ជាតិ
ស្នាដៃ​លោកតា នូ លាត នឹងត្រូវ​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​
08, Apr 2017 , 12:19 pm        
រូបភាព
​សៀមរាប​៖ លោកតា នូ លាត មាន​ស្នាដៃ​ច្រើន​ទៅនឹង​ការធ្វើ​ឧបករណ៍ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ខ្មែរ​។ ទោះជា​អាយុ​ចាស់​ហើយក៏​ពិតមែន តែ​លោកតា​នៅមាន​កម្លាំង និង​សមត្ថភាព​ខ្ពស់ គួរ​ឲ្យ​កត់សម្គាល់​។ ស្នាដៃ​លោកតា នូ លាត នឹងត្រូវ​ដាក់តាំង​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​ឆ្នាំ​២០១៧ នៅក្នុង «​ភូមិ​ខ្ញុំ​» ក្បែរ​បរិវេណ​ប្រាសាទបាយ័ន​។​



​ដើម្បី​លើក​តម្លៃ​ទេពកោសល្យ​ស្នាដៃ​អ្នកស្រុក​អង្គរ អាជ្ញាធរ​ជាតិ​អប្សរា នឹង​រៀបចំ​ការតាំង​បង្ហាញ​ស្នាដៃ​លោកតា នូ លាត នៅក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។ លោកតា នូ លាត នឹង​បង្ហាញ​ទេពកោសល្យ​ធ្វើ​ឧបករណ៍ប្រើប្រាស់​ផ្ទាល់ ទៅដល់​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ក្នុង​បរិវេណ​ភូមិ​ខ្ញុំ​។​

​នៅ​ឆ្នាំនេះ លោកតា នូ លាត អាយុ ៨៤ ឆ្នាំ​ហើយ​។ លោកតា​ស្ថិត​ក្នុងចំណោម​អ្នកស្រុក​អង្គរ​ដទៃទៀត ដែល​ចេះ​ធ្វើ​ឧបករណ៍​ពី​ដែក មានដូចជា ពូថៅ កណ្តៀវ ខ្វែវ ផ្គាក់ ដាវ​បុរាណ កាំបិតបន្ទោះ​។​ល​។ លោក​នឹង​ដំឡើង​ឧបករណ៍​សម្ភារ​ប្រើប្រាស់​ទាំងអស់​ដែល​លោក​ចេះ នៅ​ចំពោះមុខ​ភ្ញៀវទេសចរ​ដែល​នឹង​មក​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​អង្គរ​សង្ក្រាន្ត​។​

​មាន​ស្រុកកំណើត​នៅ​ភូមិ​ដូនទាវ ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប លោកតា នូ លាត មានកូន​ចំនួន​៨​នាក់​។ លោកតា​ចេះ​ធ្វើ​ឧបករណ៍ប្រើប្រាស់​ខាងលើ​តាំងពី​អាយុ​១៧ តាមរយៈ​ឳ​ពុក​មិត្តភក្តិ​របស់​លោកតា​។ លោក​បាន​រម្លឹកថា នៅពេលនោះ​គឺ​រាល់ថ្ងៃ​អាទិត្យ លោក​តែង​ទៅ​ដុំ​ដែក​លេង​នៅផ្ទះ​មិត្តភក្តិ តែ​ពេលនោះ​លោក​មិន​យក​ធ្វើជា​មុខរបរ​ជាប់​នោះទេ​។​

​ទោះជា​ចេះ​ការងារ​ដែក​ស្ទាត់ជំនាញ​នៅ​អាយុ​ត្រឹម​១៧​ឆ្នាំ​ក៏ដោយ តែ​នៅពេលនោះ​លោកតា នូ លាត មាន​អាជីព​ជាជាង​ឈើ និង​ជាង​ផ្ទះ​។ លោកតា​ចេះ​ធ្វើ តុ ទូ រទេះគោ ។​ល​។ តែ​ក្រោយមក​ឈើ​ក៏​ខ្សត់ ហើយ​បរិមាណ​ការប្រើប្រាស់​រទេះ​កង់​ឈើ​ក៏​ធ្លាក់ចុះ ទើប​លោកតា នូ លាត បាន​ដូរ​មក​ប្រក​បរបរ​ធ្វើជា​ជាងដែក​វិញ​ម្តង​។​



​ជាង​១០​ឆ្នាំ​មកនេះ ស្នាដៃ​របស់​លោកតា នូ លាត ទទួលបាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អតិថិជន ហើយ​ជនបរទេស​ជាច្រើន បានមក​ជាវ​ឧបករណ៍​ពី​កន្លែង​របស់លោក​។ លោកតា នូ លាត ក៏បាន​រម្លឹក​ដែរ ក្រៅពី​ជំនាញ​ដែក និង​ឈើ លោក​ក៏​ចេះ​ធ្វើ​ខ្លែងឯក និង​កាំ​ភ្លើងព្រៃ​ផងដែរ​។ នៅ​សម័យ ប៉ុល ពត លោកតា​ត្រូវគេ​ចាត់តាំង​ឲ្យ​ធ្វើ​កាំ​ភ្លើងព្រៃ​សម្រាប់​ការប្រើប្រាស់​របស់​ឈ្លប​។​

​ទោះជា​មាន​អាយុ​ចាស់​ទៅហើយ​ក៏ពិតមែន តែ​លោកតា នូ លាត មិន​គិតថា​នឹង​បោះបង់​អាជីព​ជាជាង​ដែក​នោះទេ​។ លោកតា​អះអាងថា លោក​នឹង​បន្ត​អាជីព​នេះ​រហូតដល់​ថ្ងៃ​ចុងក្រោយ​របស់លោក​៕


Tag:
 ​នូ លាត​
  អ្នកស្រុក​អង្គរ​
  អង្គរ​សង្ក្រាន្ត​
© រក្សាសិទ្ធិដោយ thmeythmey.com