឃឹម​តិច​បំផុត​ក្នុងការ​យកឈ្នះ​ក្រុម​ព្រះខ័ន​ស្វាយរៀង តែ​យ៉ាងណា លោក នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​។

 


​ការប្រមូលផ្តុំ​កីឡាករ​បែប​ប្រ​ញ៉ាប់​ប្រ​ញ៉ា​ល​ហាក់បីដូច​ធ្វើ​ឲ្យ​ក្រុម​ជើងឯក​លី​ក​លំដាប់​ទី​២​ប្រចាំឆ្នាំ​២០១៦ គីរីវង់​សុខ​សែន​ជ័យ ដែល​ត្រូវ​ឡើង​មកលេង​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​ត្រៀមខ្លួន​មិនបាន​ល្អ​។ ជាពិសេស​ធ្វើ​ឲ្យ​មានការ​យឺតយ៉ាវ​ក្នុងការ​នាំចូល​កីឡាករ​បរទេស​ដើម្បី​ជួយ​ក្រុម​ក្នុងជំនួប​ថ្ងៃ​ដំបូង​ជាមួយ​ព្រះខ័ន​រាជ​ស្វាយរៀង​។

​កត្តា​ទាំងនេះ​ជា​មូលហេតុ​ធ្វើ​ឲ្យ​លោក ផាន់ ចាន់​ផាត ដែលជា​គ្រូបង្វឹក​របស់​ក្រុម​គីរីវង់​សុខ​សែន​ជ័យ​ស្ទើរតែ​មិន​ហ៊ាន​ដាក់​ក្តីសង្ឃឹម​ក្នុងការ​យកឈ្នះ​លើ​ក្រុមព្រះ​ខ័ន​រាជ​ស្វាយរៀង​។ តែ​យ៉ាងណា គ្រូបង្វឹក​រូបនេះ​បាន​ប្តេជ្ញា​ថា នឹង​ខិតខំ​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព ដោយ​ផ្តោតទៅលើ​តំបន់​ការពារ​ឲ្យ​ច្រើនជាង​តំបន់​ប្រយុទ្ធ​។ ទោះបី​ជំនួប​នេះ​មិនមាន​កីឡាករ​បរទេស​ក៏ដោយ ប៉ុន្តែ​លោក​សង្ឃឹមថា នឹង​អាច​ទប់ទល់​ជាមួយ​ក្រុម​ស្វាយរៀង​បាន​យ៉ាង​ល្អ​។​

«​យើង​ត្រៀម​ជាប្រចាំ​ក្នុងការ​តទល់​ជាមួយ​ក្រុម​ខ្លាំង ប៉ុន្តែ​យើង​សង្ឃឹម​តិច​ក្នុងការ​ឈ្នះ ព្រោះ​យើង​មិនបាន​ត្រៀមខ្លួន​ឲ្យ​ល្អ​ដូច​គេ​ដែល​បាន​ត្រៀម​តាំងពី​ចប់​លី​ក​កំពូល​ឆ្នាំ​២០១៦​។ ចំពោះ​កីឡាករ​បរទេស​ដោយសា​រ​រយៈពេល​ខ្លី ធ្វើ​ឲ្យ​ខ្ញុំ​រៀបចំ​មិនទាន់​គឺ​យើង​មានតែ​អ្នកចាំទី​ជនជាតិ​វៀតណាម​មួយ​នាក់​ប៉ុណ្ណោះ​»​។ នេះ​ជាស​ម្តី​របស់លោក ផាន់ ចាន់​ផាត​។



​ដើម្បី​រក្សា​តុល្យភាព​ក្នុង​ប្រកួតប្រជែង​ជាមួយ​ដែល​លេង​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ក្រុម​ជើងឯក​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​មួយ​នេះ ក៏មាន​គម្រោង​នាំចូល​កីឡាករ​បរទេស​តាម​ចំនួន​កំណត់​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា ប្រហែលជា​អាច​ក្នុងអំឡុងពេល​ប្រកួត​ជើង​ទី​៣ ឬ​ទី​៤​។  

​គិត​មក​ពេលនេះ​ក្រុមបាល់ទាត់​គីរីវង់​សុខ​សែន​ជ័យ បាន​ប្រមូលផ្តុំ​កីឡាករ​សម្រាប់​ត្រៀម​លេង​ក្នុង​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា ទើបតែ​បាន​រយៈពេល​ជាង​១០​ថ្ងៃ​ប៉ុណ្ណោះ ក្រោយ​បញ្ចប់​បេសកកម្ម​ក្នុង​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​។ ក្រុម​នេះ​បាន​ឆ្លងកាត់​ប្រកួត​មិត្តភាព​បានតែ​មួយ​លើក​ប៉ុណ្ណោះ​កាលពី​ថ្ងៃទី​១៤ កុម្ភៈ ដោយបាន​ចាញ់​ក្រុម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្នុង​លទ្ធផល ២-០ ទៀតផង​។ 

​គួរ​បញ្ជាក់ថា ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧ នៅ​ថ្ងៃទី​១៩ ខែកុម្ភៈ នេះ​មានការ​ប្រកួត​ចំនួន​៣​គូ ក្នុងនោះ​ក្រុម​ម្ចាស់ផ្ទះ​ព្រះខ័ន​រាជ​ស្វាយរៀង​ស្វាគមន៍​ក្រុម​ជើងឯក​លី​ក​លំដាប់​ទី​២​គី​រី​សុខ​សែន​ជ័យ​នៅ​ម៉ោង​៦​ល្ងាច​។ រីឯ​ក្រុម​អាស៊ី​អឺរ៉ុប​តទល់​ជាមួយ​ភ្នំពេញ​ក្រោ​ន​នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់​នា​វេលា​ម៉ោង​៦​ល្ងាច​ដូចគ្នា ខណៈ​ម្ចាស់ផ្ទះ​វេ​ស្ទើ​ន​ទទួល​ក្រុម​ភ្ញៀវ​ប៉ូលិស​នា​វេលា​ម៉ោង​៣​រសៀល​៕
 

Tag:
 ផាន់ ចាន់​ផាត​
  គីរីវង់​សុខ​សែន​ជ័យ​
  Cambodian League 2017
© រក្សាសិទ្ធិដោយ thmeythmey.com