ពីនេះ ពីនោះ
១០​ចំណុច អាច​រម្លត់​សេចក្តី​ក្រោធ ដែលជា​ជំងឺ​ចង្រៃ​បំផុត​ក្នុង​ខ្លួន​មនុស្ស
18, Feb 2017 , 1:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ សេចក្តី​ក្រោធ គឺជា​ប្រភព​នៃ​សេចក្តី​ទុក្ខ ការវិនាស និង​គ្រោះភ័យ​។ មាន​វិធី​១០​យ៉ាង ដើម្បី​រំងាប់​សេចក្តី​ក្រោធ​៖ 



១) ទទួលស្គាល់​កំហុស​៖ ត្រូវ​ទទួលស្គាល់ថា ខ្លួន​កំពុង​ខឹងសម្បា​។ ព្រះពុទ្ធ បាន​បង្រៀន​ឲ្យ​មនុស្ស​មាន​សតិ​រលឹក​គ្រប់ពេលវេលា ដែល​ការណ៍​នេះ នឹង​នាំ​មនុស្ស​អាច​គ្រប់គ្រង​ខ្លួនឯងបាន​។

២) ពិចារណា​ទោស​នៃ​សេចក្តី​ក្រោធ​៖ យើង​ត្រូវ​គិតថា សេចក្តី​ក្រោធ​មិនបាន​ផ្តល់​ផលចំណេញ ឬ​ផល​វិជ្ជមាន​ដល់​យើង​ឡើយ​។ ប៉ុន្តែ សេចក្តី​ក្រោធ មានតែ​បំផ្លាញ​ជីវិត​របស់​យើង​ទៅវិញ​ទេ​។ ក្នុងនោះ​មានដូចជា​៖​ធ្វើ​យើង​មាន​ទឹកមុខ​មិន​ស្រស់ ចិត្ត​មួម៉ៅ អាច​គាំ​បេះដូង​ស្លាប់ គិត​ខ្លី សម្រេចចិត្ត​ខុស និយាយ​និង​ធ្វើ​កិច្ច​ការខុស មាន​វិប្បដិសារី ឆាប់​ចាស់​ជាង​វៃ ឆាប់​ស្លាប់ គេ​មិន​ចូលចិត្ត​…​។

៣) ការបើក​ចិត្ត​ឲ្យ​ទូលាយ​៖ ធម្មតា​ពៀរ​ទាំងឡាយ​មិនដែល​ស្ងប់រំងាប់ ដោយ​ការ​ចងពៀរ​ឡើយ តែ​ពៀរ​ទាំងឡាយ​តែង​ស្ងប់រំងាប់​ដោយ​ការមិន​ចងពៀរ​។ នេះ​ជា​គុណធម៌​ចាស់ មាន​យូរ​មកហើយ​។

៤) ការពិចារណា​ភាពប្រាកដនិយម​៖ គេ​ក៏​ប្រព្រឹត្ត​ខុស យើង​ក៏​ធ្លាប់​ប្រព្រឹត្ត​ខុស​។ យើង​គួរ​ពិចារណា​ថា លើ​លោក​នេះ គ្មាន​នរណាម្នាក់ ដែល​ល្អឥតខ្ចោះ​នោះឡើយ​។

៥) សេចក្តី​អត់ធន់​៖ កាលបើដឹងថា អ្នកដទៃ​ខឹង​កំពុង​សម្បា​ហើយ បុគ្គល​ដែល​អាចមាន​សតិ​តម្កល់ចិត្ត​ស្ងប់​បាន រមែង​ជា​ប្រយោជន៍​ដល់​ខ្លួនឯង​ផង និង​អ្នកដទៃ​ផង​។

៦) ឈ្វេងយល់​អំពី​ទុក្ខ​សច្ចៈ​៖ វិធី​នេះ គឺ​ដើម្បី​កាត់បន្ថយ​ភាព​ឆេវឆាវ​របស់​អ្នក​។​

៧) ឈ្វេងយល់​អំពី​ច្បាប់​កម្មផល​៖ សត្វ​ទាំងឡាយ​មានកម្ម​របស់ខ្លួន មានកម្ម​ជា​ទាយាទ មានកម្ម​ជា​កំណើត មានកម្ម​ជា​ផៅ​ពង្ស មានកម្ម​ជា​គ្រឿង​រលឹក កម្ម​តែង​ចែក​សត្វ​ទាំងឡាយ​ឲ្យ​មាន​ទាប និង​ខ្ពង់ខ្ពស់​។

៨) ការចាក់​ធ្លុះ​នូវ​ទ្រឹស្តី​សុញ្ញវាទ​៖ សុញ្ញវាទ គឺជា​សភាព​សោះសូន្យ គ្មានអ្វី​ទាំងអស់​នៅក្នុង​ធម្មជាតិ​នេះ ពោល គឺ​អ្វីៗ​ក៏ដោយ​ដែលមាន​អត្ថិភាព​ក្នុង​ចក្រវាល​នេះ សុទ្ធតែជា​គ្រឿង​ញ៉ាំង​ឲ្យ​កើតឡើង​។ សុញ្ញវាទ លទ្ធិ​ដែល​ប្រកាន់​ថា ស្លាប់ទៅ​សូន្យ​មិនកើត​ទៀត ឬ​លទ្ធិ​ដែល​ប្រកាន់​ថា​គ្មាន​ព្រះ​(​វចនានុក្រម សម្តេច​សង្ឃរាជ ជួន ណាត​)​។

៩) ចម្រើន​ឧបេក្ខា​៖ ពិចារណា ឬ វិនិច្ឆ័យ​ក្នុង​ផ្លូវកណ្តាល គ្មាន​ភាពលំអៀង និង​យុត្តិធម៌​។ 

១០) ការ​ចម្រើន​មេត្តាភាវនា​៖ មេត្តា គឺ​ការអប់រំ​ចិត្ត ដែល​វា​ជា​ឱសថ​ព្យាបាល​សេចក្តី​ក្រោធ​ដ៏​មាន​ប្រសិទ្ធភាព​។

​ប្រភព​៖ «​គោលការណ៍​១០ រំងាប់​សេចក្តី​ក្រោធ​» រៀបរៀង​ដោយ លោក ស៊ិន គង់  សាស្ត្រាចារ្យ​ទស្សនវិជ្ជា


Tag:
 សេចក្តី​ក្រោធ​
 ​ ស៊ិន គង់
© រក្សាសិទ្ធិដោយ thmeythmey.com