អន្តរជាតិ
បន្ទាប់ពី​បាន​ប្តេជ្ញា​ការពារ​សម្ព័ន្ធមិត្ត​ខ្លួន​ហើយ អាមេរិក ជួប​ចិន និង​ប្រាប់​ចិន​ឲ្យ​ជួយ​ទប់ស្កាត់​កូរ៉េខាងជើង​ផង
18, Feb 2017 , 8:19 pm        
រូបភាព
រដ្ឋមន្ត្រីការបរទេសអាមេរិក (ខាងឆ្ចេង) និងរដ្ឋមន្ត្រីការបរទេសចិន (ខាងស្តាំ) (ប្រភពរូបភាព៖ AFP)
រដ្ឋមន្ត្រីការបរទេសអាមេរិក (ខាងឆ្ចេង) និងរដ្ឋមន្ត្រីការបរទេសចិន (ខាងស្តាំ) (ប្រភពរូបភាព៖ AFP)
ដោយ: ថ្មីៗ
​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី លោក Rex Tilleson នៅ​ថ្ងៃទី​១៧ កុម្ភៈ ម្សិលមិញ បាន​ជួបពិភាក្សា​ជា​លើកដំបូង​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ចិន លោក Wang Yi នា​ក្រៅ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស G20 នៅ​អាល្លឺម៉ង់​។ ក្នុងជំនួប​លើកដំបូង​នោះ ប្រមុខ​ការទូត​ទាំងពីរ បានលើកឡើង​ពី​ចំណុច​ចម្រូងចម្រាស​ប្រទេស​ទាំងពីរ ក៏ដូចជា​បញ្ហា​កំពុងតែ​ក្តៅគគុក​នៅ​ឧបទ្វីប​កូរ៉េ គឺ​សកម្មភាព​គឃ្លើន​កូរ៉េខាងជើង​។​



«​លោក​រដ្ឋមន្ត្រីការបរទេស Rex Tillerson បាន​ប្រាប់​សម​ភាគី​ចិន​លោក​រដ្ឋមន្ត្រី Wang Yi ថា ចិន គួរតែ​ប្រើ​គ្រប់​មធ្យោបាយ​ដើម្បី​ប្រឈម​នឹង​សកម្មភាព​បង្កហេតុ​របស់​កូរ៉េខាងជើង​»​។ នេះ​បើ​យោងតាម​ការអះអាង​រប​ស់​អ្នកនាំពាក្យ​ក្រសួងការបរទេស​អាមេរិក Mark Toner ពាក់ព័ន្ធ​នឹង​ជំនួប​លើកដំបូង​របស់​ប្រមុខ​ការទូត​ទាំងពីរ ដែល​បាន​ដកស្រង់​សារព័ត៌មាន Wall Street Journal​។

​ការទទូច​ឲ្យ​ចិន ចេញមុខ​ចេញ​មាត់​ខ្លះ​ក្នុងការ​ទប់ស្កាត់​កូរ៉េខាងជើង ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងជើង បាន​បាញ់​មី​ស៊ី​ល​ជាថ្មី និង​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។ នៅ​ថ្ងៃទី​១២ កុម្ភៈ​កន្លងទៅ កូរ៉េខាងជើង​ក្រោម​ការបញ្ជា​ដោយផ្ទាល់​ពី​លោក​ប្រធានាធិបតី គីម ជុង​អ៊ុន បាន​បាញ់​សាកល្បង​មី​ស៊ី​ល​មួយ​ឆ្ពោះទៅកាន់​សមុទ្រ​ជប៉ុន​ជា​លើកដំបូង​នៅក្នុង​ឆ្នាំ​២០១៧​នេះ​។  បើតាម​សារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង KCNA មី​ស៊ី​ល​ដែល​បាញ់​នោះ ជា​ប្រភេទ​មី​ស៊ី​ល​ចម្ងាយ​មធ្យម​ស៊េរី​ថ្មី Pukguksong-2 ដែល​អាច​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​បាន​។ មី​ស៊ី​ល​នេះ ត្រូវបាន​អភិវឌ្ឍ​ចេញពី​មី​ស៊ី​ល​បាលី​ស្ទិ​ក​បាញ់​ពី​នាវាមុជទឹក ដែល​ធ្លាប់​ជោគជ័យ​ក្នុងការ​សាកល្បង​កាលពី​ខែសីហា ឆ្នាំ​២០១៦​។​

​អ្វី​គួរកត់សម្គាល់​នោះ មុនពេល​ជួប​ជជែក​ពាក់ព័ន្ធ​នឹង​រឿង​កូរ៉េខាងជើង ប្រមុខ​ការទូត​អាមេរិក​ថ្មី ក៏បាន​ជួប​ជាមួយនឹង​សម្ព័ន្ធមិត្ត​ខ្លួន​នៅក្រៅ​វេទិកា​ក្នុង​ទឹកដី​អាល្លឺម៉ង់​ផងដែរ​។

«​សហរដ្ឋអាមេរិក នៅតែ​ប្តេជ្ញា​យ៉ាង​មុតមាំ​ក្នុងការ​ការពារជាតិ​សម្ព័ន្ធមិត្ត កូរ៉េខាងត្បូង និង​ជប៉ុន ដែល​ការប្តេជ្ញាចិត្ត​នោះ រាប់បញ្ចូល​ទាំង​ការផ្តល់​ការការពារ​តាមរយៈ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ និង​សមត្ថភាព​យោធា​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​អាមេរិក​ថ្មី លោក Rex Tillerson ក្នុង​សន្និសីទ​សារព័ត៌មាន​រួមជាមួយ​នឹង​សម​ភាគី​កូរ៉េខាងត្បូង Yun Byung-se និង​សម​ភាគី​ជប៉ុន Fumio Kishida នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ​។

​តាមរយៈ​សេចក្តីថ្លែងការណ៍​រួម​ត្រីភាគី​នោះដែរ ប្រមុខ​ការទូត​ទាំងបី បាន​ថ្កោលទោស និង​ពណ៌នា​ការបាញ់​សាកល្បង​របស់​កូរ៉េខាងជើង​ថា​ជា​សកម្មភាព​ដ៏​ថោកទាប​មួយ ដែល​បាន​ល្មើស​ទៅនឹង​សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាសន្តិសុខ​។ ជាងនេះទៅទៀត​នោះ ប្រមុខ​ការទូត​ទាំងបី សន្យា​ធ្វើការ​រួមគ្នា​ដើម្បី​ធានា​ឲ្យ​កូរ៉េខាងជើង​ដឹងថា ការបំពាន​ផ្សេងៗ​ទៀត​នឹងត្រូវ​ប្រឈម​ជាមួយនឹង​វិធានការ​អន្តរជាតិ​កាន់តែខ្លាំង ហើយ ក៏បាន​ទាមទារ​ឲ្យ​ក្រុង​ព្យុងយ៉ាង​បោះបង់​កម្មវិធី​នុយក្លេអ៊ែរ និង​មី​ស៊ី​ល​ផងដែរ​៕


Tag:
 ចិន​
  អាមេរិក​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com