អន្តរជាតិ
ចិន ប្រាប់​កូរ៉េខាងត្បូង​រឿង​ដំឡើង​THAAD៖ កុំ គិតតែ​ផលប្រយោជន៍​សន្តិសុខ​ខ្លួន គិតដល់​គេ​ខ្លះ​ផង
19, Feb 2017 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋាភិបាល​ក្រុង​ប៉េកាំង បានទទួល​ស្គា​ល់ពី​តម្រូវការ​ការបង្កើន​ស​ន្តិ​សុខ​របស់​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​ដើម្បី​ការពារ​ពី​ការ​គំរាម​ខាងក្រៅ​។ ក៏ប៉ុន្តែ​ក្រុង​ប៉េកាំង ក៏បាន​ទទូច​ឲ្យ​ក្រុង​សេ​អ៊ូ​ល គិតគូរ​ពី​សុវត្ថិភាព​របស់​ប្រទេស​ដ៏​ទៃ​ផង ដោយ មិនត្រូវ​មើល​តែ​ពី​ផលប្រយោជន៍​របស់​ប្រទេស​ខ្លួន​ប៉ុណ្ណោះ​នោះទេ​។ ក្រុង​ប៉េកាំង សំដៅលើ​ការដំឡើង​ប្រព័ន្ធ​ការ​មី​ស៊ី​ល​នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​។



«​ការ​រឹតបន្តឹង​សន្តិសុខ​របស់​ប្រទេសមួយ មិនគួរ​ធ្វើឡើង​ដោយ​ឈរលើ​មូលដ្ឋាន​នៃ​ការគំរាមកំហែង​សន្តិសុខ​ប្រទេស​ដទៃ​ឡើយ​។ ហើយ ចិន បាន​យល់ដឹង​ពី​តម្រូវការ​របស់​កូរ៉េខាងត្បូង​ក្នុងការ​ការពារ​សន្តិសុខ​ខ្លួន តែ​ក្នុងពេល​ជាមួយគ្នា​នោះ កូរ៉េខាងត្បូង គួរតែ​គោរព​ពី​ជំហរ​ដ៏​សម​ហេតុផល​របស់​ចិន​ដែរ​»​។ នេះ​គឺជា​សេចក្តីថ្លែងការណ៍​របស់​រដ្ឋមន្ត្រីការបរទេស​ចិន ថ្លែង​ទៅកាន់​រដ្ឋមន្ត្រីការបរទេស​កូរ៉េខាងត្បូង​នៅក្នុង​ជំនួប​ក្រៅ​កិច្ចប្រជុំ​សន្និសីទ​សន្តិសុខ Munich ដែល​បាន​ចុះផ្សាយ​នៅ​ក្រសួង​ការ​ទេស​ចិន​នៅ​ថ្ងៃទី​១៩ កុម្ភៈ​នេះ​។

​ជាមួយនឹង​ជំហរ​មិន​ប្រែប្រួល នា​ជំនួប​នោះដែរ ប្រមុខ​ការទូត​ចិន លោក វ៉ាង យី​ង ក៏បាន​ប្រាប់​ប្រមុខ​ការទូត​កូរ៉េខាងត្បូង លោក Yun Byung-se ចិន ជំទាស់​ដាច់ខាត​ចំពោះ​ផែនការ​នៃ​ដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល THAAD របស់​សហ​អាមេរិក នៅក្នុង​ទឹកដី​កូរ៉េខាងត្បូង​។

​សម្រាប​ផងដែរ​ថា នៅ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំមុន រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន និង​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល បាន​ព្រមព្រៀង​ជា​ផ្លូវការ​ក្នុង​ការដំឡើង​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​របស់​អាមេរិក​នៅក្នុង​ទីក​ដី​កូរ៉េខាងត្បូង​។ ការសម្រេច​ដំឡើង​ប្រព័ន្ធ​ការពារ​ធុន​ធ្ងន់​នេះ ធ្វើឡើង​ក្រោម​ហេតុផល​ដើម្បី​រក្សា​សុវត្ថិភាព និង​សន្តិសុខ​ពី​ការវាយប្រហារ​ពី​កូរ៉េខាងជើង ដ្បិត ក្រុង​ព្យុងយ៉ាង តែងតែ​បាញ់​សាកល្បង​អាវុធ​នុយក្លេអ៊ែរ និង​សព្វាវុធ​ទំនើបៗ ដែល​កូរ៉េខាងត្បូង ធា្ល​ប់​អះអាងថា ខ្លួន​គ្មាន​សមត្ថភាព​ដើម្បី​តបត​វិញ​ឡើយ ប្រសិន គ្មាន​ជំនួយ​ពី​អាមេរិក​នោះ​។​

​កន្លងមក ចិន តែងតែ​ចេញ​ថ្លែងការណ៍​ជំទាស់​ដាច់ខាត​ចំពោះ​ផែនការ ដ្បិត ចិន យល់ឃើញថា ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​នេះ នឹងមាន​សមត្ថភាព​ចាប់បាន​រូបភាព ឬ​សកម្មភាព​នៅក្នុង​តំបន់​មួយចំនួន​របស់​ចិន ពោលគឺ ប្រព័ន្ធ​ការពារជាតិ​មី​ស៊ី​ល នឹង​រំលោភ​លើ​ប្រយោជន៍​សន្តិសុខ​របស់​ចិន​។

​យ៉ាងណាក៏ដោយ រដ្ឋមន្ត្រី​ការពារជាតិ​អាមេរិក លោក James Mattis បានបញ្ជាក់​ចុងក្រោយ​ទៀតថា ប្រព័ន្ធ​ការពារ​នោះ មិន​ដាក់​គោលដៅ​ទៅលើ​ប្រទេស​ដទៃ​ឡើយ ពោលគឺ ដើម្បី​តែ​ការពារ​ពី​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​ខាង​ប៉ុណ្ណោះ​។

«​ខែល​ការពារ​មី​ស៊ី​ល THAAD គឺ​សម្រាប់តែ​ការពារ​ប្រជាជន​នៃ​សម្ព័ន្ធមិត្ត​របស់​យើង និង​ទាហាន​របស់​យើង ដែល​បាន​ប្តេជ្ញាចិត្ត​ចំពោះ​កិច្ចការ​ការពារ​របស់​ពួកគេ ហើយ​ប្រសិនបើ​កូរ៉េខាងជើង មិន​បង្ហាញ​ពី​ឥរិយាបថ​បង្ករឿង​នោះទេ យើង ក៏​មិន​ដំឡើង​ខែល​ការពារ​មី​ស៊ី​ល​នៅ​ទីនោះ​ផងដែរ​»​។ នេះ គឺជា​សេចក្តីថ្លែងការណ៍​របស់​លោក​រដ្ឋមន្ត្រី​ការពារជាតិ James Mattis ទៅកាន់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​២ កុម្ភៈ​។

​លោក​រដ្ឋមន្ត្រី​ការពារជាតិ ក៏បាន​សង្កត់ធ្ងន់​ទៀតថា ប្រទេស​ដទៃ​ផ្សេងទៀត មិនចាំបាច់​ព្រួយបារម្ភ​អំពី​ខែល​ការពារ​មី​ស៊ី​ល​នេះឡើយ ដ្បិត​ខែល​នោះ បំពាក់​ឡើង​ដើម្បី​ឆ្លើយតប​ទៅនឹង​សកម្មភាព​កូរ៉េខាងជើង​ប៉ុណ្ណោះ​៕


Tag:
 ចិន​
  កូរ៉េខាងត្បូង
© រក្សាសិទ្ធិដោយ thmeythmey.com