ជាតិ
សិល្បះ
Angelina Jolie៖«កម្ពុជាផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំមិនអាចក្លាយជាម្តាយដ៏ល្អម្នាក់ទេ បើគ្មានកម្ពុជា»
× លោកស្រី Angelina Jolie បានថ្លែងនៅក្នុងពិធីសម្ពោធភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈថា កម្ពុជាបានផ្លាស់ប្តូរជីវិតរបស់លោកស្រី និងធ្វើឲ្យរូបគាត់បានក្លាយទៅជាម្តាយដ៏ល្អម្នាក់។ តារាហូលីវូដសញ្ជាតិខ្មែររូបនេះ បន្តទៀតថា នាងផលិតភាពយន្តនេះឡើង ក៏ដើម្បីអរគុណដល់ប្រទេសកម្ពុជា ដែលបានផ្តល់ជីវិតថ្មីដល់ខ្លួន។
នៅក្នុងសុន្ទរកថាជាងមួយនាទី នាពិធីសម្ពោធភាពយន្តរឿង«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» នៅល្ងាចថ្ងៃទី១៨ ខែកុម្ភៈ លោកស្រី Angelina Jolie បានបញ្ជាក់ជាថ្មីថា ភាពយន្តនេះ មិនផ្តោតទៅទៅលើសង្គ្រាមនោះទេ ប៉ុន្តែភាពយន្តនេះ គឺបានបង្ហាញពីការតស៊ូ ការខិតខំប្រឹងប្រែងរបស់ពលរដ្ឋកម្ពុជា និងទេពកោសល្យសម្តែង របស់តួអង្គក្នុងរឿងនេះ។
រូបភាពពីAKP
ការផលិតភាពយន្តនេះ ក៏ជាការថ្លែងអំណរគុណដល់កម្ពុជា ដែលបានផ្តល់ជីវិតថ្មីឲ្យខ្លួនផងដែរ។ លោកស្រី Angelina Jolie បានបញ្ជាក់យ៉ាងដូច្នេះ មុននឹងបន្តថា៖«កម្ពុជាបានផ្លាស់ប្តូរជីវិតរបស់ខ្ញុំ ខ្ញុំនឹងមិនអាចក្លាយជាម្តាយដ៏ល្អម្នាក់នោះទេ បើគ្មានប្រទេសកម្ពុជា»។
មុននឹងបញ្ចប់សុន្ទកថាដ៏ខ្លីនេះ តារាហូលីវូដសញ្ជាតិខ្មែររូបនេះ បញ្ជាក់ថាកូនប្រុសច្បង Maddox កូនខ្មែរដែលនាងយកទៅចិញ្ចឹម មិនត្រឹមតែជាផ្នែកមួយនៃជីវិតរបស់នាងទេ ប៉ុន្តែជាចំណែកមួយនៃប្រទេសកម្ពុជា និងដែលតែងតែនៅជាមួយនាង។ ផលិតកររូបនេះ ថែមទាំងបានណែនាំ Maddox ឲ្យថ្លែងចំណាប់អារម្មណ៍ខ្លីនៅក្នុងឱកាសនោះដែរ។
នាឱកាស Maddox មិនបាននិយាយអ្វីច្រើន ក្រៅតែពីការអរគុណ និងជាកិត្តិយសដែលរូបគេ មានចំណែកនៅក្នុងភាពយន្តនេះ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ជាងនេះនោះ គឺ Shiloh ប្អូនស្រី របស់Maddox បាននិយាយណែនាំខ្លួនជាភាសាខ្មែរទៅកាន់អង្គពិធី និងបន្ថែមយ៉ាងខ្លីដូច្នេះថា៖«ខ្ញុំស្រឡាញ់ស្រុកខ្មែរ»។
រូបភាពពីAKP
ព្រះលានជល់ដំរី ខេត្តសៀមរាប ជាទីតាំងដែលភាពយន្ត«មុនដំបូងខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» ត្រូវចាក់បញ្ចាំងលើកដំបូង ក្រោមព្រះរាជវត្តមាន ព្រះករុណា ព្រះបាទ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃកម្ពុជា និងសម្តេចម៉ែ នរោត្តម មុនីនាថ សីហនុ។ បន្ទាប់ពីទឹកដីអង្គរ ភាពយន្តនេះនឹងបន្តទៅបញ្ចាំងនៅពហុកីឡដ្ឋានជាតិអូឡាំពិក នៅថ្ងៃទី២១ ខែកុម្ភៈ និងនៅសួនច្បារនាគបាញ់ទឹកខេត្តបាត់ដំបង នៅថ្ងៃទី២៣ ខែកុម្ភៈ ព្រមទាំងចេញផ្សាយនៅលើគេហទំព័របញ្ចាំងខ្សែភាពយន្តដ៏ល្បីល្បាញ Netflix នៅខែកញ្ញា ឆ្នាំ២០១៧នេះ។
«មុនដំបូង ខ្មែរក្រហមសម្លាប់ប៉ារបស់ខ្ញុំ» គឺជាភាពយន្តប្រែសម្រួលចេញពីការចងចាំដ៏ឈឺចាប់របស់អ្នកស្រី លួង អ៊ឹង ដែលជាអ្នកនិពន្ធសៀវភៅ និងសកម្មជនការពារសិទ្ធិមនុស្ស។ អ្នកស្រីបានរួចផុតជីវិតពីរបបខ្មែរក្រហមពីឆ្នាំ ១៩៧៥ ដល់ ឆ្នាំ១៩៧៩។ សាច់រឿងត្រូវបានរៀបរាប់ តាមការមើលឃើញរបស់អ្នកស្រី តាំងពីអាយុ៥ឆ្នាំ នៅពេលដែលខ្មែរក្រហមឡើងកាន់អំណាច រហូតដល់គាត់អាយុ៩ឆ្នាំ។ ខ្សែភាពយន្តនេះ ឆ្លុះបញ្ចាំងអំពីស្មារតីយ៉ាងមោះមុត និងការតស៊ូយ៉ាងប្តូរផ្តាច់ របស់គ្រួសារអ្នកស្រី ដើម្បីបានរស់នៅជាមួយគ្នាយ៉ាងវេទនា អំឡុងសម័យខ្មែរក្រហម៕
Tag:
Angelina Jolie
ភាពយន្ត
ខ្មែរក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com