កីឡាជាតិ
ជាតិ
ខេ​ម​បូ​ឌា​ន​លី​ក​២​ឆ្នាំនេះ​កំណត់​យក​១០​ក្រុម​ចូលរួម​ជាមួយ​ការកែប្រែ​រូបមន្ត​ប្រកួត​
20, Feb 2017 , 8:19 am        
រូបភាព
ដោយ:
​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា​កាល​ពីថ្ងៃ​ទី​១៤ ខែកុម្ភៈ ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​ខេ​ម​បូ​ឌា​ន​លី​ក​២(Cambodian League 2)​លើក​ទី​២​ប្រចាំឆ្នាំ​២០១៧ បានកំណត់​យក​១០​ក្រុម​ចូលរួម ខណៈ​រូបមន្ត​នៃ​ការប្រកួត​ក៏មាន​ការផ្លាស់ប្តូរ​ផងដែរ​។

 


​ការប្រកួត​ខេ​ម​បូ​ឌា​ន​លី​ក​២​លើក​ទី​២​នៅ​ឆ្នាំនេះ បានកំណត់​យក​ក្រុម​ចូលរួម​ចំនួន​១០ ដោយ​ចំនួន​នេះ​លើសពី​ឆ្នាំ​២០១៦ ដែល​មានតែ​៩​ក្រុម​ចូលរួម​។  ក្នុងនោះ​៦​ក្រុម​ជា​សមាសភាព​ចាស់ ដែល​បាន​ចូលរួម​លេង​កាលពី​លើក​ទី​១ និង​៤​ក្រុម​ទៀត​ឡើង​មកពី​វគ្គ​ជម្រើស​ខេ​ម​បូ​ឌា​ន​លី​ក​២​ប្រចាំឆ្នាំ​២០១៧​។ ប៉ុន្តែ​ក្នុងករណី​មាន​ក្រុម​ណាមួយ​ដកខ្លួន​សហព័ន្ធ​មាន​សិទ្ធិ​សម្រេច​ជ្រើសរើស​ក្រុម​មក​ជំនួស​ផ្លាស់ប្តូរ​ទម្រង់​ប្រព័ន្ធ​ប្រកួត និង​បទបញ្ជា​បច្ចេកទេស​សម្រាប់​ការប្រកួត​ទាំងស្រុង​បើ​មាន​ករណី​ចាំបាច់​។​

​ក្រុម​ទាំង​៦​នោះ​រួមមាន ក្រុម​សាលា​កីឡាបាល់ទាត់​ជាតិ​(​បាទី​), ក្រុម​សៀមរាប​អង្គរ​, ក្រុម​ខេត្តស្វាយរៀង​, ក្រុម​ខេត្តកំពង់ឆ្នាំង​, ក្រុម​កំពង់ផែ​ស្វយ័ត​ខេត្ត​ព្រះ​ស៊ី​ហ​នុ និង​ក្រុម​ខេត្តកំពង់ស្ពឺ​។ ចំណែក​ក្រុម​លេខ​១ គិរីវង់​សុខ​សែន​ជ័យ និង​ក្រុម​លេខ​២​អគ្គិសនី​កម្ពុជា បាន​ឡើង​ទៅលេង​នៅ​លី​ក​កំពូល​កម្ពុជា​នៅ​ឆ្នាំ​២០១៧​។​

​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ខេ​ម​បូ​ឌា​ន​លី​ក​២​ប្រចាំឆ្នាំ​២០១៧ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី​១៩ ខែមីនា ដល់​ថ្ងៃទី​១ ខែតុលា​នេះ សហព័ន្ធ​បានកំណត់​អនុវត្តតាម​ប្រព័ន្ធ​លី​ក​ពីរ​ជុំ ពោលគឺ​ក្រុម​នីមួយៗ​ត្រូវ​ជួបគ្នា​២​ដង​។ ចំណែក​វគ្គ​ជម្រុះ គឺ​ក្រុម​លេខ​៣​ត្រូវ​ជួប​ក្រុម​លេខ​៤ ហើយ​ក្រុម​ឈ្នះ​ត្រូវ​ទៅ​ប្រកួត​ជាមួយ​ក្រុម​លេខ​២ ដើម្បី​រក​ក្រុម​ឈ្នះ​ឡើងទៅ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ជាមួយ​ក្រុម​លេខ​១​ក្នុង​វគ្គ​វិលជុំ​៕


Tag:
 បាល់ទាត់​
  Cambodian League 2 2017
© រក្សាសិទ្ធិដោយ thmeythmey.com