ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
គុន​ល្បុក្កតោ បង្ហាញខ្លួន​យ៉ាង​រស់រ​វើក​ក្នុង​រឿង​«Jailbreak»
18, Feb 2017 , 10:39 pm        
រូបភាព
​ភ្នំពេញ​៖ ខ្សែភាពយន្ត​រឿង «​ការពារ​ឧក្រិដ្ឋជន​» ឬ​«Jailbreak»  ជា​ភាពយន្ត​ដែល​បង្ហាញ​ពី​តម្លៃ និង​ភាពរស់រវើក​នៃ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​។ ភាពយន្ត​ខ្នាត​ធំ​នៅ​ដើមឆ្នាំ​២០១៧​នេះ បាន​ទាក់ទាញ​អ្នកគាំទ្រ យ៉ាងច្រើន សូម្បីតែ​ហ្គេម​«​ការពារ​ឧក្រិដ្ឋជន​»​ក៏មាន​អ្នក​ទាញយក​ទៅលេង ជាច្រើន​ម៉ឺន​នាក់​ដែរ​។



«​ការពារ​ឧក្រិដ្ឋជន​» ឬ​«Jailbreak» ជា​ភាពយន្ត​បែប​វាយប្រហារ ដែល​បា​នប​ញ្ចូ​ល​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ យ៉ាង​រស់​រវើក​។  ខ្សែភាពយន្ត​នេះ ផលិត​ដោយ​ផលិតករ​ជនជាតិ​អ៊ីតាលី លោក Jimmy Henderson  និង​ផលិតករ​ខ្មែរ ដែល​តួ​សម្តែង​សំខាន់ៗ​ក្នុង​ភាពយន្ត​នេះ​ភាគច្រើន​ជា​សិស្ស​ល្បុក្កតោ​ខ្មែរ​។

​កញ្ញា ស៊ិន បញ្ញា​ចរិយា ដែល​ទើបតែ​ទស្សនា​រឿងនេះ​ចប់ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា ខ្សែភាពយន្ត​នេះ​ល្អមើល​ប្លែក​ពី​រឿង​ដែល​ធ្លាប់​ទស្សនា​កន្លងមក ជាពិសេស​ការយក​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​មក​សម្ដែង​។ ចរិយា ដែល​ធ្លាប់តែ​ទស្សនា​រឿង ខ្មោច និង​រឿង​បែប​កំប្លែងៗ​នោះ​បញ្ជាក់​ដូច្នេះ​ថា​៖«​រឿង​ការពារ​ឧក្រិដ្ឋ​ជននេះ  មានការ​វាយ​គ្នា​គឺ​ពិតៗ ស្រស់ៗ មិន​ចាញ់​បរទេស​ទេ ហើយ​វាយ​គ្នា​សាហាវ​មែន ចេញមក​ឡូយ​ហ្មង​»​។​



​និស្សិត​ឆ្នាំ​ទី​២ ផ្នែក​គ្រប់គ្រង​ពាណិជ្ជកម្ម​អន្តរជាតិ នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​រូបនេះ ក៏​រំពឹងថា រឿងនេះ​ចាក់​បញ្ចាំង​នៅក្រៅ​ប្រទេស ដើម្បី​ជួយ​ផ្សព្វផ្សាយ​ក្បាច់គុន​ល្បុក្កតោ​ខ្មែរ​។​

​អ្នកទស្សនា​ម្នាក់ទៀត ក៏បាន​លើកឡើង​ស្រដៀង​គ្នា​នេះដែរ​។ កញ្ញា ហ៊ាន កញ្ញា​សុជាតា រៀប​រាប់ទាំង​ញញឹមញញែម​ថា នៅពេលដែល​គេ​យក​ល្បុក្កតោ​ខ្មែរ​មក​សម្ដែង គេ​កំពុង​ប្រាប់​ទៅ​អន្តរជាតិ ឲ្យ​ស្គា​ល់ពី​ក្បាច់គុន និង​ឈ្មោះ​ល្បុក្កតោ​ខ្មែរ និង​កុំ​ឲ្យ​គេ​យល់ច្រឡំ​ថា ជា​របស់​ប្រទេសជិតខាង​។ សុជាតា ដែល​អះអាងថា​ខ្លួន​ធ្លាប់​មើល​ភាពយន្ត​វាយប្រហារ​របស់​បរទេស​ផង​នោះ បញ្ជាក់​បន្តថា គុណភាព​រឿង​«​ការពារ​ឧក្រិដ្ឋជន​»​នេះ ថា​គុណភាព​រឿងនេះ មិន​ចាញ់​រឿង​បរទេស​នោះឡើយ​។



​និស្សិត​ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​ភាសាបរទេស​រូប​នេះ បន្ថែមថា​អ្នកដឹកនាំ​រឿង​ទំនង​ចង់​បង្ហាញថា គុក​ជា​កន្លែង​ដែល​គួរ​ឲ្យ​ខ្លាច និង​ជា​មធ្យោបាយ ដាសតឿន​ទៅ​អ្នកទស្សនា​កុំ​ឲ្យ​ប្រព្រឹត្ត​កំហុស​ខុសឆ្គង​។​

​ក្រៅពី​រៀបរាប់​ពី​ភាព​ទាក់ទាញ​នៃ​ភាពយន្ត​នេះ កញ្ញា ហ៊ាន កញ្ញា​សុជាតា ក៏​ស្នើ​ឲ្យ​ផលិតករ​ផ្សេងៗ​ទៀត ផលិតភាព​យន្ត​ដែល​លើកស្ទួយ​ពី​សិល្បៈ មរតក វប្បធម៌​ខ្មែរ និង​គុណ​ភាពល្អ​បែបនេះ​កាន់តែច្រើន​។ 

​លោក អ៊ូ តារា តួ​សម្ដែង និង​ជា​ផ្នែក​មួយ​នៃ​ការផលិត​រឿង «​ការពារ​ឧក្រិដ្ឋជន​»​នេះ បាន​និយាយថា​រឿងនេះ បានបញ្ជាក់​ពី​គុណ​តម្លៃ នៃ​ក្បាច់គុន​ល្បុក្កតោ និង​អ្វី​ដែលជា​របស់​ខ្មែរ ជាពិសេស​ចង់​ឲ្យ​ទស្សនិកជន​ជាតិ និង​អន្តរជាតិ​គាំទ្រ​ខ្សែភាពយន្ត​មួយ​នេះ​។​

​មុននឹង​រៀបរាប់​បន្ត​ពី​ការសម្តែង​របស់ខ្លួន​ក្នុង​ភាពយន្ត លោក តារា បាន​ថ្លែង​អរគុណ​ចំពោះ​ផលិតកម្ម ដែល​បាន​លះបង់ ដើម្បី​បង្កើត​រសជាតិ​ថ្មី​ជូន​ដល់​អ្នកទស្សនា ហើយ​ក្នុងនាម​ជា​តួអង្គ​ម្នាក់​ក្នុង​រឿងនេះ មិន​នឹកស្មានថា​មាន​អ្នកគាំទ្រ​រាប់ម៉ឺន​នាក់​បែប​នេះឡើយ​។



​ទោះ​ការសម្ដែង​នេះ​ជា​ទេពកោសល្យ​របស់ខ្លួន​ផ្ទាល់​ក៏ដោយ  ប៉ុន្តែ​នៅតែមាន​ផល​លំបាក សម្រាប់​លោក អ៊ូ តារា ដែល​ស​ម្តែ​ជា​តួ​នគរបាល​ម្នាក់ តាម​ការពារ​ឧក្រិដ្ឋជន​។ លោក អ៊ូ តារា រៀបរាប់​បន្តថា ក្បាច់គុន​ល្បុក្កតោ​ដែល​យកមក​សម្ដែង​នេះ បាន​ដកស្រង់​នៅតាម​ជញ្ជាំង​ប្រាង្គ​ប្រាសាទ​អង្គរ​ផងដែរ​។ តួអង្គ​រូបនេះ​បន្ថែម​ដូច្នេះ​ថា​៖«​ការ សម្ដែង​ត្រូវ​ប្រើ​កម្លាំង​ខ្លាំង​ពិតប្រាកដ ដើម្បី​ចង់បាន​គុណភាព​ល្អ​។ យើង​ប្រើពេល​២​ខែ ស្រាវជ្រាវ និង​ហ្វឹកហាត់ ដើម្បី​ធ្វើយ៉ាងណា​ប​ញ្ជូ​ល​ក្បាច់គុន​ល្បុក្កតោ​ឲ្យ​មាន​ភាព​ទាក់ទាញ​»​។

​សូមបញ្ជាក់ថា រឿង​«​ការពារ​ឧក្រិដ្ឋជន ឬ Jailbreak» ដែល​ចំណាយ​ទុន​ផលិត ប្រមាណ​៣០​ម៉ឺន​ដុល្លារ​នេះ នឹង​បង្ហាញ​វត្តមាន​នៅក្នុង​មហោស្រព​ភាព​អន្តរជាតិ​កម្ពុ​ជានា​ខែមីនា​ខាងមុខ​នេះដែរ​៕


Tag:
 Jailbreak
 ​ ល្បុក្កតោ​
© រក្សាសិទ្ធិដោយ thmeythmey.com