ជាតិ
សង្គមជាតិ
រដ្ឋបាលក្រុងភ្នំពេញ ហាមរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរធុនធំ ឆ្លងកាត់ការដ្ឋានពង្រីកផ្លូវជាតិ៤ និងលេខ៥
× ចាប់ពីថ្ងៃទី ១៧ ខែកុម្ភៈ រថយន្តដឹកទំនិញគ្រប់ប្រភេទ និងរថយន្តដឹកអ្នកដំណើរធុនធំ ដែលធ្វើចរាចរណ៍ចូលក្រុងភ្នំពេញ មិនអាចបើកបរឆ្លងការដ្ឋានសង់ពង្រីកកំណាត់ផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៥ នៅចន្លោះម៉ោង៦ ដល់ម៉ោង៩ព្រឹក និងម៉ោង៤រសៀល ដល់ម៉ោង៨យប់ បានឡើយ។ រដ្ឋបាលរាជធានីភ្នំពេញ បានកំណត់ផ្លូវវាងមួយចំនួននៅក្រៅក្រុង ឲ្យរថយន្តទាំងនេះធ្វើចរាចរណ៍ ដែលការកំណត់នេះ គឺដើម្បីកាត់បន្ថយការកកស្ទះនៅចំណុចការដ្ឋានសាងសង់ និងដើម្បីពន្លឿនការសាងសង់ឲ្យចប់តាមផែនការ។
រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៧ ខែកុម្ភៈ បានចេញសេចក្តីជូនដំណឹងមួយ ស្តីពីការពង្រាងចរាចរណ៍ឆ្លងការដ្ឋានពង្រីកផ្លូវជាតិផ្លូវជាតិលេខ៤ ចន្លោះផ្លូវទំនប់កប់ស្រូវ ដល់វង្វង់មូលចោមចៅ និងផ្លូវជាតិលេខ៥ ចន្លោះស្ពានព្រែកព្នៅ ដល់រង្វង់មូលស្ពានជ្រោយចង្វារ។
បើតាមសេចក្តីជូនដំណឹងនេះ រថយន្តដឹកទំនិញគ្រប់ប្រភេទ និងរថយន្តដឹកអ្នកដំណើរធុនធំ នឹងមិនអនុញ្ញាតឲ្យធ្វើដំណើរចូលក្រុងភ្នំពេញ ឆ្លងកាត់ចំណុចការដ្ឋានពង្រីកកំណាត់ផ្លូវជាតិលេខ៤ និងលេខ៥ នេះបានឡើយ ចាប់ពីម៉ោង៦ ដល់ម៉ោង៩ព្រឹក និងម៉ោង៤រសៀល ដល់ម៉ោង៨យប់។ បើតាមរដ្ឋបាលរាជធានីភ្នំពេញ ការហាមប្រាមនេះ គឺដើម្បីបន្ថយការស្ទះចរាចរណ៍ និងពន្លឿនការសាងសង់ឲ្យចប់តាមផែនការ។
នៅក្នុងសេចក្តីជូនដំណឹងនោះ រដ្ឋបាលរាជធានីភ្នំពេញបានកំណត់ផ្លូវវាងនៅក្រៅក្រុង ដើម្បីឲ្យរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរធុនធំ ធ្វើដំណើរចូលក្រុងភ្នំពេញ។
សេចក្តីជូនដំណឹងបញ្ជាក់ថា រថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរធុនធំ ដែលចូលក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៤ ត្រូវបត់ស្តាំតាមចំណុចផ្សារបែកចាន តាមផ្លូវក្រវ៉ាត់ក្រុងទី៤ ឬផ្លូវបែកចានប្រទះឡាង រួចពង្រាងទៅផ្លូវព្រៃស ឬផ្លូវ 30Mទួលពង្រក៏បាន និងអាចបត់ឆ្វេងត្រង់ចំណុចភ្លើងស្តុបទៅផ្លូវក្រវ៉ាត់ក្រុងទី៣ ឬផ្លូវកប់ស្រូវក៏បាន។ រីឯរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរធុនធំដែលចូលក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៣ ត្រូវពង្រាងបត់ឆ្វេងត្រង់ចំណុចវត្តស្លែង តាមផ្លូវក្រវ៉ាត់ក្រុងទី៤ ឬផ្លូវបែកចានប្រទះឡាង និងពង្រាងបត់ស្តាំទៅផ្លូវព្រៃស ឬទៅផ្លូវ30Mទួទួលពង្រក៏បាន។ ដោយឡែកចំពោះរថយន្តដឹកទំនិញ និងរថយន្តដឹកអ្នកដំណើរធុនធំដែលចូលក្រុងភ្នំពេញ តាមផ្លូវជាតិលេខ៥ ត្រូវពង្រាងទៅផ្លូវកប់ស្រូវ និងផ្លូវហាណូយចំពោះយានយន្តដែលមានបណ្ណអនុញ្ញាតឲ្យចេញ ចូលរាជធានីភ្នំពេញ៕
Tag:
រដ្ឋបាលក្រុងភ្នំពេញ
រថយន្តដឹកទំនិញ
រថយន្តធុនធំ
© រក្សាសិទ្ធិដោយ thmeythmey.com