អន្តរជាតិ
ករណី​សាកសព​បងប្រុស​លោក​គីម​ជុង​អ៊ុន​៖ ម៉ាឡេស៊ី ទទូច​ឲ្យ​កូរ៉េខាងជើង​គោរព​ច្បាប់​ខ្លួន​ផង
19, Feb 2017 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​មេ​ប៉ូលិស​ម៉ាឡេស៊ី បាន​ប្រតិកម្ម​ខ្លាំងៗ​ទៅនឹង​កូរ៉េខាងជើង​រឿង​ការទាមទារ​សាកសពរ​បស់បង​ប្រុស​លោក​ប្រ​ធានា​ធីប​តី​គីម ជុង​អ៊ុន​។ ម៉ាឡេស៊ី បាន​ព្រមាន​កូរ៉េខាងជើង​ឲ្យ​គោរព​តាមច្បាប់ និង​បទបញ្ជា​របស់​ប្រទេស​ខ្លួន​ផង​។



« យើង មានច្បាប់​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី​។ ហើយ​អ្នក​គ្រប់គ្នា ត្រូវតែ​គោរព និង​ធ្វើតាម​ច្បាប់ និង​បទបញ្ជា​របស់​យើង ... ហើយ​នោះ ក៏​រាប់បញ្ចូល​ទាំង​កូរ៉េខាងជើង​ផងដែរ​។​» នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​មេ​ប៉ូលិស​ម៉ាឡេស៊ី លោក​ឧ​ត្ត​ម​សេនីយ៍ Khalid Abu Bakar ជាមួយនឹង​សារព័ត៌មាន Channel News Asia ប្រតិកម្ម​ទៅនឹង​ជំហរ​របស់​កូរ៉េខាងជើង​។

​នៅ​ថ្ងៃទី​១៧ កុម្ភៈ កន្លងទៅ អគ្គរដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​កូ​ឡា​ឡាំ​ពួរ Kang Chol បាន​ចោទ​ម៉ាឡេស៊ី​ថា​បិទបាំង​រឿង​មួយចំនួន ពីក្រោយ​នៃ​ការមិន​ព្រម​ប្រគល់​សាកសពរ​បស់បង​ប្រុង​លោក គីម ជុង​អ៊ុន​ទៅ​ឲ្យ​ស្ថានទូត​កូរ៉េខាងជើង​។ «​យើង ពិតជា​មិន​ពេញចិត្ត​ចំពោះ​ឥរិយាបថ​ម៉ាឡេស៊ី ...​ហើយ យើង នឹង​យក​រឿងនេះ​ទៅកាន់​តុលាការអន្តរជាតិ​»​។ នេះ​គឺជា​ការអះអាង​របស់​អគ្គ​រដ្ឋទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី​។

​សូម​រម្លឹក​បន្តិច​ថា លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ បើតាម​ការអះអាង​រប​ស់​ប៉ូលិស​ម៉ាឡេស៊ី ម៉ាឡេស៊ី នឹង​ប្រគល់​សាកសព​ឲ្យ​ប្រសិន សាច់​ញាត មក​បញ្ជាក់ និង​ផ្ទៀងផ្ទាត់ អត្តសញ្ញាណ និង DNA ជាមួយនឹង​សព​ជាមុនសិន​។

​មកទល់ពេលនេះ ប៉ូលិស​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ដោយ​យោងតាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ដាក់​នៅ​កន្លែងកើតហេតុ​។ ជនសង្ស័យ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​មាន​ស្ត្រី​ពីររូប និង​បុរស​មួយរូប ដែល​ក្នុងនោះ មាន​ស្ត្រី​ម្នាក់ មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន វៀតណាម និង​ស្ត្រី​ម្នាក់ទៀត មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន​ឥណ្ឌូណេស៊ី​។ រីឯ​បុរស​ដែលជា​ជនសង្ស័យ​ដែល​ប៉ូលិស​ទើបតែ​ចាប់ខ្លួនបាន​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ កុម្ភៈ ដែលជា​មិត្ត​ប្រុស​របស់​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​នោះ មាន​សញ្ជាតិ​ម៉ាឡេស៊ី​៕


Tag:
 ម៉ាឡេស៊ី​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com