កីឡាជាតិ
ជាតិ
​ខ្សែប្រយុទ្ធ Atuheire Kipson រកបាន​៤​គ្រាប់​ម្នាក់​ឯងដើម្បី​ជួយ​ណាហ្គា​វើ​ល​លត់​អគ្គិសនី​កម្ពុជា ៤-១
19, Feb 2017 , 10:31 pm        
រូបភាព
ដោយ:
​ខ្សែប្រយុទ្ធ Atuheire Kipson រកបាន​៤​គ្រាប់​ម្នាក់ឯង​ដើម្បី​ជួយ​ណាហ្គា​វើ​ល​លត់​ក្រុម​ទើប​ឡើង​ពី​ក្របខណ្ឌ​លី​ក​លំដាប់​ទី​២​អគ្គិសនី​កម្ពុជា ៤-១ ក្នុង​ថ្ងៃ​បើកឆាក​ពានរង្វាន់​ក្របខណ្ឌ​មិត្ត​ហ្វូ​ន​ខេ​ម​បូ​ឌា​ន​លី​ក​ប្រចាំឆ្នាំ​២០១៧​។ រីឯ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បាន​ត្រឹម​ស្មើ ១-១ ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​នៅលើ​ទឹកដី​សៀមរាប​។​



​ការប្រកួត​បាល់ទាត់​ដណ្តើមពាន​រង្វាន់​ក្របខណ្ឌ​លី​ក​កំពូល​កម្ពុជា​កាលពី​ថ្ងៃទី​១៨ ខែកុម្ភៈ កីឡាករ ផាន់​នី អ៊ី​រដ្ឋា បា​នរក​គ្រាប់​បាល់​នាំមុខ ១-០ ឲ្យ​ក្រុម​អគ្គិសនី​កម្ពុជា​នៅ​នាទី​១១​។ ក្រោយមក​ខ្សែប្រយុទ្ធ Atuheire Kipson បា​នរក​គ្រាប់​បាល់​តាម​ស្មើ ១-១ សម្រាប់​ក្រុម​ណាហ្គា​វើ​ល​នៅ​នាទី​១៤ មុន​ចប់​វគ្គ​ទី​១​។

​នៅ​នាទី​៦៦​វគ្គ​ទី​២​ខ្សែប្រយុទ្ធ Atuheire Kipson បា​នរក​គ្រាប់​បាល់​នាំ ២-១ សម្រាប់​ក្រុម​ណាហ្គា​វើ​ល​។ ក្រោយមក​ខ្សែប្រយុទ្ធ​វ័យ​២៦​ឆ្នាំ​រូបនេះ បានសម្រេច​គ្រាប់​ទី​៣​បន្ថែម​នៅ​នាទី​៦៨ មុន​រកបាន​គ្រាប់​ទី​៤​ដែលជា​គ្រាប់​ជ័យជម្នះ ៤-១ លើ​ក្រុម​អគ្គិសនី​នៅ​នាទី​៨២​។ ៤​គ្រាប់​នៅលើ​ទឹកដី​ខេត្តស្វាយរៀង​របស់​ខ្សែប្រយុទ្ធ​មកពី Uganda រូបនេះ​បាន​ជួយ​ឲ្យ​ក្រុម​ណាហ្គា​វើ​ល​ទទួលបាន​៣​ពិន្ទុ​ក្នុងជំនួប​ថ្ងៃ​ដំបូង​នៃ​រដូវ​កាល​ថ្មី​។

​ដោយឡែក​ការប្រកួត​នៅ​កីឡដ្ឋាន​ខេត្តសៀមរាប​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ​បាន​ចែកគ្នា​១​ពិន្ទុ​ជាមួយ​ក្រុម​មជ្ឈមណ្ឌល​កំចាត់មីន​ក​ម្ពុ​ជា​(​ស៊ីម៉ាក់​) ក្រោយ​ចប់​ការប្រកួត​ក្រុម​ទាំងពីរ​រក្សា​លទ្ធផល​ស្មើ ១-១​។ កីឡាករ Okereke Timothy បានសម្រេច​គ្រាប់​ឲ្យ​ក្រុម​ខេ​ម​បូ​ឌា​ន​ថា​យ​ហ្គឺ​រ ខណៈ​កីឡាករ Michael Tutu ជា​អ្នករក​គ្រាប់​បាល់​ឲ្យ​ក្រុម​ស៊ីម៉ាក់​៕


Tag:
 Cambodian League 2017
  ណាហ្គា​វើ​ល​
  អគ្គិសនី​កម្ពុជា
© រក្សាសិទ្ធិដោយ thmeythmey.com