ពីនេះ ពីនោះ
ព័ត៍មានសុខភាព
អ្វីទៅជាគ្រួសក្នុងក្រពេញអាមីដាស?
× មុននឹងខ្ញុំនិយាយដល់គ្រួសក្នុងក្រពេញអាមីដាសនេះ ប្រហែលជាបងប្អូនឆ្ងល់ហើយថា វាជាអ្វីឲ្យពិតប្រាកដ ព្រោះធ្លាប់តែលឺអំពីគ្រួសក្នុងថង់ទឹកប្រមាត់ ឬគ្រួសក្នុងតម្រងនោម។ ប៉ុន្តែអ្វីដែលទំនងជាកើតមានជានោះគឺថា គ្រួសក្នុងក្រពេញអាមីដាស ត្រូវបានគេចែករំលែងយ៉ាងច្រើនតាមរយៈគេហទំព័រ YouTube។
ធម្មតាក្រពេញអាមីដាស គឺជាក្រពេញមួយប្រភេទដែលស្ថិតនៅសងខាងបំពង់កយើង ហើយការដែលកើតគ្រួសក្នុងក្រពេញនេះ ភាគច្រើនដោយសារតែការប្រមូលផ្តុំនៃសារធាតុកំបោរផ្សំគ្នានឹងកោសិកាងាប់ៗ បាក់តេរី និងជាតិរំអិលនៅទីនោះតែម្តង។ អាការៈបែបនេះច្រើនតែកើតមានលើអ្នកដែលឧស្សាហ៍មានបញ្ហារលាកក្រពេញអាមីដាស ជាពិសេសបង្កឡើងដោយបាក់តេរីតែម្តង។ ពេលខ្លះការរលាកនៅក្រពេញមួយនេះធ្វើឲ្យវាទៅជាស្វិតដែរ។ ការស្វិត កំទិចកំទីចេញពីអាហារ បាក់តេរី និងជាតិរំអិលជាប់ក្នុងក្រពេញនេះយូរៗទៅ ទើបធ្វើឲ្យវាក្លាយទៅជាគ្រួសតែម្តងទៅ។
តើគួរបារម្ភទេកាលណាមានគ្រួសបែបនេះ?
គ្រួសក្នុងក្រពេញអាមីដាសនឹងមិនបង្កជាបញ្ហាអ្វីដល់សុខភាពឡើយ គ្រាន់តែធ្វើឲ្យមានក្លិនមាត់អាក្រក់ប៉ុណ្ណោះ។ យ៉ាងណាមិញ បើសិនជាគ្រួសនោះធំពេក វានឹងធ្វើឲ្យពិបាកដល់ការលេបអាហារ។
តើគួរយកវាចេញដែរទេ?
បើសិនជាអ្នកមិនមែនជាគ្រូពេទ្យទេ ការដែលប្រើវិធីគ្រប់យ៉ាងដើម្បីយកគ្រួសចេញពីក្រពេញអាមីដាស ច្រើនតែធ្វើឲ្យមានរបួសកាន់តែច្រើនដល់បំពង់កទៅវិញទេ។ ដូច្នេះអ្វីដែលល្អបំផុតនៅពេលនេះគឺទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញខាងត្រចៀកបំពង់ក ដើម្បីយកវាចេញតាមរយៈឧបករណ៍វេជ្ជសាស្ត្រ និងធ្វើទៅតាមក្បួនខ្នាតត្រឹមត្រូវវិញ។
មានមនុស្សមួយចំនួនដែលនឹងកើតគ្រួសក្នុងក្រពេញអាមីដាសនេះម្តងហើយម្តងទៀត។ អ្នកជំងឺបែបនេះច្រើនតែត្រូវបានណែនាំឲ្យកាត់ក្រពេញនេះចោលតែម្តង៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com