អន្តរជាតិ
កាមេរ៉ា​សុវត្ថិភាព​៖ មាន​ស្ត្រី​ម្នាក់​ហក់​ទៅ​ខ្ទប់​មុខ​បងប្រុស​លោក​គីម ជុង​អ៊ុន មុនពេល​លោក​ស្លាប់
20, Feb 2017 , 10:43 am        
រូបភាព
លោក គីម ជុងណាំ (ប្រភពរូបភាព៖ The National Post)
លោក គីម ជុងណាំ (ប្រភពរូបភាព៖ The National Post)
ដោយ: ថ្មីៗ
​អង្គហេតុ​នៃ​ការស្លាប់​របស់​បងប្រុស​ប្រធានាធិបតី​កូរ៉េខាងជើង​លោក គីម ជុង​អ៊ុន កាន់តែ​ត្រូវបាន​លាតត្រដាង​កាន់តែច្បាស់​ហើយ​។ បន្ទាប់ពី​ឈានដល់​ការចាប់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​ហើយ​នោះ កាមេរ៉ា​សុវត្ថិភាព បានបង្ហាញ​ពី​សកម្មភាព​មុន​នៃ​ការស្លាប់​របស់លោក គីម ជុង​ណាំ ដែល​កូរ៉េខាងត្បូង​អះអាងថា​ជា​បងប្រុស​របស់លោក​គីម ជុង​អ៊ុន​នោះ​។ នោះ​គឺ លោក ត្រូវបាន​ស្ត្រីជន​សង្ស័យ​ឆ្មក់​ពីក្រោយ ហើយ​យកសារ​ធាតុគីមី​ខ្ទប់​មុខ​លោក មុនពេល​លោក​ស្លាប់​។



​តាមរយៈ​វីដេអូ​ខ្លី​ជាង​មួយ​នាទី​ដែល​ដក​ចេញពី​កាមេរ៉ា​សុវត្ថិភាព​របស់ CCTV មាន​ស្ត្រី​ម្នាក់ ដែលមាន​សម្លៀកបំពាក់​ពណ៌​ស បាន​យកដៃ​ទៅ​ខ្ទប់​មុខ​លោក គីម ជុង​ណាំ​ពីក្រោយ ហើយ ក៏បាន​ដើរ​ចេញទៅ​បាត់​។ តាមរយៈ​វីដេអូ​នោះ ក៏បាន​បង្ហាញ​ឲ្យ​ឃើញ​ដែលថា លោក គីម ជុង​ណាំ ក៏បាន​ព្យាយាម​ឲ្យ​បុគ្គលិក​ព្រលានយន្តហោះ​ជួយ​លោក ជាមួយ​កាយវិការ​ថា​លោក ត្រូវបាន​គេ​លាបមុខ​ជាមួយនឹង​សារធាតុ​គីមី​។

​ហើយ​បើតាម​ការអះអាង​របស់​ប៉ូលិស​ម៉ាឡេស៊ី លោក គីម ជុង​ណាំ បាន​ប្រាប់​អ្នកផ្តល់​សេវាកម្ម​នៅ​ព្រលានយន្តហោះ​ថា មាន​ស្ត្រី​ពីរ​នាក់ បាន​ខ្ទប់​មុខ​លោក​ជាមួយនឹង​សារធាតុ​អ្វី​ម្យ៉ាង​។ នេះ​បើ​យោងតាម​ការចុះផ្សាយ​រប​ស់​សារព័ត៌មាន Channel News Asia​។

​សូម​រម្លឹក​បន្តិច​ថា លោក គីម ជុង​ណាំ ដែលមាន​ម្តាយ​ផ្សេងគ្នា​ពី​លោក​ប្រធានាធិបតី​គីម ជុង​អ៊ុន ត្រូវបាន​សម្លាប់​នៅ​ព្រលានយន្តហោះ​កូ​ឡា​ឡាំ​ពួ​នៃ​ប្រទេស​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ លោក បាន​ស្លាប់​នៅតាម​ផ្លូវ ខណៈ​មន្ត្រី​ព្រលានយន្តហោះ បញ្ជូន​លោក​ទៅកាន់​សង្គ្រោះបន្ទាន់ បន្ទាប់ពី មាន​ហេតុការណ៍ បានកើត​ឡើង​នៅ​ព្រលានយន្តហោះ​។

​មកទល់ពេលនេះ ប៉ូលិស​ម៉ាឡេស៊ី បាន​ចាប់ខ្លួន​ជនសង្ស័យ​បីនាក់ ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ ដោយ​យោងតាម​កាមេរ៉ា​សុវត្ថិភាព​ដែល​ដាក់​នៅ​កន្លែងកើតហេតុ​។ ជនសង្ស័យ​ដែល​ប៉ូលិស​បាន​ចាប់ខ្លួន​មាន​ស្ត្រី​ពីររូប និង​បុរស​មួយរូប ដែល​ក្នុងនោះ មាន​ស្ត្រី​ម្នាក់ មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន វៀតណាម និង​ស្ត្រី​ម្នាក់ទៀត មានភ្ជាប់​ជាមួយនឹង​លិខិតឆ្លងដែន​ឥណ្ឌូណេស៊ី​។ រីឯ​បុរស​ដែលជា​ជនសង្ស័យ​ដែល​ប៉ូលិស​ទើបតែ​ចាប់ខ្លួនបាន​ចុងក្រោយ​នៅ​ថ្ងៃទី​១៦ កុម្ភៈ ដែលជា​មិត្ត​ប្រុស​របស់​ស្ត្រី​ជនជាតិ​ឥណ្ឌូណេស៊ី​នោះ មាន​សញ្ជាតិ​ម៉ាឡេស៊ី​។​

​មិនទាន់​មានសាច់ញាតិ​ណាមួយ មក​បញ្ជាក់​អត្តសញ្ញាណ​ដើម្បី​ទទួលយក​សាកសព​នៅឡើយ​នោះទេ បើទោះបីជា ស្ថានទូត​កូរ៉េខាងជើង​ប្រចាំ​ម៉ាឡេស៊ី បានស្នើ​យក​សាកសព​ក៏ដោយ​។ តាម​ប៉ូលិស​ម៉ាឡេស៊ី ម៉ាឡេស៊ី នឹង​ប្រគល់​សាកសព​នោះ​ឲ្យ ប្រសិនបើ សាច់ញាតិ​ពាក់ព័ន្ធ ផ្ទៀងផ្ទាត់​ពី DNA ដូចគ្នា​ហើយ​នោះ​៕

Tag:
 កូរ៉េខាងជើង​
  ម៉ាឡេស៊ី
© រក្សាសិទ្ធិដោយ thmeythmey.com