ជាតិ
សេដ្ឋកិច្ច
ពន្ធដារ ពិន័យបានប្រាក់ជិត៩០ម៉ឺនដុល្លារ ពីយានយន្តដឹកជញ្ជូនដែលមិនទាន់បង់ពន្ធប្រចាំឆ្នាំ២០១៦ រូបភាពពីហ្វេសប៊ុកអគ្គនាយកដ្ឋានពន្ធដារ
× អគ្គនាយកដ្ឋានពន្ធដារទទួលបានប្រាក់ពន្ធ និងពិន័យពីយានយន្តដែលមិនទាន់បានបង់ពន្ធប្រចាំឆ្នាំ២០១៦ ជិត៩០ម៉ឺនដុល្លារអាមេរិក ក្នុងរយៈពេល១ខែ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធ ប្រាក់ពិន័យទាំងនោះ គឺទទួលបានពីយានយន្តដឹកជញ្ជូនជាង៤ពាន់គ្រឿង ដែលអគ្គនាយកដ្ឋានពន្ធដារ និងកម្លាំងសមត្ថកិច្ច រកឃើញថាមិនបានបង់ពន្ធតាមកាលកំណត់។
ចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧មក កម្លាំងសមត្ថកិច្ចចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចុះត្រួតពិនិត្យ ដំណើរការប្រមូលពន្ធលើមធ្យោបាយដឹកជញ្ជូនប្រចាំឆ្នាំ២០១៦ ។
បើតាមសេចក្តីប្រកាសព័ត៌មានរបស់អគ្គនាយកដ្ឋានពន្ធដារ ចេញផ្សាយនៅថ្ងៃទី១៦ ខែកុម្ភៈ រយៈពេល១ខែមួយនេះ អគ្គនាយកដ្ឋានពន្ធដារ បានរកឃើញរថយន្តដឹកជញ្ជូន ចំនួន៤,១១៨គ្រឿង មិនបានមកប្រកាសបង់ពន្ធបានទាន់ពេលវេលា ស្របតាមការកំណត់ដោយច្បាប់។ រថយន្តដែលល្មើសទាំងនោះ តម្រូវឲ្យបង់ប្រាក់ពន្ធ និងប្រាក់ពិន័យនៅនឹងកន្លែង។ នេះបើតាមអគ្គនាយកដ្ឋានពន្ធដារ ដែលបន្តថា ប្រាក់ពន្ធ និងប្រាក់ពិន័យ ពីរថយន្តទាំងនោះ ចំនួន៣,៦៥៩ លានរៀល សមមូលនឹង ៨៩២,៤០២.៥ដុល្លារ។
តាមសេចក្តីប្រកាសព័ត៌មានដដែល ក្រុមការងារចម្រុះនៃអគ្គនាយកដ្ឋានពន្ធដារ នៅតែបន្តយុទ្ធនាការចុះត្រួតពិនិត្យនេះបន្តទៀត ដើម្បីឲ្យច្បាស់ថាយានយន្តទាំងអស់បានបំពេញកាតព្វកិច្ចបង់ពន្ធដោយស្មើភាពគ្នា តាមការកំណត់ដោយច្បាប់៕
Tag:
ពន្ធដារ
ពិន័យ
យានយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com